សុខភាព
ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់
ក្រសួងសុខាភិបាលបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ “START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត” និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព។ មូលធនមនុស្សមានសុខភាពល្អ មានគុណភាពជីវិតខ្ពស់ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឱ្យកត់សម្គាល់ពី ៣៧នាក់ ក្នុងចំណោម ១ ពាន់កំណើតរស់ក្នុង ឆ្នាំ២០០០ មកត្រឹមតែ ៨ នាក់ ក្នុងចំណោម ១ ពាន់កំណើតរស់ ក្នុងឆ្នាំ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល និតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមផ្តល់ជាអនុសាសន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាយើង ដូចតទៅ៖
– គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាយិកា គួរតែយល់ដឹងពីការសង្រ្គោះទារកក្រោយសម្រាលឱ្យបានគ្រប់ៗគ្នា ដោយមានការបណ្ដុះបណ្តាលដល់និស្សិតសុខាភិបាលមុនចូលបម្រើការងារ (Pre-Service Training) និងការបណ្តុះបណ្ដាលក្នុងពេលបម្រើការងារ (In Service Training)។
– ការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យផ្សេង គួរតែមានការសង្គ្រោះទារកឱ្យមានស្ថានភាពនឹងនរជាមុនសិន មុននឹងធ្វើការបញ្ចូន ហើយត្រូវធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យនោះ និងភ្ជាប់មកជាមួយនៅលិខិតបញ្ជូន ដែលបានបំពេញព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
– សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ គឺជាគ្រូបង្គោល ដើម្បីយកចំណេះដឹងនេះ ទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការចែករំលែកដល់សហភាតរៈ ដែលធ្វើការជាមួយគ្នា។
– ចំពោះវិស័យសាធារណៈ និងជាពិសេសវិស័យឯកជនដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសម្ភព ក៏ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល គ្រូពេទ្យ និងបុគ្គលិករបស់ខ្លួនឲ្យយល់ដឹងពីការសង្គ្រោះទារកនេះជាចាំបាច់។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យសុខាភិបាល ជាពិសេសសុខុមាលភាពទារកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ និងសូមជូនពរដល់អង្គសិក្ខាសាលាទទួលលទ្ធផលខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត និងសមាជិកនៃសមាគមគ្រូពេទ្យទារកកម្ពុជា នូវមេដាយ ចំនួន ៣៨គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររយៈពេលកន្លងមក។ ក្រសួងសុខាភិបាល នឹងរៀបចំការបំពាក់គ្រឿងឥស្សរិយយសមេដាយជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលមានស្នាដៃក្នុងការបំពេញការងារ។
គួរបញ្ជាក់ថា ពិធីនេះដែរមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង លោក Dr. Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្រ្តាចារ្យ Jean-Claude FAUCHER សាស្រ្តាចារ្យខាងផ្នែកទារក មកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Zurich ប្រទេសស្វីស ព្រមទាំង ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសមាជិក សមាជិកានៃសមាគមគ្រូពេទ្យទារកកម្ពុជា សរុបចំនួន ១៨៨រូប៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៦ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ