សុខភាព
សូមប្រយ័ត្នជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កកំណើតខុសប្រក្រតី
ជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) គឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)។ កោសិកាទាំងនេះ គឺជាប្រភេទមួយនៃកោសិកាឈាមស។ ជាធម្មតាពួកវាគឺជាអ្នកផលិតអង់ទីករ (Immunoglobulin) ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ក្នុងករណីជំងឺមហារីកឈាមក្នុងឆ្អឹង (Multiple Myeloma) នេះ ពពួកកោសិកា cancerous plasma cells ទាំងនេះកើតកូនចៅយ៉ាងឆាប់រហ័សនៅក្នុងខួរឆ្អឹង និងលុកលុយស្រទាប់ឆ្អឹង ដែលបណ្តាលឲ្យមានរោគសញ្ញាដូចជា៖
– ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់
– កើនឡើងខុសប្រក្រតីនៃបរិមាណ immunoglobulins នៅក្នុងឈាម អាចបណ្តាលអោយឈាមអ្នកជំងឺ ក្លាយទៅជាខាប់ស្អិត និងងាយមានកំណកក្នុងសសៃឈាម។
– កម្រិតនៃអង់ទីករល្អៗផ្សេងទៀតបានធ្លាក់ចុះធ្វើឱ្យអ្នកជំងឺងាយកើតរោគឆ្លងផ្សេងៗ ដូចជារលាកសួត រលាកប្លោកនោមជាដើម ។ល។
– កម្រិតកាល់ស្យូមក្នុងឈាមកើនខ្ពស់ដែលអាចនាំឱ្យខ្សោះជាតិទឹក ទល់លាមក ចង្អោរ និងក្អួត បាត់បង់ចំណង់អាហារ និងវង្វេងស្មារតី
– ស្លេកស្លាំង អស់កម្លាំងគួរឱ្យកត់សម្គាល់ ដោយសារខ្វះគ្រាប់ឈាមក្រហម
– ងាយមានស្នាមជាំក្រហមលើស្បែក ដោយសារកោសិកាឈាមផ្លាកែតធ្លាក់ចុះខ្លាំង
– ខ្សោយមុខងារតម្រងនោម ។ល។
ជំងឺមហារីកឈាមក្នុងឆ្អឹងប្រភេទនេះ អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង។
ក) កត្តាហានិភ័យដែលអាចឲ្យកើតជំងឺនេះ រួមមានការប៉ះពាល់ទៅនឹង៖
– ឧស្ម័នបង់ហ្សែន
– ថ្នាំសម្លាប់សត្វល្អិត ។ល។
ខ) ការធ្វើរោគវិនិច្ឆ័យ៖
គ្រូពេទ្យឯកទេសជំងឺឈាមរបស់លោកអ្នកនឹងបញ្ជាឱ្យ៖
១) ធ្វើតេស្តឈាមដើម្បីរកមើល៖

– ខ្វះឈាមក្រហម
– កម្រិតខ្ពស់នៃប្រូតេអ៊ីន
– បរិមាណ immunoglobulin ក្នុងឈាម
– វាស់មុខងារតម្រងនោម ។ល។
២) ធ្វើតេស្តទឹកនោមដើម្បីរកជាតិប្រូតេអ៊ីន (Bence Jones Proteines)
៣) ថតកាំរស្មី X នៃឆ្អឹងលលាដ៍ក្បាល ឆ្អឹងទ្រូង ឆ្អឹងដៃ ឆ្អឹងកំភ្លៅ និងឆ្អឹងត្រគៀក ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងពិនិត្យរកមើលសញ្ញាស៊ីឆ្អឹង ឆ្អឹងស្ពោត ឬ ឆ្អឹងបាក់ ។ល។
៤) វិភាគខួរឆ្អឹងដោយប្រើមីក្រូទស្សន៍ និង Flowcytometry ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងពីកម្រិតខ្ពស់ខុសប្រក្រតីនៃកោសិកា cancerous plasma cells។

គ) ចំណាត់ថ្នាក់នៃជំងឺ៖ ជំងឺមហារីកឈាមក្នុងឆ្អឹង ចែកជា ៣ដំណាក់កាល៖
– ដំណាក់កាលទី១ : កោសិកាមហារីកតិចតួចប៉ុណ្ណោះ ដែលបានរីករាលដាលក្នុងរាងកាយអ្នកជំងឺ ដូចនេះវាមិនទាន់មានរោគសញ្ញានៃជំងឺនោះទេ។
– ដំណាក់កាលទី ២ : ចំនួនមធ្យមនៃកោសិកាមហារីកបានរីករាលដាលក្នុងរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺអាចមានរោគសញ្ញាខ្លះៗរួមមាន ឈឺឆ្អឹងតិចតួច អស់កម្លាំងម្ដងម្កាល។
– ដំណាក់កាលទី៣ : មួយចំនួនធំនៃកោសិកាមហារីកបានរីករាលដាលពេញរាងកាយ។ នៅដំណាក់កាលនេះ អ្នកជំងឺមានរោគសញ្ញាច្រើនរួមគ្នាដូចជា ឈឺឆ្អឹងឆ្អែង ស្លេកស្លាំង អស់កម្លាំង កម្រិតខ្ពស់នៃប្រូតេអ៊ីន និងកាល់ស្យូមនៅក្នុងឈាម និងអាចមានខ្សោយតម្រងនោម ។ល។

ឃ) វិធីសាស្ត្រនៃការព្យាបាលជំងឺមហារីកនៅក្នុងឆ្អឹងរួមមានការបញ្ចូលគ្នារវាង៖
– ការព្យាបាលដោយឱសថទំនើបៗ រួមបញ្ចូលគ្នាដើម្បីសម្លាប់កោសិកាមហារីក (cancerous plasma cells) ដែលស្ថិតក្នុងដំណាក់កាលទី២ និងទី៣។
– ការព្យាបាលដោយប្តូរខួរឆ្អឹងផលិតឈាមថ្មី (Stem Cell Transplantation) សម្រាប់រាល់ករណីមហារីកឈាមក្នុងឆ្អឹង ដែលវិវត្តន៍លឿន និងស្ថិតក្នុងដំណាក់កាលធ្ងន់។ ការព្យាបាលទំនើបមួយនេះនាំមកនូវប្រសិទ្ធិភាពខ្ពស់ និងកំពុងពេញនិយមបំផុតនៅប្រទេសជឿនលឿន។
– ការចាក់ថ្នាំ Bisphosphonates តាមសរសៃឈាមវ៉ែនម្តងក្នុងមួយខែ ដើម្បីកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង និងពន្យាការរស់រានមានជីវិត។
– ការចាក់ថ្នាំ Immunoglobulins ចូលទៅក្នុងសរសៃឈាមវ៉ែនដើម្បីការពារការឆ្លងមេរោគធ្ងន់ធ្ងរ។
– ការព្យាបាលដោយដាស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយឲ្យសម្លាប់កោសិកាមហារីក។
– ការព្យាបាលបំបាត់ការឈឺចាប់ក្នុងឆ្អឹងដោយថ្នាំ Morphine ឬ កាំរស្មីវិទ្យុសកម្ម ។ល។
ង) ការព្យាករណ៍:
ករណីភាគច្រើន ជំងឺនេះវិវត្តន៍យឺតៗពី២ទៅ៥ឆ្នាំ បន្ទាប់មកវាមានរោគសញ្ញាកាន់តែអាក្រក់ឡើងៗយ៉ាងឆាប់រហ័ស ប្រសិនមិនមានការព្យាបាល។
ប្រហែលមួយភាគបីនៃអ្នកជំងឺមហារីកឈាមប្រភេទនេះ រស់នៅបានលើសពី៥ឆ្នាំ ប្រសិនទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួន។
អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលដំបូងៗ ហើយទទួលការព្យាបាលបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប គឺអាចរស់នៅបានយូរជាងនេះ។បើមានករណីលាប់ឡើងវិញនៃជំងឺនេះ ក៏នៅមានថ្នាំ និងវិធីព្យាបាលបន្តទៀតដែរ។

បើលោកអ្នកមានឈឺឆ្អឹងរ៉ាំរ៉ៃ ឬឆ្អឹងស្ពោត ឬឆ្អឹងផុយងាយបាក់ គួរគិតដល់ជំងឺដ៏កាចសាហាវនេះ ហើយគួរប្រញាប់ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគឲ្យប្រាកដថា ការឈឺឆ្អឹងរបស់លោកអ្នកមានទាក់ទងនឹងមហារីកឈាមប្រភេទនេះ រឺអត់ និងដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល