សុខភាព
អ្វីទៅជាជំងឺខ្សោយពោះវៀន?
១) អ្វីទៅជាជំងឺខ្សោយពោះវៀន(Irritable Bowel Syndrome)?
ជាបណ្តុំរោគសញ្ញាទាំងឡាយណា ដែលបញ្ជាក់ថា អ្នកជំងឺមានបញ្ហាពាក់ព័ន្ធនឹងពោះវៀន។ ដោយពាក្យរបស់ខ្មែរ មិនទាន់អាចមានពាក្យណាពន្យល់ឲ្យចំ និងស្រួលស្តាប់បាន ជំងឺនេះត្រូវបានគេឲ្យឈ្មោះផ្សេងៗ ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា៖
– ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
– ជំងឺខ្យល់ក្នុងពោះវៀន
– ហើមពោះវៀន
– ជំងឺខ្សោយពោះវៀន។
គឺជាជំងឺមួយដែលតែងជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺ ដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត (លើសពី៥០%)។

២) តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀនរួមមាន៖
– ការឈឺពោះរ៉ាំរ៉ៃ
– តឹងណែនក្នុងពោះ
– ញ៉ាំឆាប់ឆ្អែត
និងរោគសញ្ញាមួយចំនួនទៀត ដែលមានលក្ខណៈខុសគ្នា ដែលអាចឲ្យគេចែកជំងឺនេះ ជាបួនក្រុម៖
– រាគរ៉ាំរ៉ៃ (ក្រុមទី១)
– ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
– រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
– មិនមានរោគសញ្ញារាគ ឫទល់ទេ (ក្រុមទី៤)

៣) តើជំងឺខ្សោយពោះវៀននេះ មានលក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន មិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។ ប៉ុន្តែអ្វីជាការចាំបាច់ យើងត្រូវតែធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ថា ជាជំងឺខ្សោយពោះវៀនពិតប្រាកដមែនឬទេ។ ផ្ទុយទៅវិញអ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។
៤) តើធ្វើយ៉ាងណា ដើម្បីឲ្យដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដ?
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញាដែលផ្តល់ដោយអ្នកជំងឺ។ យ៉ាងណាមិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូច ជំងឺខ្សោយពោះវៀនដែរ ដូចជាជំងឺរលាកពោះវៀន ដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះដើម្បីបានការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនឲ្យបានសុក្រឹត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះ បានដែរឬទេ?
ជំងឺនេះ មិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំង ទៅលើជំងឺនេះ។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។
៦) តើជំងឺខ្សោយពោះវៀនអាចព្យាបាលជាឬទេ?
ជំងឺខ្សោយពោះវៀនជាជំងឺមួយ ដែលអាចព្យាបាលជាបាន ប៉ុន្តែអត្រាលាប់ឡើងមកវិញ គឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារឲ្យមានការចូលរួមពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ។ ដូចបានរៀបរាប់ខាងលើ សុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំឲ្យលាប់នៃជំងឺ និងចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ។

៧) តើអ្នកជំងឺខ្សោយពោះវៀនគួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា
– អ្នកខ្លះញ៉ាំម្ជូរមិនបាន
– អ្នកខ្លះញ៉ាំស៊ុតមិនបាន
– អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន
ដូចនេះការតមអាហារ គឺធ្វើទៅតាមការឆ្លើយតបរបស់ជំងឺទៅនិងចំណីអាហាររបស់អ្នកជំងឺមួយៗ។

បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយ ដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះ អាចឲ្យងាយមានការភណ្ឌច្រឡំទៅនឹងជំងឺមួយចំនួន ដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺ ដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែបានជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ទឹកនោមផ្អែមជាជំងឺអាចជៀសវាងបាន តែត្រូវប្រកាន់គោលការណ៍មួយចំនួន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ