សុខភាព
គួរដឹងអំពី SIDS ឬ អាការ ធ្វើឲ្យទារក បាត់បង់ជីវិតភ្លាមៗដោយគ្មានមូលហេតុ
នៅថ្ងៃពុធទី១៩ខែតុលានេះ គណនី Facebook ឈ្មោះ Boun Pheara បានបង្ហោះរឿងរ៉ាវទាក់ទងនឹងការបាត់បង់ជីវិតរបស់កូនស្រី ដោយលើកឡើងថា គ្រូពេទ្យនៅ មន្ទីរពេទ្យគន្ធបុប្ឆា ថា កូនគាត់មិនកើតអីធ្ងន់ធ្ងរ មិនឲ្យសម្រាកនៅពេទ្យ រហូតជួយលែងទាន់។
ការបង្ហោះរបស់គាត់ បានបង្កឲ្យមានការចែករំលែក តៗគ្នាយ៉ាងច្រើន ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែ មន្ទីរពេទ្យ គន្ធបុប្ឆា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីមរណភាពរបស់កុមារីឈ្មោះ ខន រ៉ានីកា។

សេចក្ដីប្រកាសព័ត៌មាននោះ លើកឡើងថា មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ បានពិនិត្យ និងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ ២ឆ្នាំ ៨ខែ ដែលអាណាព្យាបាលបានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី ១៧ តុលា ២០២២ ម៉ោង១៤ និង៣០នាទី។ ក្រោយការពិនិត្យ គ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះ មិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរដែលត្រូវដាក់ឲ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យបានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន ៣ថ្ងៃ។ ជាទូទៅ និងជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២០០០នាក់ ដែល ៨០% នៃកុមារទាំងនោះត្រូវបានផ្តល់ថ្នាំឲ្យចំនួន ៣ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រលប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល។
ក្នុងករណីកុមារី ខន រ៉ានីកា នេះ អាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំលេប និងព្យួរសេរ៉ូម (តាមសម្ដីជីដូន)។ បន្ទាប់មក ជីដូនបាននាំចៅមក មន្ទីរពេទ្យ គន្ធបុប្ផា វិញនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure)។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះអស់ពីសមត្ថភាព អស់រយៈពេលជាង ៣ម៉ោង។ ជាអកុសល យើងមិនអាចសង្គ្រោះកុមារីនេះបាន។

ជាការសន្និដ្ឋាន យើងអាចយល់ថា ការវិវត្តយ៉ាងឆាប់ហ័សនៃស្ថានភាពជំងឺរហូតដល់មរណភាពភ្លាមៗមុន ២៤ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា៖ Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant។ មន្ទីរពេទ្យគន្ធបុប្ផា មានសេចក្តីសោកស្តាយជាទីបំផុត និងយល់ពីអារម្មណ៍សង្វេគរបស់ឪពុកម្ដាយ និងក្រុមគ្រួសារ។ មន្ទីរពេទ្យគន្ធបុប្ផា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព។
ដូចនេះ តើករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា Sudden Infant Death Syndrome (SIDS) គឺជាអ្វី?
យោងតាមការចុះផ្សាយរបស់គេហទំព័រ mayoclinic បានឲ្យដឹងថា អាការ Sudden Infant Death Syndrome (SIDS) គឺជាការស្លាប់ដែលមិនអាចពន្យល់បាន ជាធម្មតាអំឡុងពេលគេងរបស់ទារកអាយុតិចជាងមួយឆ្នាំ ដែលមើលទៅហាក់ដូចជាមានសុខភាពល្អ។

ថ្វីបើមូលហេតុមិនត្រូវបានគេដឹងក៏ដោយ ប៉ុន្តែវាហាក់ដូចជាថា SIDS អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិការភាពនៅក្នុងផ្នែកនៃខួរក្បាលរបស់ទារកដែលគ្រប់គ្រងការដកដង្ហើម និងការដាស់អារម្មណ៍ពីការគេង។
កត្តាដែលធ្វើឲ្យទារកប្រឈមនឹងអាការ SIDS
- ទារកគេងផ្កាប់មុខ ឬ គេងផ្អៀងខ្លាំង
- បន្ទប់ទារកគេងមានកម្តៅខ្លាំង
- កន្លែងទារកគេងដូចជា ពូក ភួយ ឬ ខ្នើយ មានសភាពទន់ពេក
- ស្រ្តីជក់បារីក្នុងអំឡុងពេលពពោះ
- នៅជុំវិញអ្នកដែលជក់បារី ឬ កន្លែងដែលមានផ្សែងច្រើន
- ម្ដាយមានអាយុតិចជាង២០ឆ្នាំពេលពពោះកូនលើកដំបូង
- ទារកដែលកើតជាមួយម្ដាយ ដែលគ្មានការថែទាំត្រឹមត្រូវអំឡុងពេលមានផ្ទៃពោះ
- ទារកកើតមិនគ្រប់ខែ ឬ ទារកកើតមកមានគីឡូតិចជាងស្ដង់ដារកំណត់
ឪពុកម្តាយអាចកាត់បន្ថយការស្លាប់ដោយ SIDS បានតាមរបៀបដូចខាងក្រោម៖
- ទម្លាប់ទារកឲ្យគេងផ្ងារ
- ដាក់ទារកឲ្យគេងលើផ្ទៃដែលមិនងាយទ្រុឌ និងដកតុក្កតា ឬ ភួយដែលមិនប្រើ ចេញពីគ្រែគេងរបស់ទារក
- រក្សាសីតុណ្ហភាពបន្ទប់ទារកគេង ឲ្យត្រជាក់ល្មម
- កុំជក់បារីក្នុងអំឡុងពេលពពោះ និងកុំឲ្យនរណាម្នាក់ជក់បារីជុំវិញទារក
- បំបៅកូនដោយទឹកដោះម្ដាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mayoclinic
ចុចអាន៖ ពិស្ដារ មន្ទីរពេទ្យគន្ធបុប្ផា ឆ្លើយតបករណីមរណភាពកុមារី ដែលឪពុកបង្ហោះការមិនពេញចិត្ត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី