Connect with us

សុខភាព

គួរ​យល់ដឹង​អំពី​ជំងឺ “ ធ្លាក់​ទឹកចិត្ត ” !

បានផុស

នៅ

១) អ្វី​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)?

​ក្នុង​ជីវិត​ប្រចាំថ្ងៃ មនុស្ស​យើង​អាច​មាន​អារម្មណ៍​រីករាយ និង​សោកសៅ​ជា​ធម្មតា​។ ការ​មាន​អារម្មណ៍​សោកសៅ​មួយ​រយៈ​ខ្លី ហើយ​បាត់​ទៅវិញ​ក្នុង​រវាង​ពីរ​បី​ម៉ោង​ ទៅ​ពីរ​បី​ថ្ងៃ មិន​មែន​ជា​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះ​ទេ​។ ក៏ប៉ុន្តែ ពេលខ្លះ​អារម្មណ៍​សោកសៅ​អាចមាន​កម្រិត​ខ្លាំង និង​យូរ​លើសពី​២​សប្ដាហ៍ ហើយ​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារ និង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ទៀតផង​។ ស្ថានភាព​បែបនេះ គេ​ហៅថា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​កម្រ ឬ​យ៉ាងណា​?

​ជា​មធ្យម មនុស្ស​ម្នាក់ ​ក្នុងចំណោម​មនុស្ស​៦​នាក់​ មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នៅ​ពេល​ណាមួយ​ នៃ​ជីវិត​របស់​គេ (​ជិត ២០%)។ តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៣៥០​លាន​នាក់ ដែល​បានកើត​ជំងឺ​នេះ​។

ដោយឡែក សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ការស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា បាន​រកឃើញ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​អត្រា ១៩,៧% សម្រាប់​ស្ត្រី និង ១០,២% សម្រាប់​បុរស​។ ដូច្នេះ​យើង​អាច​និយាយបានថា ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ថ្វី​បើ​អ្នកជំងឺ​មួយចំនួន​មិនបាន​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ក៏ដោយ​។​

៣) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​រោគសញ្ញា​អ្វីខ្លះ​?

​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្តច្រើន​មាន​រោគសញ្ញា​សំខាន់ៗ​រួមមាន​ ៖

– មាន​អារម្មណ៍​សោកសៅ​

– លែង​ចង់​ធ្វើ​អ្វី​

– អស់កម្លាំង​ជាប់​ជាប្រចាំ​

​ក្រៅពី​នេះ អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​ក៏​អាច​មាន​អាកា​រៈ​មួយចំនួនទៀត​ដូចជា​ ៖

– លែងមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​

– មាន​អារម្មណ៍​បន្ទោស​ខ្លួនឯង ស្អប់​ខ្លួនឯង គិតថា​ជីវិត​គ្មាន​ន័យ ឬ​គិតដល់​ការសម្លាប់​ខ្លួន​

– រសេះរសោះ ឬ​អាច​ទៅជា​និយាយស្ដី ឬ​ធ្វើ​សកម្ម​ភាពយឺតៗ​

– ពិបាក​ផ្ចង់អារម្មណ៍​

– ភ្លេចភ្លាំង​ច្រើន​

– ពិបាក​គេង​លក់​

– គេង​ឆាប់​ភ្ញាក់ ឬ​អាច​ទៅជា​ចេះតែ​ចង់​គេង​

– មិន​ឃ្លាន​អាហារ ឬ​អាច​ទៅជា​ញ៉ាំ​ច្រើន​ខុសពី​ធម្មតា​ក៏មាន​

៤) ផលវិបាក​ នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្តជា​ច្រើន​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ ហើយ​ពួកគាត់​ត្រូវ​ទ្រាំ​រស់នៅ​យ៉ាង​វេទនា​ជាមួយ​ជំងឺ​ដែល​អ្នកដទៃ​មើលឃើញ​។ សមត្ថភាព​ការងារ ការសិក្សា ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគាត់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែលជា​ទូទៅ​នាំ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​អស់សង្ឃឹម ដែល​អាច​ឈានដល់​ការសម្លាប់​ខ្លួន​។ គេ​បាន​រកឃើញថា មូលហេតុ​ធំជាងគេ ​នៃ​ការ​សម្លាប់ខ្លួន គឺ​ការកើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​។​

៥) ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​មានការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ការ​ធ្លាក់​ទឹកចិត្ត​ជារឿយៗ ផ្សារ​ភ្ជាប់​នឹង​ហេតុការណ៍​តានតឹង​ចិត្ត និង​មានការ​ផ្លាស់ប្ដូរ​សារជាតិ​គីមី​ក្នុង​សារពាង្គកាយ​។ ដូច្នេះ​ហើយ ការ​ព្យាបាល​ភាគច្រើន​ត្រូវ​រួមផ្សំ​ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ និង​បែប​ចិត្តសាស្ត្រ​។ ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ​សំដៅលើ​ការប្រើ​ថ្នាំ​ប្រឆាំង​ការធ្លាក់​ទឹកចិត្ត រីឯ​ការ​ព្យាបាល​បែប​ចិត្តសាស្ត្រ មានដូចជា​ ៖

– ការរៀន​ពី​វិធី​សម្រាកកាយ​ចិត្ត​

– ការព្យាបាល​ផ្លាស់ប្ដូរ​ការគិត និង​អាកប្បកិរិយា​

– ការរៀន​ពី​របៀប​ដោះស្រាយ​ជាមួយ​ភាព​តានតឹង​ចិត្ត​ជាដើម​

៦) សារ​ផ្ដាំផ្ញើ​

​សូម​ចងចាំ​ថា ការ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត មិនមែន​មានន័យថា​អ្នកទន់ខ្សោយ ឬ​ខ្ជិលច្រអូស​នោះទេ​។ វា​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ដូចគ្នា​នឹង​ជំងឺលើសឈាម ទឹកនោមផ្អែម ឬ​រលាក​សន្លាក់​ដែរ​។ ថ្វី​បើ​វា​អាចជា​ឃាតក​លាក់​មុខ ដែល​អាច​ឆក់យក​ជីវិត​យើង​បាន​ក្ដី តែ​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​ព្យាបាល​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ប្រសិនបើ​លោក លោកស្រី សង្ស័យ​ថា​ លោក លោកស្រី ឬ​មនុស្ស​ដែល​លោក លោកស្រី​ស្គាល់ មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម