Connect with us

សុខភាព

៧ សំណួរ-ចម្លើយ សំខាន់ៗ អំពី ជំងឺចង្វាក់បេះដូងដើរយឺត ដែលអ្នកមិនទាន់ដឹង

បានផុស

នៅ

ជំងឺបេះដូងដើរយឺត គឺជាឃាតកលាក់មុខ ដែលអាចធ្វើឱ្យមនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់​រងគ្រោះដល់បាត់បង់ជីវីត ប្រសិន​ខ្វះការប្រុងប្រយ័ត្ន ឬមិនបានដឹងពីរោគសញ្ញា ហើយជួយសង្គ្រោះមិនទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ខ្មៅ ពេជ្រម៉ានិល ឯកទេស ជំងឺបេះដូង សរសៃរឈាម និងជំងឺចង្វាក់បេះដូង នៅមជ្ឈមណ្ឌលជំងឺបេះដូង និងជំងឺមនុស្សចាស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឆ្លើយតប ៧ សំណួរសំខាន់ៗអំពី ជំងឺបេះដូងចង្វាក់បេះដូងដើរយឺត ដល់ “កម្ពុជាថ្មី” ដូចតទៅ៖

១. កម្ពុជាថ្មី៖ តើអ្វីទៅជាជំងឺចង្វាក់បេះដូងដើរយឺត?

វេជ្ជបណ្ឌិត៖ ជាបឋម​ ខ្ញុំសូមជម្រាបជូនថា បេះដូង ជាសរីរាង្គសាច់ដុំ ដែលមាន​តួនាទី​កន្ត្រាក់ច្របាច់ឈាម ដើម្បីចែកចាយឈាមដល់សព្វសារពាង្គកាយឱ្យរស់រានមានជីវីត។ ជាទូទៅ នៅពេលយើងសម្រាកធម្មតា ចំនួនចង្វាក់បេះដូង ដែលកន្ត្រាក់ច្របាច់ឈាម ឬភាសារសាមញ្ញហៅថា បេះដូងដើរ ឬលោត គឺស្ថិតនៅចន្លោះពី ៦០ ទៅ ១០០ ដងក្នុងមួយនាទី។ ក្នុងករណីចង្វាក់បេះដូង​ដើរលើសពី ១០០ ដងក្នុងមួយនាទី ត្រូវបានគេហៅថា ចង្វាក់បេះដូងដើរលឿន (Tachycardia) រីឯចង្វាក់បេះដូងដើរក្រោម ៦០ ដងក្នុងមួយនាទី យើងហៅថា ចង្វាក់បេះដូងដើរយឺត (Bradycardia)។

២. កម្ពុជាថ្មី៖ តើមនុស្សណាខ្លះ អាចមានជំងឺចង្វាក់បេះដូងដើរយឺត?

វេជ្ជបណ្ឌិត៖ ជំងឺចង្វាក់បេះដូងប្រភេទនេះ អាចកើតមានលើប្រជាជនគ្រប់វ័យ ទាំងស្ត្រី និងបុរស ប៉ុន្តែ​ភាគច្រើន យើងជួបញឹកញាប់បំផុតទៅលើអ្នកជំងឺដែលមានវ័យចាស់ អាយុចន្លោះពី ៦៥ ទៅ ៧០ ឆ្នាំឡើង ហើយកាន់តែប្រឈមមុខខ្ពស់ ប្រសិនបើពួកគាត់មានជំងឺរួមផ្សំបន្ថែមទៀតដូចជា ជំងឺ​លើសឈាម ទឹកនោមផ្អែម និងជក់បារីជាដើម។​

៣. កម្ពុជាថ្មី៖ តើអ្នកជំងឺចង្វាក់បេះដូងដើរយឺត អាចមានរោគសញ្ញា ឬអាការៈដូចម្តេចខ្លះ?

វេជ្ជបណ្ឌិត៖ នៅពេលដែលចង្វាក់បេះដូងដើរយឺតខុសប្រក្រតី សារពាង្គកាយព្រមទាំងខួរក្បាលយើង មិនអាចទទួលបានឈាមទៅចិញ្ចឹមគ្រប់គ្រាន់នោះទេ​​។​ អ្នកជំងឺមួយចំនួនអាចមានអាការៈតិចតួច ឬមិនមានអាការៈ ប៉ុន្តែអ្នកជំងឺភាគច្រើនមានអាការដូចជា៖

  • ខ្សោយ អស់កម្លាំងល្ហិតល្ហៃ
  • ចុក ឬញ័រដើមទ្រូង និងពិបាកដកដង្ហើម​
  • វិលមុខ និងងងឹតមុខ​ញឹកញាប់
  • ឬអាចធ្ងន់ធ្ងររហូតដល់ដួលសន្លប់បាត់បង់ស្មារតី និងគាំងបេះដូង

ជាទូទៅ បងប្អូនប្រជាពលរដ្ឋយើងតែងតែគិតអាការៈនេះថាជា ខ្យល់ចាប់។ កង្វះការ​ប្រុងប្រយ័ត្ន​ទៅ​លើអាការៈខាងលើនេះ អាចបណ្តាលឱ្យពួកគាត់ប្រឈមទៅនឹង​ការបាត់​បង់​អាយុជីវីត ដោយសារ​បេះដូង​ដើរយឺតខ្លាំង និងឈានទៅរកការគាំងបេះដូងភ្លាមៗតែម្តង។

៤. កម្ពុជាថ្មី៖ តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យមានជំងឺចង្វាក់បេះដូងដើរយឺត?

វេជ្ជបណ្ឌិត៖ ជំងឺចង្វាក់បេះដូងដើរយឺតអាចបណ្តាលមកពីមូលហេតុជាច្រើន ប៉ុន្តែខ្ញុំសូមលើកយក​តែ​មូលហេតុចំបងៗ ដូចខាងក្រោម៖

  • ការខូតនូវប្រព័ន្ធកោសិកាគ្រប់គ្រងចង្វាក់បេះដូង នៅពេលវ័យចាស់ជរា
  • ជំងឺស្ទះសរសៃរឈាមបេះដូង
  • ជំងឺរលាកសាច់ដុំបេះដូង
  • ជំងឺចង្វាក់បេះដូងដើរយឺតពីកំណើត
  • មូលហេតុផ្សេងៗទៀតក្រៅពីជំងឺបេះដូង ដូចជា ការប្រើប្រាស់ឱសថមួយចំនួនដែលបណ្តាលឱ្យចង្វាក់បេះដូងដើរយឺត ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ឬលើសសារធាតុរ៉ែប៉ូតាស្យូមក្នុងឈាមជាដើម

៥. កម្ពុជាថ្មី៖ តើធ្វើដូចម្តេចទើបអ្នកជំងឺអាចដឹងថា ខ្លួនពិតជាមានជំងឺចង្វាក់បេះដូងដើរយឺត?

វេជ្ជបណ្ឌិត៖​​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈដូចការរៀបរាប់ខាងលើ យើងអាចវាស់ចង្វាក់បេះដូងដោយខ្លួនឯងបានតាមរយៈ ម៉ាស៊ីនវាស់សម្ពាធឈាមដោយស្វ័យប្រវត្តិ ឬពាក់ប្រភេទនាឡិកាឆ្លាតវៃ (Smart Watch) ជាដើម។ ប៉ុន្តែ អ្នកជំងឺគ្រប់រូបត្រូវតែស្វែងរកការពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសឱ្យបានត្រឹមត្រូវ ដើម្បីទទួលនូវការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដោយធ្វើការ៖

  • វាស់ចង្វាក់បេះដូង (ECG)
  • បំពាក់ម៉ាស៊ីនតាមដានចង្វាក់បេះដូង ២៤ ទៅ ៤៨ ម៉ោង (Holter ECG)
  • រត់លើម៉ាស៊ីនតាមដានចង្វាក់បេះដូង (Stress test)

៦. កម្ពុជាថ្មី៖ តើមានវិធីព្យាបាលអ្វីខ្លះ សម្រាប់ជំងឺចង្វាក់បេះដូងដើរយឺត?

វេជ្ជបណ្ឌិត៖​​ ចំពោះការព្យាបាល យើងព្យាយាមស្វែងរក និងព្យាបាលមូលហេតុទាំងឡាយណា ដែល​បណ្តាលឱ្យចង្វាក់បេះដូងដើរយឺត ដើម្បីឱ្យត្រលប់មកប្រក្រតីវិញ។ ឧទាហរណ៍​​ យើងព្យាបាល ការ​លើស​សារធាតុរ៉ែប៉ូតាស្យូមក្នុងឈាម ឱ្យចុះមកកម្រិតធម្មតា​ នោះចង្វាក់បេះដូងនឹងត្រលប់​ជាធម្មតាវិញ។ ក្នុងករណីធ្ងន់ធ្ងរ និងចាំបាច់ ព្រមទាំងអាស្រ័យទៅលើប្រភេទជំងឺចង្វាក់​បេះដូង​ដើរ​យឺត អ្នកជំងឺអាចនឹងទទួលការវះកាត់ដាក់ថ្មរបេះដូង (Pacemaker) ដើម្បីការពារកុំឱ្យចង្វាក់​បេះដូងដើរយឺត និងជួយឱ្យដើរក្នុងកម្រិតប្រក្រតីឡើងវិញ។

៧. កម្ពុជាថ្មី៖ តើមានវិធីបង្ការជំងឺចង្វាក់បេះដូងដើរយឺតទេ?

វេជ្ជបណ្ឌិត៖​​ រហូតមកដល់សព្វថ្ងៃ យើងមិនទាន់មានវិធីបង្ការច្បាស់លាស់ណាមួយចំពោះជំងឺនេះទេ ប៉ុន្តែ វិធីសាស្ត្រខាងក្រោមអាចការពារជំងឺបេះដូងផ្សេងៗបានដូចជា៖

  • ហាត់ប្រាណឱ្យបានទៀងទាត់ និងត្រឹមត្រូវ
  • ហាមជក់បារី
  • គ្រប់គ្រងសម្ពាធឈាម អាត្រាជាតិស្ករ និងកូឡេស្តេរ៉ូលក្នុងឈាម (Cholesterol) ឱ្យបានល្អ
  • តាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម