ស្ត្រីដែលបំបៅដោះកូន ភាគច្រើនដឹងពីសុដន់របស់ខ្លួនច្បាស់ ប្រសិនបើមានការប្រែប្រួលអ្វីកើតឡើងលើសុដន់អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចទទួលបានអារម្មណ៍ភ្លាម។ ពេលខ្លះ អំឡុងពេលបំបៅដោះ ម៉ាក់ៗអាចរកឃើញថានៅក្នុងសុដន់មានដុំរឹង ជាហេតុធ្វើម៉ាក់ៗឲ្យបារម្ភពីបញ្ហាមហារីកសុដន់។
ចំណែកស្ត្រីដែលមានជំងឺមហារីកសុដន់ តែងបារម្ភពីសុវត្ថិភាពបំបៅដោះកូន និងអាចឆ្ងល់ថា ការព្យាបាលជំងឺមហារីកសុដន់អាចប៉ះពាល់ទៅដល់កូនដែរ ឬយ៉ាងណា។
ស្ត្រីអាចកើតជំងឺមហារីកសុដន់អំឡុងពេលបំបៅដោះកូនទេ?
ម៉ាក់ៗដែលកំពុងបំបៅដោះកូនអាចប្រឈមនឹងកើតជំងឺមហារីកសុដន់ តែករណីនេះជាករណីកម្រនឹងមាន។ យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជំងឺមហារីកជាតិសហរដ្ឋអាមេរិក (NCI) ឲ្យដឹងថា ហានិភ័យនៃជំងឺមហារីកសុដន់កើនឡើងជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីពពោះ និងសម្រាលកូនរួច។ ហានិភ័យនេះអាចជាលទ្ធផលនៃបម្រែបម្រួលអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ។
Young mother holding her newborn child. Mom nursing baby. Woman and new born boy in white bedroom with rocking chair and blue crib. Nursery interior. Mother playing with laughing kid. Family at home
ផ្ទុយទៅវិញ ការបំបៅដោះកូន កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ ជាពិសេស ចំពោះស្ត្រីដែលជិតអស់រដូវ។ អំឡុងពេលពពោះ និងបំបៅដោះកូន កាត់បន្ថយចំនួនវដ្ដរដូវដែលស្ត្រីមាន ដែលអាចកាត់បន្ថយអ័រម៉ូនដែលជំរុញឲ្យកើតជំងឺមហារីកផ្សេងៗ។
កត្តាអ្វីខ្លះដែលអាចបង្កឲ្យមានដុំរឹងក្នុងសុដន់ ពេលកំពុងបំបៅដោះកូន?
មិនមែនមានតែជំងឺមហារីកទេដែលអាចធ្វើឲ្យមានដុំក្នុងសុដន់អំឡុងពេលបំបៅដោះកូន បញ្ហាមួយចំនួនទៀត ក៏អាចបង្កឲ្យមានដុំក្នុងសុដន់បានដែរដូចជា ឡើងប៉ោង បូស គីស ស្ទះថង់ទឹកដោះ និងលាសដោះ ជាដើម។
ចុះបើស្ត្រីមានជំងឺមហារីកសុដន់ អាចបំបៅដោះកូនបានទេ?
ខាងក្រុមគ្រូពេទ្យនឹងណែនាំឲ្យស្ត្រីបញ្ឈប់ការបំបៅដោះកូន ក្នុងករណីដែលរកឃើញថាស្ត្រីកើតជំងឺមហារីកសុដន់។ មធ្យោបាយព្យាបាលជំងឺមហារីកសុដន់ជាច្រើនអាចប៉ះពាល់ទៅដល់ការផលិតទឹកដោះ ឬអាចប៉ះពាល់ទៅដល់កូន បើកូនបៅដោះម្ដាយ។ ខាងក្រុមគ្រូពេទ្យនឹងជួយស្វែងរកមធ្យោបាយព្យាបាលដែលស័ក្តិសមសម្រាប់យើង ព្រោះការព្យាបាលជំងឺមហារីកសុដន់អាចខុសគ្នាពីមនុស្សទៅមនុស្សម្នាក់។
បើឃើញមានដុំក្នុងសុដន់ ពេលណាស្ត្រីគួរជួបពេទ្យ?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់ថា ជាធម្មតា កើតដុំនៅក្នុងសុដន់មិនមែនជាដុំមហារីក ឬជាបញ្ហាគួរឲ្យបារម្ភ ភ័យខ្លាចទេ តែយើងត្រូវទៅជួបគ្រូពេទ្យជំនាញប្រសិនបើ៖
ដុំមិនរលាយទៅវិញ ដុំរីកធំឡើងៗ ពេលស្ទាបទៅ ដុំមិនកម្រើកចុះឡើង ធ្វើឲ្យស្បែកឡើងមានសភាពដូចសំបកក្រូច។ល។
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?
សូមចុចអាន៖ ក្មេងតូចក្រោម២ឆ្នាំ ពេលរាករូស មិនអាចឲ្យទឹកផ្លែឈើស្រស់ទេ