ព័ត៌មានជាតិ
២៥ ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការពិនិត្យព្យាបាល និងសង្គ្រោះកុមារកម្ពុជា ជាង ២,៥ លានករណី
ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ ដែលជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងស្ថិតនៅខេត្តសៀមរាប បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា ជាង ២,៥ លានករណី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី ២១ កុម្ភៈ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធខួប ២៥ ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពដល់កុមារនៅកម្ពុជា មិនថាពួកគេរស់នៅទីណា និង មាន ឬ មិនមានលទ្ធភាពក៏ដោយ។
លោកវេជ្ជបណ្ឌិត បានបន្តថា ដើម្បីអបអរសាទរនៅក្នុងខួប ២៥ ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលមានដូចជា ៖ កម្មវិធីជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ នាថ្ងៃទី ២១ ខែកុម្ភៈ។ ពិធីប្រគល់ទទួលប័ណ្ណសរសើរដល់បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បម្រើការងាររយៈពេល ២០ ឆ្នាំ និង ១០ ឆ្នាំ នាថ្ងៃទី ២៤ ខែកុម្ភៈ។

ជាមួយគ្នានេះដែរ មន្ទីរពេទ្យកុមារអង្គរ នឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ដើម្បីរៃអង្គាសមូលនិធិសម្រាប់អភិវឌ្ឍន៍ មជ្ឈមណ្ឌលរងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត បន្តទៀតថា រយៈពេល ២៥ ឆ្នាំ (១៩៩៩ – ២០២៤) កន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពក្នុងប្រទេសកម្ពុជា ដោយបានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយឯកទេស ក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារ ជាង ២,៥ លានករណី។

លោកវេជ្ជបណ្ឌិត បន្ថែមថា មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ឧត្តុង្គឧត្តមមួយ សម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយ ដោយមន្ទីរបានបណ្ដុះបណ្ដាលប្រមាណ ៧៨០ ០០០ នាក់ ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាល ទាំងក្នុង និងក្រៅមន្ទីរពេទ្យ។
ក្រៅពីនេះ នៅតាមសហគមន៍ជនបទមួយចំនួន ក្នុងខេត្តសៀមរាប និងព្រះវិហារ មន្ទីរពេទ្យ បាន លើកកម្ពស់ចំណេះដឹងដល់ឪពុកម្តាយ អាណាព្យាបាលអ្នកជំងឺ ទាក់ទងទៅនឹងបញ្ហាសុខភាពចម្បងៗ ជាច្រើន ដោយ មន្ទីរពេទ្យ បានអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ-ឃុំ ក្នុងខេត្តសៀមរាប និងព្រះវិហារ ចំនួនប្រមាណ ១,៥ លានវត្តមាន។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានបញ្ជាក់ថា «មន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជាអង្គភាព ដែលខ្ញុំបម្រើការងារនោះទេ។ ទីនេះប្រៀបបានដូចជាកូនរបស់ខ្ញុំដែរ! ក្នុងនាមជានាយកមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទសូមសម្តែងនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកសម្រេចនូវកិច្ចការងាររបស់មន្ទីរពេទ្យកុមារអង្គរ»។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា «យើងបានប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើន ប៉ុន្តែយើងតែងតែតស៊ូដោយភាពក្លាហាន និងក្តីមេត្តាករុណា។ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលរបស់យើង ប៉ុន្តែខ្ញុំក៏ដឹងអំពីតម្រូវការដែលនៅតែមានសម្រាប់ការពិនិត្យ ព្យាបាលដ៏ឯកទេស។ ខ្ញុំបាទ សូមបន្តអំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័ន ទាំងអស់ បន្តការបរិច្ចាគ និងគាំទ្រ មកកាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសក្នុងយុទ្ធនាការរៃអង្គាសខាងមុខនេះ ដើម្បីស្វែងរកមូលនិធិ ដើម្បីកសាងមជ្ឈមណ្ឌល រងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ