សុខភាព
ខណៈ WHO ព្រមានដល់ថៃ ពីសេរ៉ូក្អក សម្លាប់កុមារ, តើកម្ពុជា មានករណីនេះ ឬយ៉ាងណា?
អង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់ប្រទេសនានា ក្នុងនោះក៏មានថៃ ជាប្រទេសជិតខាងកម្ពុជាផងដែរ ខណៈថ្នាំទឹកសេរ៉ូក្អក ដែលផលិតដោយប្រទេសឥណ្ឌាចំនួន ៤ប្រភេទ បានសម្លាប់កុមារសរុបឡើងដល់ ១៦៥នាក់ នៅក្នុងប្រទេសហ្គាំប៊ី និងឥណ្ឌូណេស៊ី។

មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មុននេះបន្តិច នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះថា ឱសថទឹកសេរ៉ូក្អក ចំនួន ៤ ប្រភេទ របស់ឥណ្ឌា ដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្ន និងហាមប្រើប្រាស់នោះ មិនមានចុះបញ្ចិកា នៅក្រសួងសុខាភិបាលកម្ពុជាឡើយ ហើយប្រភេទថ្នាំទាំងនេះ ក៏មិនមានការចរាចរស្របច្បាប់នៅលើទីផ្សារកម្ពុជាដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា៖ “ប្រទេសកម្ពុជាអត់មានកុមារឈឺ ឬស្លាប់ ឬបញ្ហាអ្វីទាក់ទងនឹងការប្រើទឹកសេរ៉ូក្អកទាំង ៤ប្រទេស របស់ប្រទេសឥណ្ឌានោះទេ”។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល ពិតជាបានធ្វើការយ៉ាងហ្មត់ចត់ចំពោះករណីនេះ បន្ទាប់ពីក្រសួងបានប្រកាសថា មិនមានការផ្តល់បញ្ជិកា ឱ្យនាំចូលថ្នាំប្រភេទទាំងនោះមកកម្ពុជា។

លោក ផាន អូន បញ្ជាក់ថា៖ “ទោះយ៉ាងណា ក.ប.ប. នៅតែបន្តឃ្លាំមើលនៅតាមបណ្តាទីផ្សារ តាមដេប៉ូ តាមម៉ាត និងបណ្ដាកន្លែងលក់តូចតាច ដើម្បីឱ្យប្រាកដថា គ្មានការចរាចរដោយសុខច្បាប់ចំពោះឱសថទាំង ៤ នេះ ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗកម្ពុជា”។
គួររំលឹកថា កាលដើមខែតុលានេះ WHO បានប្រកាសអាសន្នសាកលមួយ និងព្រមានពីការប្រើប្រាស់ឱសថទឹកសេរ៉ូក្អកទាំង ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឥណ្ឌាមួយមានឈ្មោះ Maiden Pharmaceuticals ដោយថា ឱសថនោះ ពុំបានផ្តល់ការធានាអំពីសុវត្ថិភាពឱសថឡើយ។ ឱសថទឹកសេរ៉ូក្អកចំនួន ៤ ប្រភេទនោះ មានដូចជា Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup and Magrip N Cold Syrup ដោយអង្គការសុខភាពពិភពលោក អះអាងថា ឱសថទាំងនេះអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន ៦៦ នាក់នៅប្រទេសហ្គាំប៊ី។

អង្គការ WHO បានឱ្យដឹងថា យោងតាមការវិភាគមន្ទីរពិសោធន៍ រកឃើញថា ទឹកសេរ៉ូក្អកទាំង ៤ ប្រភេទនេះ មានផ្ទុកនូវបរិមាណមិនអាចទទួលយកបាន នៃ diethylene glycol និង ethylene glycol ដែលវា គឺជាសារធាតុម្យ៉ាង ដែលមានជាតិពុលដល់មនុស្ស និងអាចស្លាប់នៅពេលទទួលទាន។ ផលិតផលត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសហ្គាំប៊ី។ ប៉ុន្តែពួកគេប្រហែលជាត្រូវបានចែកចាយទៅកាន់ប្រទេសផ្សេងទៀតតាមរយៈទីផ្សារក្រៅផ្លូវការ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ