Connect with us

សុខភាព

ហើម​សួត​ស្រួចស្រាវ ជា​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​!

បានផុស

នៅ

​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​នៃ​ការ​ហើម​សួត​ស្រួចស្រាវ តែង​ចូល​មក​ផ្នែក​សង្គ្រោះ​បន្ទាន់​ជា​ញឹកញាប់ ដែល​ជា​ប្រភេទ​រោគសញ្ញា​មួយ​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​។ ដូច្នេះ​ការធ្វើ​រោគវិនិច្ឆ័យ​ ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស និង​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ហើម​សួត​ស្រួចស្រាវ (​ភាសា​ខ្មែរ​យើង​ជាទូទៅ​និយាយ​ថា ទឹក​ចូល​សួត​) គឺ​ការ​មាន​ដក់​ទឹក​នៅ​ក្នុង​សាច់​សួត​យើង​ដែល​អាច​កើតឡើង​សន្សឹមៗ ឬ​កើតឡើង​យ៉ាង​គំហុក​តែ​ម្តង​។​

១) មូលហេតុ​

​ក​. ហើម​សួត​ស្រួចស្រាវ​បណ្តាលមកពី​បេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែល​បណ្តាលឲ្យ​សម្ពាធ​ឈាម​ក្នុង​អាក់ទែ​ពុល​ម៉ូ​ណែ​ឡើង​ខ្ពស់ ហើយ​ឲ្យ​ទឹក​ប្លា​ស្មា​ចេញពី​សរសៃឈាម​ចូលក្នុង​សាច់​សួត​។ ដែលមាន​មូលហេតុ​ដូចជា​

– បេះដូង​យើង​កង្វះ​សមត្ថភាព​រុញច្រាន​ឈាម​ចេញពី​បេះដូង (​បេះដូង​ខាងឆ្វេង​)

– បេះដូង​យើង​មាន​វិបត្តិ​ចង្វាក់បេះដូង​

– បេះដូង​យើង​មាន​ជំងឺ​ប្រឺស​បេះដូង​

– សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាមៗ​

​ខ​. ហើម​សួត​ស្រួចស្រាវ​បណ្តាល​មក​ពី​ដាច់​ស្រទាប់​ ដែល​ខណ្ឌ​សរសៃឈាម និង​សាច់​សួត (Œdème pulmonaire lésionnel) ហើយ​បណ្តាល​ឲ្យ​ទឹក​ប្លា​ស្មា​ចេញពី​សរសៃឈាម​ចូល​ទៅ​ក្នុង​សាច់​សួត​។ ដែល​មូលហេតុ​បណ្តាល​មក​ពី​

– ជំងឺ​សួត​ដែល​បណ្តាល​មក​ពី​ពពួក​បាក់តេរី ឬ​វីរុស​

– ការបង្ក​រោគ​ដោយ​ជំងឺ​ផ្សេងៗ ហើយ​បណ្តាល​ឲ្យ​សុក (Choc septique)

– ការ​ហឺត​ចូល​សួត​នូវ​ឧស្ម័ន​ ដែល​មាន​ជាតិពុល (Inhalation de gaz toxique)

– ការ​ហៀរ​ទឹក​ក្រពះ​ចូល​សួត (inhalation du liquide gastrique)

– ការប៉ះទង្គិច​ទៅលើ​សួត​ដោយ​មូលហេតុ​ផ្សេងៗ​

២) រោគសញ្ញា​

– ហត់​ដង្ហក់​ចាប់ផ្តើម​ឡើង​ភ្លាមៗ​ជាពិសេស​នៅពេល​យប់​

– មុន​ការ​ហត់​ដង្ហក់ ចាប់ផ្តើម​ឡើង​ដោយ​រមាស់​ក ក្អក​ខ្លាំង​ជាប់​គ្នា​អត់​មាន​ស្លេះ ហើយ​ប្រហែល ២ ឬ ៣​នាទី ក្រោយមក​មាន​ស្លេះ មាន​ពពុះ​សៗ ជួនកាល​មាន​លាយ​ឈាម​ប្រាៗ​ទៀតផង​

– មាន​លឺ​សំឡេង​ខ្សាវៗ​នៅ​ក្នុង​ករ​បស់​អ្នកជំងឺ (grésillement laryngé)

– អ្នកជំងឺ​ឡេះឡះ​ខ្លាំង បែកញើស​ត្រជាក់ ស្វាយបបូរមាត់ និង​ចុងដៃចុងជើង​

– រោគសញ្ញា​ធ្ងន់ធ្ងរ​

• ចង្វាក់​ដង្ហើម​ខ្សោយ​ហើយ​យឺត​

• ឡើង​ស្វាយ ឬ ឡើង​ខ្ជឹង​ពេញ​ខ្លួន​

• អ្នកជំងឺ​មិនអាច​និយាយបាន ស្មារតី​ថយចុះ ឡេះឡះ​

• សម្ពាធ​ឈាម​ស៊ី​ស្តូ​លិច​តិចជាង ១១០​មី​លី​ម៉ែត្រ​បា​រ៉​ត​រហូតដល់​សុក​

• ការប្រែប្រួល​រោគសញ្ញា​គ្លីនិក​លឿន​

៣) មធ្យោបាយ​ការពារ​

– ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បេះដូង ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ហើម​សួត ត្រូវ​តម​ប្រៃ រក្សា​លំនឹង​សម្ពាធ​ឈាម ព្យាបាល​ឲ្យ​បាន​ឆាប់រហ័ស​រាល់​មូលហេតុ ដែល​ធ្វើ​ឲ្យ​ជំងឺ​បេះដូង​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​

– ត្រូវមាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ​

• មិន​ពិសា​បារី មិន​ពិសា​គ្រឿង​ស្រវឹង ឬ​ពិសា​តិចតួច តាមដាន​ទម្ងន់​ខ្លួនឯង កម្រិត​បរិមាណ​ស្ករ និង​ខ្លាញ់​ដែល​បរិភោគ​ប្រចាំថ្ងៃ​

• ហាត់​កីឡា ឬ​ហាត់ប្រាណ​យ៉ាងតិច​ឲ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​

“​ប្រសិនបើ​មាន​រោគសញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាងលើ និង​ដើម្បី​បន្ថយ​ហានិភ័យ​អាយុជីវិត​នៃ​ការ​ហើម​សួត​ស្រួចស្រាវ សូម​អស់​លោកអ្នក​មក​ជួប​ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទទួល​បាន​ការព្យាបាល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​ស្ទះ​ពោះវៀន​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម