សុខភាព
ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម ជាឃាតកលាក់មុខ ដែលអ្នកគួរប្រុងប្រយ័ត្ន
ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសំពាធឈាមលើសពី កម្រិតធម្មតា (ដឹងបានតាមរយៈម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសរសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថាជាឃាតកសំងាត់ ដែលអាចសម្លាប់យើងបានគ្រប់ពេលវេលា។

ក) រោគសញ្ញា៖
ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតក៏ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើឲ្យគេ ហៅជំងឺលើសឈាមថា ឃាតកសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា:
– ឈឺក្បាល
– រោយកញ្ចឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កម្រិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំណាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំណាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg

ខ) មូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតជំងឺលើសឈាម៖
តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ដែលមានដូចខាងក្រោម៖
– ជំងឺតម្រងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតម្រងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (cocaine និង amphetamines)
គ) កត្តាប្រឈមមុខ ដែលជំរុញឲ្យកើតជំងឺលើសឈាម៖
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំឲ្យលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។

ឃ) ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព៖
ការកើនឡើងនៃសំពាធឈាមលើសពីកម្រិតធម្មតា អាចធ្វើឲ្យប៉ះពាល់ដល់ជញ្ជាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើសំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ង) វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម៖
– បញ្ចុះទម្ងន់ និងរក្សាទម្ងន់អោយត្រឹមត្រូវតាមស្តង់ដារ
– ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសំរូប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធុញជាតិជាដើម។
– តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង
– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន
– ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន៣០នាទីរៀងរាល់ថ្ងៃ។

ច) ការព្យាបាលជំងឺលើសឈាម៖
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យសំពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកម្រិតធម្មតាវិញ ជៀសផុតពី ផលវិបាក និងហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសឈាម។ អ្នកជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវ តាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងនៃ សម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺត្រូវ ក៏ត្រូវអនុវត្តតាម វិធានការដើម្បី បង្ការជំងឺលើសឈាមផងដែរ។ ក្នុងករណីដែលសំពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។

ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ