សុខភាព
គួរយល់ដឹងអំពីជំងឺ “ ធ្លាក់ទឹកចិត្ត ” !
១) អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត (Depression)?
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងអាចមានអារម្មណ៍រីករាយ និងសោកសៅជាធម្មតា។ ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោង ទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។

២) តើជំងឺធ្លាក់ទឹកចិត្តជាជំងឺកម្រ ឬយ៉ាងណា?

ជាមធ្យម មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់ មានជំងឺធ្លាក់ទឹកចិត្តនៅពេលណាមួយ នៃជីវិតរបស់គេ (ជិត ២០%)។ តាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានមនុស្សយ៉ាងតិចណាស់៣៥០លាននាក់ ដែលបានកើតជំងឺនេះ។

ដោយឡែក សម្រាប់នៅប្រទេសកម្ពុជាយើងវិញ ការស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២ នៅកម្ពុជា បានរកឃើញជំងឺធ្លាក់ទឹកចិត្តក្នុងអត្រា ១៩,៧% សម្រាប់ស្ត្រី និង ១០,២% សម្រាប់បុរស។ ដូច្នេះយើងអាចនិយាយបានថា ជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ថ្វីបើអ្នកជំងឺមួយចំនួនមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវក៏ដោយ។

៣) តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន ៖
– មានអារម្មណ៍សោកសៅ
– លែងចង់ធ្វើអ្វី
– អស់កម្លាំងជាប់ជាប្រចាំ
ក្រៅពីនេះ អ្នកជំងឺធ្លាក់ទឹកចិត្តក៏អាចមានអាការៈមួយចំនួនទៀតដូចជា ៖
– លែងមានជំនឿជាក់លើខ្លួនឯង
– មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
– រសេះរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
– ពិបាកផ្ចង់អារម្មណ៍
– ភ្លេចភ្លាំងច្រើន
– ពិបាកគេងលក់
– គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
– មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន
៤) ផលវិបាក នៃជំងឺធ្លាក់ទឹកចិត្ត
អ្នកជំងឺធ្លាក់ទឹកចិត្តជាច្រើនមិនបានទទួលការព្យាបាលត្រឹមត្រូវ ហើយពួកគាត់ត្រូវទ្រាំរស់នៅយ៉ាងវេទនាជាមួយជំងឺដែលអ្នកដទៃមើលឃើញ។ សមត្ថភាពការងារ ការសិក្សា ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ពួកគាត់ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាទូទៅនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
ផលវិបាកធ្ងន់ធ្ងរបំផុត នៃជំងឺធ្លាក់ទឹកចិត្ត គឺការអស់សង្ឃឹម ដែលអាចឈានដល់ការសម្លាប់ខ្លួន។ គេបានរកឃើញថា មូលហេតុធំជាងគេ នៃការសម្លាប់ខ្លួន គឺការកើតមានជំងឺធ្លាក់ទឹកចិត្ត ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ។
៥) ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត
មានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺធ្លាក់ទឹកចិត្ត។ ការធ្លាក់ទឹកចិត្តជារឿយៗ ផ្សារភ្ជាប់នឹងហេតុការណ៍តានតឹងចិត្ត និងមានការផ្លាស់ប្ដូរសារជាតិគីមីក្នុងសារពាង្គកាយ។ ដូច្នេះហើយ ការព្យាបាលភាគច្រើនត្រូវរួមផ្សំការព្យាបាលបែបវេជ្ជសាស្ត្រ និងបែបចិត្តសាស្ត្រ។ ការព្យាបាលបែបវេជ្ជសាស្ត្រសំដៅលើការប្រើថ្នាំប្រឆាំងការធ្លាក់ទឹកចិត្ត រីឯការព្យាបាលបែបចិត្តសាស្ត្រ មានដូចជា ៖
– ការរៀនពីវិធីសម្រាកកាយចិត្ត
– ការព្យាបាលផ្លាស់ប្ដូរការគិត និងអាកប្បកិរិយា
– ការរៀនពីរបៀបដោះស្រាយជាមួយភាពតានតឹងចិត្តជាដើម
៦) សារផ្ដាំផ្ញើ
សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ ថ្វីបើវាអាចជាឃាតកលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព។
ប្រសិនបើលោក លោកស្រី សង្ស័យថា លោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺធ្លាក់ទឹកចិត្ត សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រស្មី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង