សុខភាព
អគារសម្ភពថ្មី នៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ សម្ពោធដាក់ឱ្យដំណើរការ សរុប ១២០ គ្រែ
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣) ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ពិធីនេះក៏មានការអញ្ជើញពី ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អភិបាលរងខេត្តសៀមរាប លោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស Dr. Med.Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល។
អគារសម្ភពថ្មី នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន ១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ ១៥០០ ម៉ែត្រទ្វេគុណ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ ហិកតា ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥ លានដុល្លារអាមេរិក និងប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ការបំពាក់សម្ភារបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ ដូចខាងក្រោម៖
– សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ
– បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត
– ត្រូវបន្តចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត
– សូមចូលរួមរក្សា និងតម្កល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុកចិត្តពីសាធារណជន។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមព្រះបរមរាជានុញ្ញាតសម្ដែងអំណរព្រះគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត សូមថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមថ្វាយករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួត និងគាំទ្រដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលតាំងពីដើមរៀងមក។
សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាព ដោយឥតរើសអើងជូនដល់ប្រជាពលរដ្ឋ ពិសេសដល់កុមារកម្ពុជា។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា