សុខភាព
មន្ត្រីសុខាភិបាលអំពាវនាវឱ្យប្រយ័ត្នចំពោះជំងឺឆ្លង ៧មុខ កើតញឹកញាប់ក្នុងរដូវភ្លៀង
មន្ត្រីជំនាញក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លង ៧មុខដែលតែងតែកើតញឹកញាប់នៅក្នុងរដូវភ្លៀង ខណៈរដូវវស្សានេះបានឈានចូលមកដល់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ឧសភានេះថា ជំងឺ ៧មុខ ដែលតែងតែកើតឡើងនៅក្នុងរដូវភ្លៀងនេះរួមមាន ជំងឺគ្រុនឈាមគ្រុនចាញ់ ជំងឺគ្រុនផ្តាសាយ ជំងឺគ្រុនក្តៅ ជំងឺចំលងពីចំណីអាហារ ជំងឺចំលងពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូ ដែលឆ្លងពីទឹកនោមសត្វកណ្តុរ ធ្វើឱ្យអ្នកជំងឺខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។
លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវរក្សាអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក ងួតទឹកក្រោយពីត្រូវទឹកភ្លៀង បរិភោគទឹកក្តៅឧណ្ហៗ ទឹកស៊ុបក្តៅៗ អនាម័យខ្លួនប្រាណ បរិភោគចំណីអាហារណាដែលមានមានអនាម័យ និងមានជីវជាតិដូចជា វីតាមីនសេ ដែលមាននៅក្នុងផ្លែត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ និងបន្ថែពណ៌បៃតងចាស់ដូចជាផ្ទីស្លឹកងប់ ស្លឹកបាស់ ខាត់ណា សណ្តែកគួ និងប៉េងប៉ោះជាដើម។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ចំពោះអ្នកជំងឺផ្តាសាយធំ ត្រូវពាក់ម៉ាស ឬរុំក្រម៉ា ឬកន្លែងនៅមាត់ ពេលក្អក ឬកណ្តាស បរិភោគទឹកយ៉ាងតិច ២លីត្រក្នុង១ថ្ងៃ ដោយមិនត្រូវរងចាំរហូតដល់ស្រេកទឹកឡើយ និងត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកដើម្បីជៀសវាងការចម្លងជំងឺទៅសមាជិកគ្រួសារ និងអ្នកដទៃ និងហាមក្អកដាក់បាតដៃ ព្រោះវាអាចឆ្លងទៅអ្នកដទៃទៀតបាន តាមរយៈការចាប់ដៃ ឬចាប់របស់ផ្សេងៗ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ជាងនេះទៅទៀតត្រូវចូលរួមលុបបំបាត់ដង្កូវទឹក និងជម្រកសត្វមូសខ្លា ដូចជាសំបកកង់ សំបកកង់ឡាន ត្រឡោកដូង និងវត្ថុដែលអាចដក់ទឹកបាន ដើម្បីការពារកុមារពីជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តពាក់ម៉ាស់នៅកន្លែងប្រមូលផ្តុំ និងកន្លែងបិទជិត និងឧស្សាហ៍លាងដៃជាមួយអាកុល សាប៊ូ ដើម្បីបង្ការការពារជំងឺកូវីដ-១៩ផងដែរ បើទោះបីជាកម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីរយៈពេល៣ថ្ងៃជាប់ៗគ្នាក៏ដោយ។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់មានប្រសាសន៍ថា នៅក្នុងរដូវវស្សាក្រសួងតែងតែជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺផ្តាសាយ ដែលតែងតែកើតជាញឹកញាប់នៅក្នុងរដូវភ្លៀងធ្លាក់នេះ។

លោករដ្ឋមន្ត្រីបានណែនាំថា ក្នុងករណីមានបញ្ហាសុខភាពដូចជា គ្រុនក្តៅដោយមានកំដៅលើសពី ៣៨អង្សា ឈឺក ក្អកស្ងួត ត្រូវប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឱ្យបានច្រើន និងកាត់បន្ថយការហាត់ប្រាណ ហើយក្នុងការណីប្រើថ្នាំបញ្ចុះកំដៅហើយនៅតែមិនបានធូរស្បើយទៀតនោះ ត្រូវរួសរាន់ទៅរកការពិគ្រោះ និងព្យាបាលជំងឺជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅព្រឹកថ្ងៃទី១០ ឧសភានេះ បានឱ្យដឹងថា រដូវវស្សា ជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ខាងមុខ។ ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល