សុខភាព
មន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ វះកាត់ទារកអាយុ ២ ថ្ងៃ ម្នាក់ មានដៃ ៤ ជើង ៤ និងរន្ធគូទត្បៀតជិត ដោយជោគជ័យ
គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ (គន្ធបុប្ផា ទី ៤) វះកាត់ ទារក អាយុ ២ ថ្ងៃ ម្នាក់ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានអវយវៈលើ ៤ (ដៃ) អវយវៈក្រោម ៤ (ជើង) និងរន្ធគូទត្បៀតជិត ចំនួន ៤ លើក ដោយជោគជ័យ។

នៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា ទារកអាយុ ២ ថ្ងៃ ម្នាក់ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូតតាមផ្លូវធម្មជាតិ មានមកពីកំណើតនូវ អវយវៈលើ ៤ (ដៃ) អវយវៈក្រោម ៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសម្រាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ (គន្ធបុប្ផា ទី ៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។

ផេកហ្វេសប៊ុកដដែលបានបន្តថា ទារកខាងលើ បានឆ្លងការវះកាត់ចំនួន ៤ លើក ដោយជោគជ័យ ក្នុងនោះ ការវះកាត់លើកទី ១ គឺ ការវះកាត់យកអវយវៈលើ ១ គូ (ដៃ) ចេញ , ការវះកាត់លើកទី ២ គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីឲ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្ដោះអាសន្ន , ការវះកាត់លើកទី ៣ គឺ ការវះកាត់យកអវយវៈក្រោម ១ គូ (ជើង) ចេញ , ការវះកាត់លើកទី ៤ គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទម្រង់ពីកំណើតចេញ។
ផេកហ្វេសប៊ុកដដែលក៏បានបន្ថែមថា ក្រោយការព្យាបាលវះកាត់ទាំង ៤ លើក ទារកទទួលបានសុខភាពល្អ លូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និងមានប្រសិទ្ធភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។ ហើយនៅព្រឹកថ្ងៃអង្គារ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្ដាយ និងមានការណាត់ជួបគ្រូពេទ្យវះកាត់ ៣ ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញ និងជួសជុលរន្ធគូទ។
សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើង ចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា