សុខភាព
កុំទុកជំងឺដំបៅក្រពះជាការលេងសើច បើសិនបើមិនការពារទេ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន
ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើឲ្យបាត់បង់អាយុជីវិត។ ការស្វែងយល់ពីជំងឺនេះ អាចជួយឲ្យយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ ។

ក) មូលហេតុចំបង ២ ដែលអាចឲ្យមានដំបៅក្រពះ៖
១) មេរោគក្រពះ (មេរោគ Helicobater Pylori):
មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារ ដែលមានមេរោគនេះចូលទៅក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើឲ្យមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើឲ្យមានការរលាកក្រពះ ដែលយូរៗទៅធ្វើឲ្យមានជាដំបៅក្រពះ។ បើមិនមានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចបង្កឲ្យមានជំងឺមហារីកក្រពះ។

២) ថ្នាំឈឺសន្លាក់:
ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចអោយអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាចធ្វើឲ្យមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។
ខ) រោគសញ្ញា៖
ជាទូទៅជំងឺនេះស្តែងចេញនូវអាការៈដូចខាងក្រោមៈ
– ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
– ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
– ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
– អាចមានការក្អួតចង្អោរ
– មានអារម្មណ៍ថាពិបាកក្នុងការរំលាយអាហារ
អ្នកជំងឺអាចមានមេរោគសញ្ញា ឬគ្មានរោគសញ្ញា ជួនកាលអ្នកជំងឺអាចដឹងថាមានបញ្ហាដំបៅក្រពះ ដោយសារមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះ ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំណែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះ ថាជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។
ឃ) ផលវិបាកនៃជំងឺដំបៅក្រពះ មាន ២ ធំៗ៖
– ការហូរឈាមក្រពះ: ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោរបង់លាមកមានឈាមខ្មៅ, ស្លេកស្លាំង, វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមឲ្យបានត្រឹមត្រូវ។

– ការធ្លាយក្រពះ: អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង, អត់ផោម, អត់បន្ទោបង់, ពេលស្ទាបពោះមានសភាព រឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេ។
ង) វិធីព្យាបាល៖
– ជំងឺដំបៅក្រពះអាចព្យាបាលដោយប្រើថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះរយៈពេលពី ៦ ទៅ ៨ សប្តាហ៏។
– បើមានមេរោគក្រពះ អ្នកជំងឺត្រូវបន្ថែមថ្នាំសម្លាប់មេរោគរយៈពេល១០ ទៅ ១៤ ថ្ងៃបន្ថែមទៀត។

– អ្នកជំងឺត្រូវបញ្ឈប់ការប្រើថ្នាំឈឺសន្លាក់ ឬថ្នាំបំបាត់ការឈឺចាប់ទាំងឡាយគ្មានវេជ្ជបញ្ជា និងគ្មានការតាមដានច្បាស់លាស់ ព្រោះអាចធ្វើឲ្យដំបៅក្រពះ មិនអាចជាសះស្បើយ នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។
– អនាម័យជាវិធីមួយដែលល្អក្នុងការព្យាបាល ឬបង្ការការឆ្លងមេរោគក្រពះ យើងគួរបរិភោគនូវអាហារដែលមានអនាម័យត្រឹមត្រូវ នឹងមានការលាងសំអាតដៃជាមួយសាប៊ូ មុននឹងបរិភោគអាហារ។

«ក្រុមការងារថែទាំព្យាបាលឯកទេសផ្នែកក្រពះ ថ្លើម និងពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សូមផ្តាំផ្ញើរជូនលោកលោកស្រី មេត្តាយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់លោកអ្នកជាប្រចាំដើម្បីចៀសវាងការថ្លោះធ្លោយជាយថាហេតុដែលបណ្តាលឲ្យសុខភាពអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ រស្មី
សូមចុចអាន៖ កុំគិតថាមិនអី! គ្រុនពោះវៀនអាចបណ្ដាលឲ្យបាត់បង់ជីវិត បើពុំមានការព្យាបាលត្រឹមត្រូវ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់