សុខភាព
ជំងឺដំបៅក្រពះ អាចគ្រោះថ្នាក់ដល់ជីវិត!
ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើអោយអ្នកជំងឺសំរាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើអោយបាត់បង់អាយុជីវិត។ ការស្វែងយល់ពីជំងឺនេះ អាចជួយអោយយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ ។
ក) មូលហេតុចំបង២ដែលអាចអោយមានដំបៅក្រពះ៖
១) មេរោគក្រពះ (មេរោគ Helicobater Pylori): មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារដែលមានមេរោគនេះចូលទៅ ក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើអោយមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើអោយមានការរលាកក្រពះ ដែលយូរៗទៅធ្វើអោយមានជាដំបៅក្រពះ។ បើមិន មានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចបង្កអោយមានជំងឺមហារីកក្រពះ។
២) ថ្នាំឈឺសន្លាក់៖ ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើអោយមានបញ្ហាដំ បៅក្រពះ ព្រោះថ្នាំនេះធ្វើអោយស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចអោយអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាច ធ្វើអោយមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលអោយបានត្រឹមត្រូវ។
ខ) រោគសញ្ញា៖ ជាទូទៅជំងឺនេះស្តែងចេញនូវអាការៈដូចខាងក្រោមៈ
– ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
– ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
– ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
– អាចមានការក្អួតចង្អោរ
– មានអារម្មណ៏ថាពិបាកក្នុងការរំលាយអាហារ
អ្នកជំងឺអាចមានរោគសញ្ញា ឬគ្មានរោគសញ្ញា ជួនកាលអ្នកជំងឺអាចដឹងថាមានបញ្ហាដំបៅក្រពះ ដោយសារមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះ ។
គ) ការធ្វើរោគវិនិច្ឆ័យ៖ ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំនែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះ ថាជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។
ឃ) ផលវិបាកនៃជំងឺដំបៅក្រពះមាន២ធំៗ៖
– ការហូរឈាមក្រពះ ៖ ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោរបង់លាមកមានឈាមខ្មៅ, ស្លេកស្លាំង, វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមអោយបានត្រឹមត្រូវ។
– ការធ្លាយក្រពះ ៖ អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង, អត់ផោម, អត់បន្ទោរបង់, ពេលស្ទាបពោះមានសភាព រឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលអោយបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេ។
ង) វិធីព្យាបាល៖
– ជំងឺដំបៅក្រពះអាចព្យាបាលដោយប្រើថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះរយៈពេលពី៦ ទៅ ៨ សប្តាហ៏។
– បើមានមេរោគក្រពះ អ្នកជំងឺត្រូវបន្ថែមថ្នាំសំលាប់មេរោគរយៈពេល១០ ទៅ១៤ថ្ងៃបន្ថែមទៀត។
– អ្នកជំងឺត្រូវបញ្ឈប់ការប្រើថ្នាំឈឺសន្លាក់ ឬថ្នាំបំបាត់ការឈឺចាប់ទាំងឡាយគ្មានវេជ្ជបញ្ជា និងគ្មានការតាមដានច្បាស់លាស់ ព្រោះអាចធ្វើអោយដំបៅក្រពះ មិនអាចជាសះស្បើយ នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។
– អនាម័យជាវិធីមួយដែលល្អក្នុងការព្យាបាល ឬបង្ការការឆ្លងមេរោគក្រពះ យើងគួរបរិភោគនូវអាហារដែលមានអនាម័យត្រឹមត្រូវ នឹងមានការលាងសំអាតដៃជាមួយសាប៊ូ មុននឹងបរិភោគអាហារ។
«ក្រុមការងារថែទាំព្យាបាលឯកទេសផ្នែកក្រពះ ថ្លើម និងពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សូមផ្តាំផ្ញើរជូនលោក លោកស្រី មេត្តាយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់លោកអ្នកជាប្រចាំដើម្បីចៀសវាងការថ្លោះធ្លោយជាយថាហេតុដែលបណ្តាលអោយសុខភាពអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ ៖ រស្មី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់