សុខភាព
អនុវត្តកូនសោគន្លឹះ ៥ យ៉ាង ដើម្បីចៀសផុតការពុលចំណីអាហារ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ អនុវត្តកូនសោគន្លឹះ៥យ៉ាង ដើម្បីធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ចៀសផុតពីការពុលចំណីអាហារ។

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានករណីព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តវត្តសំរោង ក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន៤៨អង្គ/នាក់ (ស្រី១៨នាក់) ក្នុងនោះមានព្រះសង្ឃ ៤អង្គ ពុលនំបាញ់ហយ កាលពីថ្ងៃទី៣០ ខែឧសភា។
លោកវេជ្ជបណ្ឌិត បានប្រសាសន៍ នៅថ្ងៃទី៣១ ខែឧសភានេះថា កូនសោគន្លឹះ ៥ យ៉ាងសម្រាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពនោះរួមមាន ទី១ រក្សាភាពស្អាត៖ ត្រូវលាងដៃរបស់អ្នកមុននឹងចាប់កាន់ចំណីអាហារ និងមុនពេលរៀបចំចំណីអាហារ។ ចូរលាងដៃរបស់អ្នកក្រោយពេលចេញពីបន្ទោរបង់ ចូរលាងសម្អាត និងធ្វើអនាម័យលើផ្ទៃរាបទាំងអស់ និងសម្ភារៈឧបការណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ការពារផ្ទះបាយ និងចំណីអាហារពីសត្វល្អិត កណ្តុរ និងសត្វផ្សេងៗ។

ការធ្វើបែបនេះ ព្រោះមានមេរោគបង្កគ្រោះថ្នាក់ជាច្រើនត្រូវបានរកឃើញនៅក្នុងធូលីដី ទឹក សត្វ និងមនុស្ស។ មេរោគទាំងនេះ បានតោងជាប់នៅនឹងដៃមនុស្ស ក្រណាត់ជូត និងសម្ភារៈផ្ទះបាយ ជាពិសេសជ្រុញ ទោះជាការប៉ះពាល់តិចតួចក៏ដោយ ក៏អាចចម្លងពួកមេរោគទាំងនោះទៅក្នុងចំណីអាហារ រួចវាបណ្តាលឱ្យមានជំងឺនៅពេលបរិភោគចំណីអាហារទាំងនេះ។
ទី២ ការទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា៖ ត្រូវទុកដាក់ដោយឡែកពីគ្នានូវ សាច់ឆៅ សាច់មាន់-ទា និង គ្រឿងសមុទ្រពីអាហារផ្សេងៗ។ ប្រើប្រាស់ឧបករណ៍ និងសម្ភារៈផ្ទះបាយដោយឡែកពីគ្នា ដូចជា កាំបិត និងជ្រុញសម្រាប់ហាន់អាហារឆៅ។

ទុកដាក់អាហារក្នុងកន្លែងរបស់វា ដើម្បីចៀសវាងការប៉ះពាល់គ្នារវាងអហារឆៅ និងអាហារឆ្អិន។ ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ និងទឹករស់របស់វា អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។
ទី៣ ការចម្អិនអាហារឱ្យបានឆ្អិនល្អ៖ ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។ ចូរយកអាហារដូចជាស៊ុប និងសម្ល ទៅដាំឱ្យពុះឡើងវិញ និងបញ្ជាក់ច្បាស់ថា វាក្តៅឡើងដល់ ៧០អង្សាសេ។ ចំពោះសាច់ និងសត្វស្លាប ត្រូវប្រាកដថាទឹករបស់វាឡើងថ្លា មិនមែនពណ៌ក្រហមព្រឿងៗនោះទេ។ តាមពិត ត្រូវប្រើសីតុណ្ហមាត្រដើម្បីវាស់កម្តៅនេះ។ កម្តៅអាហារដែលឆ្អិនរួចហើយនោះឡើងវិញឱ្យបានត្រឹមត្រូវ។ ព្រោះថា ការចម្អិនត្រឹមត្រូវ អាចសម្លាប់មេរោគដែលបង្កគ្រោះថ្នាក់បានស្ទើរតែទាំងអស់។ ការសិក្សាបានបង្ហាញថា ការចម្អិនអាហារដល់សីតុណ្ហភាព ៧០អង្សាសេ អាចជួយធានាថាវាពិតជាមានសុវត្ថិភាពសម្រាប់បរិភោគ។ ចំណីអាហារដែលទាមទារការប្រុងប្រយ័ត្ន ជាពិសេសមានសាច់ហាន់ស្តើង សាច់ជំនូចអាំង សាច់ជាប់សន្លាក់ឆ្អឹង និងសាច់សត្វស្លាបទាំងមូល។

ទី៤ ការទុកដាក់អាហារនៅក្នុងសីតុណ្ហភាពសុវត្ថិភាព៖ កុំទុកអាហារឆ្អិនស្រាប់ នៅក្នុងសីតុណ្ហភាពធម្មតាក្នុងបន្ទប់លើសពីពីរម៉ោង។ ត្រូវដាក់ចំណីអាហារដែលងាយស្អុយ ឬខូច និងអាហារដែលចម្អិនរួចទៅក្នុងធុងទឹកកក ឬទូរទឹកកកភ្លាមក្នុងកម្រិតសីតុណ្ហភាពតិចជាង៥អង្សាសេ និងទុកអាហារឆ្អិនឱ្យនៅក្តៅជានិច្ច ក្នុងកម្រិតសីតុណ្ហភាពលើសពី ៦០អង្សាសេ និងកុំទុកចំណីអាហារយូរពេក ទោះបីដាក់ក្នុងធុងទឹកកក ឬទូរទឹកកកក៏ដោយ។ ព្រោះថា មេរោគអាចបំបែកខ្លួនយ៉ាងឆាប់រហ័សប្រសិនបើអាហារត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពធម្មតា។ ការលូតលាស់របស់មេរោគ អាចថយចុះ ឬត្រូវបញ្ឈប់នៅសីតុណ្ហភាពក្រោម ៥អង្សាសេ ឬលើសពី ៦០អង្សាសេ មេរោគគ្រោះថ្នាក់មួយចំនួន នៅតែអាចលូតលាស់បានក្រោមសីតុណ្ហភាពទាបជាង ៥អង្សាសេ។

ទី៥ ការប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ៖ ត្រូវប្រើប្រាស់ទឹកស្អាត ឬកែច្នៃវាឱ្យមានសុវត្ថិភាពមុនប្រើប្រាស់វា។ ជ្រើសរើសអាហារដែលនៅស្រស់ និងនៅទាំងមូល។ ជ្រើសរើសចំណីអាហារដែលរៀបចំដោយសុវត្ថិភាព ដូចជាទឹកដោះគោ ដែលបានធ្វើការសម្លាប់មេរោគរួច។ លាងបន្លែ ផ្លែឈើឱ្យបានស្អាតល្អ ជាពិសេសប្រសិនបើត្រូវរៀបចំញុំាឆៅ។កុំប្រើប្រាស់ចំណីអាហារដែលហួសថ្ងៃខែឆ្នាំកំណើត។ ព្រោះវត្ថុធាតុដើមឆៅ មានទឹក និងទឹកកក អាចចម្លងមេរោគ និងសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីពុល អាចកើតមានក្នុងអាហារខូច ឬរលួយ។ ចូរយកចិត្តទុកដាក់ក្នុងការជ្រើសរើសចំណីអាហារឆៅ និងអនុវត្តវិធានការអនាម័យសាមញ្ញ ដូចជាការលាងសម្អាត ការចិតសំបក អាចកាត់បន្ថយការប្រឈមមុខនឹងគ្រោះថ្នាក់បាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ