ព័ត៌មានជាតិ
កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ ១៩ចំនួន១លានដូសពីគម្រោងកូវ៉ាក់
កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសពីគម្រោងកូវ៉ាក់ បន្ថែមពីលើការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ៧លាន ដូសដល់កម្ពុជាពីគម្រោងវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «កម្ពុជាគ្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសពីកូវ៉ាក់ ដែលជាការបន្ថែមទៅលើការផ្ដល់ជំនួយវ៉ាក់សាំងចំនួន៧លានដូសដល់កម្ពុជា ពីគម្រោងវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។ ទន្ទឹមនេះ ប្រទេសអូស្រ្តាលីក៏សន្យាថានឹងផ្ដល់ជំនួយវ៉ាក់សាំងចំនួន៣លានដូសដល់កម្ពុជាផងដែរ។»
ទាក់ទងនឹងជំនួយវ៉ាក់សាំង ចិនជាប្រទេសដំបូងគេដែលបានសន្យាផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា។ មកដល់ពេលបច្ចុប្បន្ន កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន៦០ម៉ឺនដូសហើយពីប្រទេសចិននៅ សល់៤០ម៉ឺនដូសទៀតដែលនឹងត្រូវបញ្ជូនមកជាបន្តបន្ទាប់។
បើតាមប្រសាសន៍របស់ លោកស្រី ឱ វណ្ណឌីន រហូតមកដល់ពេលលនេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាទៅលើក្រុមអាទិភាពដូចជាអ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៥,៨៦០នាក់ហើយ ដែលក្នុងនោះស្ត្រីមានចំនួន ១,៩៧៦ នាក់។

គម្រោងទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសបន្ថែមពីកូវ៉ាក់នេះបានកើតឡើង ស្របពេលដែលកម្ពុជាទើបមានករណីឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍លើកទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ទៅលើមនុស្សចំនួន ២៥នាក់ ក្នុងនោះជនជាតិចិនចំនួន២១នាក់ ជនជាតិវៀតណាមម្នាក់ ខ្មែរម្នាក់ និងអ្នកជំងឺពីរនាក់ទៀតដែលមកពីក្រៅប្រទេសជាកងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥នាក់នោះ ក្រសួងរកឃើញវីរុសកូវី១៩បំប្លែងខ្លួនថ្មីលើអ្នកជំងឺចំនួន៣នាក់ កាលពីម្សិលមិញ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន៤៧៥នាក់ និងកំពុងសម្រាកព្យាបាល ១១៦ នាក់។ ក្នុងចំណោមអ្នកជំងឺទាំង៥៩៣នាក់ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ មានចំនួន៩៩នាក់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាកើតមានព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ចំនួន ៣លើកហើយ ដោយក្នុងនោះករណីឆ្លងចូលសហគមន៍លើកទី១ បានកើតឡើងនៅក្នុងព្រឹត្តិការណ៍«៣វិច្ឆិកា» និងលើកទី២ នៅក្នុងព្រឹត្តិការណ៍ «២៨វិច្ឆិកា» ឆ្នាំ២០២០ ចំណែកព្រឹត្តិការណ៍ឆ្លងចូលសហគមន៍លើកទី៣បានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច