សុខភាព
ដើមឆ្នាំនេះ ស្ថានភាពជំងឺគ្រុនឈាមមានការកើនឡើងជិត ៤ ដង
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា នៅដើមឆ្នាំ ២០២៤ នេះ ស្ថានភាពជំងឺគ្រុនឈាមមានការកើនឡើងជិត ៤ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ កន្លងទៅ ដោយសារឆ្នាំនេះជាឆ្នាំស្ថិតក្នុងវដ្ដមានការផ្ទុះជំងឺគ្រុនឈាម ដែលតែងតែកើតឡើងរយៈពេល ៥ ឆ្នាំ ម្ដង។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៦ កុម្ភៈ នេះថា ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ ២០២៤ មានការកើនឡើងតាមខេត្តមួយចំនួន។ ជាក់ស្ដែងនៅសប្ដាហ៍ទី ៦ ឆ្នាំនេះ មានករណីជំងឺគ្រុនឈាមចំនួន ២ ៦៣៤ ករណី មានការកើនឡើងជិត ៤ ដង បើធៀបទៅនឹងសប្ដាហ៍ទី ៦ ដូចគ្នា កាលពីឆ្នាំ ២០២៣ ដែលមានចំនួន ៦៧២ ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា ខេត្តដែលមានករណីគ្រុនឈាមច្រើនមានដូចជា រាជធានីភ្នំពេញ កណ្ដាល សៀមរាប បន្ទាយមានជ័យ កំពង់ចាម ព្រៃវែង ក្រចេះ កំពង់ស្ពឺ បាត់ដំបង និងកំពង់ធំ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា មូលហេតុនាំឱ្យមានករណីជំងឺគ្រុនឈាមកើនឡើង ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុ ដូចជា អាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន ពិសេសឆ្នាំ ២០២៤ នេះ ជាឆ្នាំស្ថិតក្នុងវដ្តមានការផ្ទុះជំងឺគ្រុនឈាម ដែលតែងតែកើតឡើងរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺនេះទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឱ្យមានការរាតត្បាតទ្រង់ទ្រាយធំដូចជា ត្រូវសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជា សំបកកំប៉ុង សំបកដូង សំបកកង់ឡាន ទៅកប់ចោល ឬ ដុតចោល ព្រោះថា វត្ថុទាំងនោះអាចបង្កឲ្យកកើតជាដង្កូវទឹក វិវត្តន៍ទៅជាមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ក្នុងករណីមានអាការក្តៅខ្លួនខ្លាំង ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា និងកុំធ្វើការសាកល្បងព្យាបាលជំងឺគ្រុនឈាមដោយខ្លួនឯង ព្រោះអាចធ្វើឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប