សុខភាព
យល់កាន់តែច្បាស់ ស្ដីពី ការបៀតបៀនផ្លូវភេទ និងការរំលោភផ្លូវភេទ
ការរំលោភផ្លូវភេទ និង ការបៀតបៀនផ្លូវភេទ នៅតែជាបញ្ហាប្រឈមនៅក្នុងសង្គម ស្របពេលប្រជាជនមួយចំនួនបានភាន់ច្រឡំរវាងបញ្ហាទាំងពីរនេះ។ តើការរំលោភផ្លូវភេទ និង ការបៀតបៀនផ្លូវភេទ លក្ខណៈខុសគ្នាដូចម្ត៉េចខ្លះ?

លោកស្រី រស់ សុភាព អ្នកជំនាញផ្នែកយេនឌ័រ ដែលជាអតីត នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ការបៀតបៀនផ្លូវភេទ និង ការរំលោភផ្លូវភេទ មានលក្ខណៈខុសគ្នាបន្តិចបន្តួច ហើយក៏មិនមានច្បាប់ណាមួយដែលបានចែងច្បាស់លាស់ជុំវិញនឹងបញ្ហានេះឡើយ។ ប៉ុន្តែ លោកស្រី ដែលជាអ្នកជំនាញផ្នែកយេនឌ័រ មានបទពិសោធជិត ៣០ឆ្នាំ រូបនេះ បានធ្វើការចែករំលែកថា៖
លោកស្រី រស់ សុភាព មានប្រសាសន៍ថា៖ “ការបៀតបៀនផ្លូវភេទ គឺជាការធ្វើឱ្យភាគីម្ខាងទៀត មានអារម្មណ៍មិនប្រក្រតី មានអារម្មណ៍ភ័យខ្លាច និងមានអារម្មណ៍មិនមានសុវត្ថិភាព ចំពោះខ្លួនឯង។ ការបៀតបៀនផ្លូវភេទនេះទៀតសោត គឺជាការដែលមាននរណាម្នាក់បាននិយាយរិះគន់ពីរូបរាងកាយរបស់នរណាម្នាក់ ដោយភាពឡកឡាយ និងយកទៅនិយាយជាកំប្លែងលេង ដោយមិនមានការពេញ ចិត្តពីសាមីខ្លួន និងធ្វើឱ្យគេមានអារម្មណ៍ថា គ្មានសុវត្ថិភាព មានអារម្មណ៍ថាភ័យខ្លាច និងអៀនខ្មាស”។

លោកស្រី រស់ សុភាព មានប្រសាសន៍បញ្ជាក់ថា ការបៀតបៀនផ្លូវភេទ មានទាំងការនិយាយស្តី ប៉ះពាល់អារម្មណ៍ និងការធ្វើកាយវិការមិនគប្បី ទៅលើជនរងគ្រោះ។ ការបៀតបៀនផ្លូវភេទ ដោយការប្រើពាក្យសម្តី៖ គឺជាការនិយាយពីរាងកាយរបស់បុគ្គលណាម្នាក់ ថាមានរូបរាងស្អាត ដើមទ្រូងមូល ឬ ធំល្អ ប្រសិនបើរួមភេទទៅមិនដឹងស្រួលយ៉ាងណា ឬនៅពេលដែលដើរកាត់ គឺនិយាយពីគូទស្អាត និង តាមសម្លឹងរហូតធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍មិនពេញចិត្ត។ ទាំងអស់នេះហើយ គឺជាការបៀតបៀនផ្លូវភេទ តាមពាក្យសម្តី។
អ្នកជំនាញផ្នែកយេនឌ័រ រូបនេះបង្ហាញថា៖ “ការបៀតបៀនផ្លូវភេទ ដោយការប្រើកាយវិការ៖ ចំពោះការបៀតបៀនផ្លូវភេទ តាមកាយវិការ គឺជាការប៉ះពាល់ដែលមិនមានការពេញចិត្តពីសាមីខ្លួន ដូចជា ការស្ទាបអង្អែលរាងកាយ ការបន្លំប៉ះដើមទ្រូង ឬ វាយគូទ (គិតថាជាការលេងសើច ប៉ុន្តែធ្វើឱ្យភាគីម្ខាងទៀតមិនសប្បាយចិត្ត) ការចាប់ថ្ពាល់ ឬ ថើប និងការឱបចង្កេះជាដើម។ ក្នុងករណីមួយទៀត ប្រសិនបើគេ អចេតនាប៉ះពាល់ គឺគេធ្វើការសុំទោសទៅភាគីម្ខាងទៀត ប៉ុន្តែចំពោះបុគ្គលមួយចំនួនបានយកឱកាសនេះ ដើម្បីបន្លំលូកលាន់”។

ការបៀតបៀនផ្លូវភេទ គឺអាចកើតឡើងគ្រប់ទីកន្លែង ទាំងនៅសាលារៀន កន្លែងធ្វើការ ផ្សារទំនើប តាមមធ្យោបាយធ្វើដំណើរសារធារណៈដូចជា ឡានក្រុង ឬ រថភ្លើង និងតាមសួនកម្សាន្តផ្សេងៗ។ ចំពោះបញ្ហានេះ គឺមានការកើតឡើងច្រើនទៅលើ ស្រី្ត និងក្មេងស្រី។
លោកស្រី រស់ សុភាព មានប្រសាសន៍បន្តថា ចំពោះនិយមន័យក្នុងក្រឹត្យក្រមច្បាប់ បានចែងមកថា “ការរំលោភផ្លូវភេទ” គឺជាការបញ្ចូលលិង្គទៅក្នុងយោនី ទោះមិនបានសម្រេច ឬសម្រេច ដែលកើតឡើងពីការបង្ខំពីភាគីម្ខាងទៀត និងភាគីម្ខាងទៀត ទោះបីជារវាងប្តី ប្រពន្ធ ឬ គូស្នេហ៍ក៏ដោយ ឱ្យតែកើតពីការចាប់បង្ខំ គឺជាការរំលោភផ្លូវភេទ។ ចំពោះនិយមន័យទូទៅ ការរំលោភផ្លូវភេទ គឺជាការចាប់បង្ខំរវាងភាគីម្ខាងទៀត ឬ អ្នកដែលមានកម្លាំងខ្លាំងជាង ហើយមានបំណងប៉នប៉ង កំលុងពេលនៅជិតគ្នា ឬកំពុងជជែកគ្នា ដោយមានបំណងចង់រួមភេទ ក៏ធ្វើការចាប់បង្ខំ រហូតដល់ថ្នាក់រហែកអាវ រហែកខោជាដើម។

លោកស្រី រស់ សុភាព បានលើកឡើងថា៖ “ការរំលោភផ្លូវភេទនេះ គឺកើតឡើងពីមនុស្សដែលស្គាល់គ្នា បងប្អូន ឬ អ្នកនៅភូមិជាមួយគ្នា ជាពិសេសកើតឡើងដោយសារកូនស្រី មិនបាននៅជាមួយម្តាយបង្កើត ឬនៅជាមួយម្តាយមីង ជីដូន ដែលមិនសូវបានយកចិត្តទុកដាក់ មើលថែបានដិតដល់។ ការរំលោភផ្លូវភេទនេះ គឺកើតឡើងទៅលើប្តីប្រពន្ធ ឬ គូស្នេហ៍ ដែលកើតឡើងពីការចាប់បង្ខំ និងមិនមានការយល់ព្រមពីដៃគូរបស់ខ្លួន”។
អ្នកជំនាញផ្នែកយេនឌ័រ ដដែលនេះ មានប្រសាសន៍បន្តថា ចំពោះជនរងគ្រោះដែលជួបបញ្ហានេះ ទី១ គឺកុំសំងំនៅតែ ម្នាក់ឯង គឺត្រូវដើរជាក្រុម ឬកុំទៅតាមអ្នកមិនស្គាល់គ្នា ឬ កុំជឿពាក្យលួងលោមរបស់អ្នកដែលស្គាល់គ្នា ឱ្យទៅកន្លែងស្ងាត់តែពីរនាក់។ ទី២ ប្រាប់នរណាម្នាក់ ឬ ស្រ្តីដែលនៅជិតខ្លួនបំផុត ដែលទុកចិត្តបាននៅក្នុងភូមិ រួចដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ ព្រោះនៅក្នុងឃុំគេមានក្រុមស្រី្ត សម្រាប់ជួយដោះស្រាយបញ្ហានេះ។ ទី៣ កុំយកបញ្ហាទាំងអស់នោះទៅប្រាប់ប្រពន្ធ ឬក្រុមគ្រួសារជនសង្ស័យ ព្រោះគេអាចនឹងជួយការពារ ឬលាក់រឿងដែលបានកើតឡើង។ ទី៤ ទាក់ទងទៅខាងកិច្ចការនារីស្រុក ឬ កិច្ចការនារីខេត្ត នោះគេនឹងសរសេរសំណុំរឿង ដើម្បីយកទៅប្តឹង។

គួរបញ្ជាក់ថា ការបៀតបៀនផ្លូវភេទ ឬ ការរំលោភផ្លូវភេទនេះ គឺមិនមែនសុទ្ធតែជាករណីដែលកើតឡើងចំពោះតែស្ត្រី និង ក្មេងស្រីងាយរងគ្រោះនោះទេ ដោយការសិក្សាថ្មីបានរកឃើញបញ្ហាទាំងនេះ ក៏បានកើតឡើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាមានលក្ខណៈស៊ីជម្រៅប៉ុនណានោះទេ។
ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា “បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំ”។ ការផ្តន្ទាទោសនេះ សំដៅតែលើបទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។ ចំណែក មាត្រា២៤៤ ចែងថា បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យ ជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ