សុខភាព
ភាពខុសគ្នារវាងការប្រឹក្សាយោបល់ និងការព្យាបាលបញ្ហាផ្លូវចិត្ត
សុខភាពផ្លូវចិត្តមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសកម្មភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដែលរស់នៅក្នុងសង្គម។ មិនតែប៉ុណ្ណោះមនុស្សម្នាក់ៗ សុទ្ធតែអាចប្រឈម និងកើតមានបញ្ហាផ្លូវចិត្ត ក៏ដូចជាជំងឺផ្លូវចិត្ត ដែលទាំងនេះគឺជាឧបសគ្គ នៅក្នុងការរារាំងដល់ការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គម។
លោក តែ ប៊ុនប៉ោ សាស្រ្តាចារ្យចិត្តវិទ្យា នៃសាកលវិទ្យាល័យអង្គរខេរា បានឲ្យដឹងថា ការប្រឹក្សាយោបល់អំពីបញ្ហាផ្លូវចិត្ត គឺជាផ្នែកមួយនៃការព្យាបាល ដែលសំដៅដល់ការជជែកវែកញែក រកឲ្យឃើញនូវបញ្ហារបស់បុគ្គលម្នាក់ ឬក៏កំណត់ឲ្យបាននូវគោលដៅរបស់បុគ្គល ដើម្បីឆ្ពោះទៅរកការព្យាបាល។
លោកបន្ថែមថា ការប្រឹក្សាយោបល់នេះ គឺធ្វើឡើងដើម្បីរកឲ្យឃើញថា តើបញ្ហាចម្បងរបស់អតិថិជនជាអ្វី? ហើយតើគោលដៅ ដែលត្រូវធ្វើការព្យាបាលនោះជាអ្វី? លោកបន្ថែមថា នៅពេលការជជែកឈានដល់ដំណាក់កាលនៃការកំណត់ នូវអ្វីដែលជាបញ្ហាចម្បងរួចហើយ គឺចាំបាច់ត្រូវតែធ្វើការដោះស្រាយ ប៉ុន្តែការដោះស្រាយនោះ គឺសាម៉ីខ្លួនជាអ្នកធ្វើការដោះស្រាយ ដោយខ្លួនឯង។
លោកបញ្ជាក់ថា «ការដែលរកឃើញបញ្ហាចម្បង ឬគោលដៅហ្នឹងហើយ គឺជារឿងដែលត្រូវដោះស្រាយ។ ប៉ុន្តែដោះស្រាយហ្នឹងនរណា ជាអ្នកដោះស្រាយ គឺសាម៉ីខ្លួនដែលជាអ្នកមានបញ្ហាហ្នឹង ត្រូវដោះស្រាយដោយខ្លួនគេ មិនមែនអ្នកផ្ដល់ប្រឹក្សា ជាអ្នកដោះស្រាយឲ្យគេទេ ផ្ដោតលើញាណរបស់មនុស្សដឹងខុសត្រូវដោយខ្លួនឯង ដូចជាការផ្ចង់ចិត្តគំនិតលើខ្លួនឯង និងអ្នកដ៏ទៃការផ្ចង់ចិត្តគំនិតទៅលើបញ្ហា គេធ្វើដោយខ្លួនគេ គេដឹងដោយខ្លួនគេ ហ្នឹងជាការប្រឹក្សា»។
លោកសាស្ត្រាចារ្យ បានបន្ថែមថា ការប្រឹក្សាយោបល់ គឺជាដំណើរការមួយក្នុងការគ្រប់គ្រង និងកាត់បន្ថយភាពតានតឹងរបស់អ្នកជំងឺ និងក្នុងគោលបំណងដើម្បីឲ្យសាម៉ីខ្លួន ដឹងថាខ្លួនកំពុងមានបញ្ហាអ្វី ហើយរៀនកាត់បន្ថយ ភាពតានតឹងទាំងនោះដោយខ្លួនឯង តាមរយៈការឆ្កឹះនូវវីធីសាស្ត្រមួយចំនួនដែលពួកគេធ្លាប់បានប្រើ ក្នុងការកាត់បន្ថយភាពតានតឹងផ្ទាល់ខ្លួន ពីសំណាក់អ្នកផ្ដល់ប្រឹក្សាយោបល់ប្រកបដោយភាពយល់ចិត្ត។ តែយ៉ាងណាការផ្ដល់ប្រឹក្សាយោបល់នេះ មិនអាចជាសះស្បើយមួយរយភាគរយដូចការព្យាបាលទេ។
រីឯការព្យាបាលវិញ សំដៅដល់ការប្រើប្រាស់បច្ចេកទេសជាក់លាក់ រួមទាំងការប្រើថ្នាំផង និងប្រើប្រាស់ពេលវេលាយូរអង្វែងផង បន្ទាប់ពីបានដឹងថាអ្វីជាបញ្ហា ហើយអ្វីជាគោលដៅក្នុងការព្យាបាល ចំពោះអតិថិជន ដោយអ្នកជំនាញ។ មូលហេតុដែលអ្នកជំនាញចាំបាច់ ត្រូវជួយអ្នកជំងឺក្នុងដំណាក់កាលនេះ ត្បិតថា អ្នកជំងឺទាំងអស់មិនអាចធ្វើការព្យាបាល ឬរកឃើញវិធីសាស្រ្ត ក្នុងការកាត់បន្ថយភាពតានតឹង រោគសញ្ញា និងផលប៉ះពាល់ដោយខ្លួនឯងបានទេ តួយ៉ាងដូចជាអ្នកជំងឺបាក់ស្បាត និងអ្នកជំងឺធ្លាក់ទឹកចិត្តជាដើម។
ត្រង់ចំនុចនេះលោកសាស្ត្រាចារ្យបញ្ជាក់ថា «ការព្យាបាលមិនមែនប្រើពេលតែមួយដង ហើយបញ្ចប់នោះទេ គឺត្រូវបន្តទៀត ត្រូវ Play Therapy ម្ដងអីចឹងទៅ ឬក៏ប្រើបច្ចេកទេសណាផ្សេងទៀតទៅ ដើម្បីឲ្យគាត់បញ្ចេញរឿងឈឺចាប់បន្តទៀត។ ការព្យាបាលគឺសំដៅដល់ការកសាងបុគ្គលិកលក្ខណៈមនុស្ស ឧទាហរណ៍ មនុស្សនោះច្រង៉េងច្រង៉ាងវាជាអត្តចរិក វាជាឬកពារ ដែលកើតចេញអំពីសង្គមនីយកម្មមក ដូចច្នេះវាមិនមែនទើបតែកើតឡើងថ្មីៗ នោះទេ គឺវាប្រចាំជីវិតរបស់គាត់ តាមយាយីជីវិតគាត់»។ លោកបន្ថែមថា ដើម្បីព្យាបាលជំងឺផ្លូវចិត្ត ទាល់តែអ្នកជំងឺចូលខ្លួនមកជួបអ្នកជំនាញ ដើម្បីធ្វើការព្យាបាល ដោយប្រើបច្ចេកទេសដូចជា Play Therapy, Behavior therapy, tree of Life,ជាដើម ដើម្បីឲ្យពួកគេអាចជាសះស្បើយបាន។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ មានអ្នកជំងឺផ្លូវចិត្តទៅទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១១០០១៥នាក់។ ក្នុងនោះចំនួន ៦៤៩២៩នាក់ជាស្ត្រី៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់