សុខភាព
ហេតុអ្វីបានជាកើតជំងឺកូនក្រៅស្បូន!
កូនក្រៅស្បូន គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ជាងគេ នៅចំពោះស្ត្រីលើសកលលោកក៏ដូចជានៅប្រទេសកម្ពុជាដែរ។ ជំងឺនេះកើតឡើងចំពោះស្ត្រី ដែលមានផ្ទៃពោះនៅត្រីមាសដំបូង ដែលគភ៌បង្កកំណើតនៅក្រៅស្បូន។

ភាគច្រើននៃជំងឺកូនក្រៅស្បូននេះ កើតឡើងនៅក្នុងដៃស្បូន (trompe de Fallope et tubaires)។ ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យនិងទទួលការព្យាបាលមិនទាន់ពេលនោះ ជំងឺនេះបង្កឲ្យមានការឈឺចាប់ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

១) មូលហេតុ
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
– ធ្លាប់មានធ្លាក់ស រ៉ាំរ៉ៃ
– ធ្លាប់មានជំងឺរលាកដៃស្បូន
– ធ្លាប់មានជំងឺកាមរោគ
– ធ្លាប់វះកាត់ដៃស្បូន
– មានដុំដៃស្បូន
– ជក់បារីច្រើន
– មានដៃគូរួមភេទច្រើន
– និងកត្តារួមផ្សំផ្សេងៗទៀត

២) រោគសញ្ញា
ជាទូទៅរោគសញ្ញានៃជំងឺនេះកើតឡើងចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង (ចន្លោះពី ៤ ទៅ ១០សប្ដាហ៍) ដូចជា:
– មានការឈឺចាប់នៅអាងត្រគាក (Douleur Pelvienne)
– មានការធ្លាក់ឈាមតាមទ្វារមាស (តិច ឬច្រើន ទៅតាមទីតាំងនៃគភ៌)
– អ្នកជំងឺមានសភាពស្លេកស្លាំង
– អស់កម្លាំង ល្ហិតល្ហៃ វិលមុខ
– ចុកពោះ ក្អួតចង្អោរ

៣) រោគវិនិច្ឆ័យ
យើងអាចដឹងពីជំងឺនេះ តាមរយៈការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យដូចខាងក្រោមៈ
– សម្ពាធឈាមចុះខ្លាំង
– ជីពចរដើរញាប់ខុសធម្មតា
– សីតុណ្ហភាព ក្នុងខ្លួនថយចុះជាងធម្មតា
– ការពិនិត្យទឹកនោមរកមើលសញ្ញាមានគភ៌ (Test de Grossesse Urinaire)
– ការធ្វើតេស្តឈាម (Béta HCG et NFS Groupage)
– មានការឈឺចាប់ខ្លាំង ពេលស្ទាបលើអាងត្រគាក និងពិនិត្យទ្វារមាស
– ការពិនិត្យអេកូសាស្ត្រៈ
● ពុំមានអំប្រ៊ីយ៉ុងក្នុងស្បូន
● មានឃើញចង្វាក់បេះដូងទារកនៅនឹងដៃស្បូន (អាចឆ្វេង ឬស្តាំ)
● មានដក់ឈាមនៅក្នុងពោះ តិចឬច្រើន ទៅតាមសភាពជំងឺ

៤) ការព្យាបាល
វិធីព្យាបាលនៃជំងឺនេះមាន ២ប្រភេទ
ក. ការព្យាបាលដោយថ្នាំ ក្នុងករណីអ្នកជំងឺមកពិគ្រោះទាន់ពេលវេលា និងគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ (Diagnostic précoce) ដឹងថាអ្នកជំងឺមានកូនក្រៅស្បូនក្នុងកំឡុងពេល ៤សប្តាហ៍នៃគភ៌។
ខ. ការព្យាបាលដោយវះកាត់ មាន ២របៀបៈ
– ការវះកាត់ដោយប្រើឧបករណ៍ចោះ (Coelio-chirurgie): វិធីនេះធ្វើឡើងចំពោះ
● អ្នកជំងឺមកទាន់ពេលវេលា និងមានសភាពធម្មតា
● ដុំឈាមកូនក្រៅស្បូនមិនទាន់បែក ឬបែកដែលមានហូរឈាមតិចតួច
● មានដក់ឈាមតិចតួចនៅក្នុងអាងត្រគាក
ការវះកាត់ដោយប្រើឧបករណ៍ចោះនេះ អ្នកជំងឺពុំមានការឈឺចាប់ខ្លាំង ស្នាមវះកាត់តូច សម្រាកពេទ្យរយៈពេលខ្លី ឆាប់បានត្រលប់ទៅធ្វើការបានធម្មតាវិញ។ អ្វីដែលពិសេស គឺរក្សាទុកដៃស្បូនរបស់ស្ត្រី ដើម្បីអាចមានកូនទៅថ្ងៃក្រោយបាន។
– ការវះកាត់ដោយបើកពោះ (Laparotomie): វិធីនេះធ្វើឡើងចំពោះស្ត្រីមកមន្ទីរពេទ្យយឺតយ៉ាវ មានសភាពធ្ងន់ធ្ងរ ស្លេកស្លាំងខ្លាំង មានបែកឈាមពេញពោះ ដែលតម្រូវឲ្យវះកាត់ជាបន្ទាន់ និងកាត់ដៃស្បូនចោល។

ដូច្នេះស្ត្រីមានគភ៌នៅកំឡុងត្រីមាសដំបូងគ្រប់រូប ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាងហានិភ័យផ្សេងៗ ដូចជាការកាត់ដៃស្បូនដែលគ្មានឱកាសមានកូនទៅថ្ងៃក្រោយ និងករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់អាយុជីវិត។
” ស្រលាញ់សុខភាពមាតា គ្រួសារមានសុភមង្គល! “៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំមើលរំលង ការរាករូសរ៉ាំរ៉ៃ វាអាចជាផលរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ !

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍