អ្វី​ទៅជា​ជំងឺ​កន្ទុយថ្លែន​ – Kampuchea Thmey Daily
Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​កន្ទុយថ្លែន​

Published

on

​ជំងឺ​កន្ទុយថ្លែន​ជា​ប្រភេទ​ជំងឺ​ដែល​កើតមាន​នៅលើ​ភ្នាស​ ស​ នៃ​ភ្នែក ដោយមាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស មាន​រាង​ដូច​ស្លាប​សត្វ ឬ​រាង​ជា​ត្រីកោណ និង​មាន​សរសៃឈាម​ដុះ​មកជា​មួយ​។ ភ្នាស​កន្ទុយថ្លែន​ អាចមាន​ការលូតលាស់​ពី​កម្រិត​តូច​ស្តើង ទៅកាន់​កម្រិត​ធំ​ក្រាស់ ដែល​ភ្នាស​នេះ​ អាច​ដុះ​គ្រប​លើ​កញ្ចក់ភ្នែក ដោយ​ចាប់ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​ នៃ​កញ្ចក់ភ្នែក​ ទៅកាន់​ផ្នែក​កណ្តាល​ នៃ​កញ្ចក់ភ្នែក រហូតដល់​បាំង​កូនក្រមុំ​ ប្រសិនបើ​មិនបាន​ធ្វើការ​ការពារ​និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​។​

ក​) រោគសញ្ញា​នៃ​ជំងឺ​កន្ទុយថ្លែន​៖ ជាទូទៅ​ជំងឺ​កន្ទុយថ្លែន​ មិន​បង្កឱ្យមាន​ការឈឺចាប់​ខ្លាំង​នោះទេ ប៉ុន្តែ​វា​អាចធ្វើឱ្យអ្នកជំងឺ​មាន​អា​ការៈ មិន​ស្រួល​ដូចខាងក្រោម​៖

– ផ្សា​ភ្នែក ក្តៅ​ក្នុង​ភ្នែក និង​រកាំភ្នែក​

– ក្រហម​ភ្នែក​ នៅត្រង់​ភ្នាស​កន្ទុយថ្លែន​ ដែលមាន​រលាក​

– ស្រវាំងភ្នែក​ ក្នុងករណី​ភ្នាស​កន្ទុយថ្លែន​ដុះ​ធំ​ក្រាស់​មកលើ​កញ្ចក់ភ្នែក រឺ​ដុះ​បាំង​កូនក្រមុំ​។​

ខ​) កត្តា​ប្រឈម​ដែល​អាច​បង្ក​ឱ្យកើត​ជំងឺ​កន្ទុយថ្លែន​៖ កត្តា​ដែល​អាច​បង្ក និង​ជម្រុញ​ឱ្យភ្នាស​កន្ទុយថ្លែន​ដុះ​ឡើង និង​លូតលាស់​កាន់តែ​ធំ​គឺ៖

– ការ​ប៉ះ​ជាមួយ​កាំរស្មីព្រះអាទិត្យ​ខ្លាំង ដែល​ជះ​មកលើ​ភ្នែក​ជា​ញឹកញាប់ “​ការស្រាវជ្រាវ​បាន​រក ឃើញថា អត្រា​នៃ​អ្នក​កើត​ជំងឺ​កន្ទុយថ្លែន​ មាន​ច្រើន​នៅ​ប្រទេស​ ដែល​ទទួល​កាំរស្មីព្រះអាទិត្យ (​កាំរស្មី UV) កម្រិត​ខ្ពស់ និង​នៅលើ​ប្រជាជន​ដែល​ធ្វើការ​ក្រោម​ពន្លឺព្រះអាទិត្យ​ខ្លាំង​”

– ភាពកខ្វក់ ​នៃ​បរិស្ថាន និង​បរិយាកាស​ ដែលមាន​ធូលី និង​ខ្យល់​ខ្លាំង​

– អាយុ​កាន់តែច្រើន កាន់តែ​ធ្វើឱ្យអ្នក​ប្រឈម​ខ្ពស់​នឹង​ការកើត​ជំងឺ​កន្ទុយថ្លែន​

– កត្តា​ខាងលើ​រួមបញ្ចូល​គ្នា​បង្ក​ឱ្យអ្នកជំងឺ​ប្រឈម​នឹង​ការកើត​ជំងឺ​កន្ទុយថ្លែន​កាន់តែ​ខ្ពស់​។​

គ​) ការការពារ​ជំងឺ​កន្ទុយថ្លែន​៖

– ការពាក់​វ៉ែនតា ​ការពារ​ភ្នែក​ ពី​កាំរស្មីព្រះអាទិត្យ និង​ធូលី ជា​វិធី​ដ៏​ងាយស្រួល និង​ល្អ​បំផុត​ក្នុងការ​ការពារ​អ្នក​មិនឱ្យកើតមាន​នូវ​ជំងឺ​កន្ទុយថ្លែន​។​

– ការពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស អាចជួយ​អ្នក​ក្នុងការ​ការពារ និង​កាត់បន្ថយ​ការ​ដុះ​លូតលាស់​លឿន​ នៃ​ភ្នាស​កន្ទុយថ្លែន​។​

ឃ​) រោគវិនិច្ឆ័យ​ នៃ​ជំងឺ​កន្ទុយថ្លែន​៖

– ការពិនិត្យ​ផ្ទាល់​ទៅលើ​លក្ខណៈ​សណ្ឋាន និង​រូបរាង​នៃ​ភ្នាស​កន្ទុយថ្លែន​ អាចឱ្យគ្រូពេទ្យ​រក​រោគ វិនិច្ឆ័យ​នៃ​ជំងឺ​កន្ទុយថ្លែន​បាន​ដោយ​ជាក់លាក់​។​

– ការរក​រោគវិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ រួម​ជា​មួយ​នឹង​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​ចក្ខុ​សាស្ត្រ ឬ​ចក្ខុ​មាត្រ​ការី ជា​កត្តា​ចម្បង​ក្នុងការ​ការពារ និង​ព្យាបាល​ជំងឺ​កន្ទុយថ្លែន​ប្រកប​ដោយ​ប្រសិទ្ធិភាព​។​

ង​) ការព្យាបាល​ជំងឺ​កន្ទុយថ្លែន​

– ការព្យាបាល​ជំងឺ​កន្ទុយថ្លែន​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម ​អាការៈ​នៃ​ជំងឺ និង​កម្រិត​នៃ​ភ្នាស​កន្ទុយ​ថ្លែន​។​

– ជំងឺ​កន្ទុយថ្លែន​ មិនអាច​ធ្វើការ​ព្យាបាល​ជាសះស្បើយ​តាមរយៈ​ការ​បន្តក់ថ្នាំ​ភ្នែក​ឡើយ​។​

– ការវះកាត់​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ល្អ អាចធ្វើឱ្យអត្រា​នៃ​ការ​ដុះ​ភ្នាស​កន្ទុយថ្លែន​ឡើងមក​វិញ​មាន​កាន់តែ​ខ្ពស់​។​

សូម​មក​ទទួលយក​ការពិនិត្យ ណែនាំ ដើម្បី​ការពារ និង​ព្យាបាល​ជំងឺ​កន្ទុយថ្លែន​ពី​ក្រុមគ្រូពេទ្យ​ឯក​ទេស​ចក្ខុ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សុខភាព និង​សោភ័ណភាព​ភ្នែក​របស់​អ្នក​៕

​អត្ថបទ ៖ រស្មី​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម