Connect with us

ព័ត៌មានជាតិ

ចិនជោគជ័យផលិត​ថ្នាំ​គ្រុនចាញ់ ចែករំលែកបទពិសោធន៍ការព្យាបាលជំងឺគ្រុនចាញ់ដល់មន្ត្រីកម្ពុជា

បានផុស

នៅ

អ្នកជំនាញសុខភាពប្រទេសចិនបានមកចែករំលែកបទពិសោធន៍ទាក់ទិនទៅនឹងការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់មន្ត្រីសុខាភិបាលកម្ពុជា ខណៈកម្ពុជាគ្រោងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់នៅឆ្នាំ​២០២៥។

ការផ្តល់បទពិសោធន៍របស់អ្នកជំនាញសុខាភិបាលចិននេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលហៃណាន-កម្ពុជា ក្រោមប្រធានបទ” បច្ចេកទេសបង្ការ និងកំចាត់ជំងឺគ្រុនចាញ់” ដែលសហការរៀបចំដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងអគ្គនាយកដ្ឋានរដ្ឋបាលផ្នែកបង្ការនិងគ្រប់គ្រងជំងឺនៃខេត្តហៃណាន​ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដែលចែកចេញការសិក្សាដោយផ្ទាល់ជាមួយអ្នកជំនាញសុខភាពសាធារណៈ រយៈពេល ៣ ថ្ងៃ និង ២ ថ្ងៃទៀតជាការធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពចំបក់ និងជួបជាមួយអ្នកស្ម័គ្រចិត្តគ្រុនចាញ់ភូមិរំដួលថ្មី។

លោកវេជ្ជបណ្ឌិត បានរំលឹកថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យ You You TU ជាជនជាតិចិនដែលបានទទួល​ពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រនៅឆ្នាំ ២០១៥ ដោយបានរកឃើញឱសថឈ្មោះ Artemisinin សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ដែលជាការរួមចំណែករបស់ប្រទេសចិនក្នុងសុខភាពសាកល និងបានថ្លែងអំណរគុណដល់ប្រតិភូខេត្តហៃណានប្រទេសចិន ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់​នេះឡើង ក្នុងគោលបំណងចែករំលែចំណេះដឹង និងបទពិសោធន៍សម្រាប់មន្ត្រីសុខាភិបាលកម្ពុជាដើម្បីបង្កើនចំណេះដឹង និងជំនាញបន្ថែមទៀតក្នុងការតាមដានគ្រប់គ្រងនិងព្យាបាលជំងឺគ្រុនចាញ់ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត និងបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតដើម្បីកម្ពុជាឈានទៅសម្រេចគោលដៅជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម