Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្តព្រមាន! មេរោគផ្តាសាយបក្សី អាចបំប្លែងខ្លួន ហើយឆ្លងមកមនុស្ស

បានផុស

នៅ

មន្ត្រីសុខាភិបាលមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យមានចំណាត់ការជាអន្តរជាតិ ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា វីរុសនេះអាចបំប្លែងខ្លួន និងឆ្លងមកមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថនិកសត្វមួយចំនួន ត្រូវបានគេរកឃើញថាកំពុងផ្ទុកមេរោគឆ្លងនេះរួចទៅហើយ ចំពេលមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។

មេរោគ H5N1 បានសម្លាប់សត្វស្លាបប្រហែល ២០៨លានក្បាលរួចទៅហើយនៅជុំវិញពិភពលោក ប៉ុន្តែ​តួលេខ​ចុងក្រោយ​បង្ហាញ​ថា មាន​​ថនិកសត្វយ៉ាងតិច២០០ក្បាលក៏​ឆ្លង​ជំងឺ​នេះ​ដែរ​។

នៅចក្រភពអង់គ្លេស ទីភ្នាក់ងារសុខភាពសត្វ និងរុក្ខជាតិ (APHA) បានរកឃើញសត្វកណ្ដុរ និងកញ្ជ្រោងចំនួន៩ក្បាល ដែលធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លងខ្លាំង H5N1។ នៅសហរដ្ឋអាមេរិក មេរោគនេះត្រូវបានគេរកឃើញនៅក្នុងសត្វកំប្រុក ខ្លាឃ្មុំ រ៉ាក់ខូន និងកញ្ជ្រោងក្រហម។

ចណែកនៅ​ប្រទេស​បារាំង មេរោគ​នេះ​បាន​ឆ្លង​ដល់សត្វ​ឆ្មា ហើយ​ក៏​បាន​បង្កឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៅ​កសិដ្ឋានសត្វសំពោចរបស់​ប្រទេសអេស្ប៉ាញផងដែរ។ លើសពីនេះ ជំងឺគ្រុនផ្តាសាយបក្សី ក៏ត្រូវបានគេរកឃើញនៅក្នុងសត្វផ្សោតដែរ។

ក្រុមអ្នកស្រាវជ្រាវជឿថា សត្វទាំងនេះបានឆ្លងវីរុស ដោយសារការស៊ីសត្វបក្សីដែលងាប់ឬឈឺជំងឺនេះ។ អ្នកវិទ្យាសាស្រ្តកត់សម្គាល់ថា មេរោគដែលរកឃើញនៅក្នុងសត្វទាំងនេះ បង្ហាញសញ្ញានៃការបំប្លែង ដែលអនុញ្ញាតឲ្យវាឆ្លងទៅថនិកសត្វកាន់តែងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមិនទាន់រកឃើញព័ស្តុតាងណាមួយដែលបង្ហាញថា មេរោគនេះមានសមត្ថភាពចម្លងពីថនិកសត្វទៅថនិកសត្វនោះទេ។

ឥឡូវ មន្ត្រី​សុខាភិបាល​សាធារណៈបានចេញការ​ព្រមាន​ថា មេរោគ​នេះអាច​បន្តបំប្លែងខ្លួន និងបង្កើន​សមត្ថភាព ហើយ​ថែម​ទាំងអាចចម្លងមក​មនុស្ស​ទៀត​ផង។ យ៉ាងណាក្តី ពួកគេបានកត់សម្គាល់ថា ហានិភ័យចំពោះសាធារណជនគឺទាបណាស់។

យោងតាមអង្គការសុខភាពពិភពលោក (WHO), មានករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 មកមនុស្សប្រហែល ៨៣០ ករណីក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយក្នុងនោះ ៤៥៧ករណីបានស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ជប៉ុន​ សម្លាប់សត្វមាន់ ៤៥ម៉ឺនក្បាល ដោយសារផ្ទុះជំងឺផ្តាសាយបក្សីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម