សុខភាព
រលាកច្រមុះរ៉ាំរ៉ៃ ជាការរំខានជីវិតរស់នៅប្រចាំថ្ងៃលោកអ្នក!
ក) អ្វីជាជំងឺរលាកច្រមុះរ៉ាំរ៉ៃ?
ការរលាកច្រមុះ និងរលាកប្រអប់ឆ្អឹងអមរន្ធច្រមុះ (Rhinosinusites) ជាជំងឺជួបប្រទះញឹកញាប់ ហើយជួនកាលអ្នកជំងឺគិតថា ជាភាពធម្មតារបស់គាត់។ ប៉ុន្តែលើសពីរោគសញ្ញាដែលធ្វើទុក្ខគាត់ជាប្រចាំនេះ យើងឃើញមានការវិវត្តន៍ទៅជារ៉ាំរ៉ៃ ឬលាប់សារចុះសារឡើង។ ជាផលវិបាកជំងឺនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ។

ខ) មានសញ្ញាមួយចំនួនចំពោះជំងឺរលាកច្រមុះរ៉ាំរ៉ៃ៖
១. ជំងឺរលាកច្រមុះមានរោគសញ្ញាច្រើនដូចជា៖
– តឹងច្រមុះ ហៀរសំបោរ កណ្តាស់ រមាស់ច្រមុះជាដើម
– តឹងច្រមុះ អាចតឹងម្ខាង សង្ខាង ឬឆ្លាស់គ្នា
ការតឹងច្រមុះនេះមាននៅពេលគេង ហើយអាចមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ ជួនកាលរំខាននៅពេលព្រឹក ជួនកាលនៅពេលសម្រាកដែលធ្វើឲ្យអ្នកជំងឺមិនអាចគេងបាន។ ហើយវាក៏អាចស្តែងចេញជាសញ្ញាផ្សេងទៀតរួមមាន ហ៊ឹងត្រចៀក គេងស្រម៉ុក ស្ងួតមាត់ ក្អកស្ងួត ឈឺបំពង់ក រលាកបំពងខ្យល់ និងរលាកទងសួតញឹកញាប់។ អ្នកជំងឺអាចកណ្តាស់ជាប់ៗគ្នាជាខ្សែ ឬទៅតាមពេល ជួនកាលហូរសំបោរធ្លាក់ទៅក្រោយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ទើសៗនៅគល់បំពង់ក មានភាពក្តៅក្រហាយ ឬរមាស់នៅបំពង់ក។
២. សញ្ញារួមផ្សំ៖
ជួនកាលអ្នកជំងឺមានឈឺក្បាល ឬមានអារម្មណ៍រំខានដល់ការដកដង្ហើម ដែលបញ្ជាក់ថាការដកដង្ហើមតាមច្រមុះមិនគ្រប់គ្រាន់។ អាការៈរមាស់ច្រមុះ ភ្នែក រន្ធត្រចៀក តែងតែជួបប្រទះជាញឹកញាប់ ជាពិសេសក្នុងករណី អាលែហ្ស៊ីច្រមុះទៅតាមរដូវកាល។ ជួនកាលអ្នកជំងឺអាចបាត់ក្លិន នៅពេលដកដង្ហើមចូល ឬអាចបាត់បង់ការដឹងរស់ជាតិអាហារផងដែរ។ លើសពីនេះអ្នកជំងឺអាចមានបញ្ហាដល់ទងសួត ហើយមិនបានចាប់អារម្មណ៍ ដូចជា ក្អក ហត់ពេលប្រឹងដកដង្ហើម ឬដកដង្ហើមលឺសូរសំលេងពេលល្ងាច តឹងទ្រូងជាដើម។ ការឡើងស្លេសដែលបណ្តាលមកពីប្រតិកម្មរបស់ទងសួត ច្រើនជួបប្រទះញឹកញាប់លើអ្នករលាកច្រមុះរ៉ាំរ៉ៃ ហើយនេះជាកត្តាប្រឈមមួយ ដែលអ្នកជំងឺអាចទៅជាកើតហឺតពេលក្រោយ។ នៅពេលខ្លះក្នុងរន្ធច្រមុះសភាពសាច់ក្នុងរន្ធច្រមុះ អាចបញ្ជាក់បានខ្លះពីអាលែហ្ស៊ី ឬជំងឺច្រមុះផ្សេងទៀត។

គ) មូលហេតុជំងឺរលាកច្រមុះ៖
រោគសញ្ញា និងសភាពក្នុងច្រមុះពុំមានលក្ខណៈពិសេសណាមួយដែលអាចឲ្យយើងកត់សំគាល់ពីមូលហេតុ របស់ជំងឺរលាកច្រមុះរ៉ាំរ៉ៃឡើយ។ រលាកច្រមុះរ៉ាំរ៉ៃមានមូលហេតុច្រើនណាស់ ក្នុងនោះអាលែហ្ស៊ី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ មួយចំណែកធំទៀតរលាកច្រមុះរ៉ាំរ៉ៃមិនមែនមូលហេតុអាលែហ្ស៉ី ហើយប្រហែល៣០%នៃការរលាកច្រមុះរ៉ាំរ៉ៃក៏អាចបណ្តាលមកពីមូលហេតុទាំងពីររួមគ្នា។
ក្នុងចំណោមរលាកច្រមុះរ៉ាំរ៉ៃមិនមែនអាលែហ្ស៉ី អាចមានមូលហេតុដូចជា៖
១. មកពីកត្តាខាងក្រៅដូចជា៖
– ការប្រើប្រាស់ថ្នាំលើសឈាម ថ្នាំបំបាត់តឹងច្រមុះជាដើម
– បណ្តាលមកពីមុខរបរដូចជា៖ កម្មកររោងចក្រ ឧស្សាហកម្មគីមីធំៗ ជាងឈើ ។ល។
– រលាកបណ្តាលមកពីចំណីអាហារ ញ៉ាំជាតិ Ethanol ញ៉ាំអាហាររស់ជាតិហឹរខ្លាំង ឬគ្រឿងសមុទ្រជាដើម។
– រលាកច្រមុះបណ្តាលមកពីបរិស្ថានជុំវិញ

២. មកពីកត្តាខាងក្នុងដូចជា៖
– ការប្រែប្រួលនៃអ័រម៉ូន ដូចជានៅពេលពរពោះ ឫ Hypothyroïdie ជាដើម
– រលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីវ័យជរា
– រលាកច្រមុះបណ្តាលមកពីសាច់ច្រមុះរួមស្វិត (Rhinites Atrophiques)
– រលាកច្រមុះដោយសារប្រព័ន្ធសរសៃប្រសាទក្នុងច្រមុះ (Rhinite vaso motrice)
ឃ) ការព្យាបាល៖
– ក្នុងករណីរលាកច្រមុះរ៉ាំរ៉ៃដោយអាលែហ្ស៊ី ការប្រើថ្នាំបាញ់ច្រមុះ (Corticoïdes Locaux) អាចមានប្រសិទ្ធិភាពខ្ពស់ ហើយមិនមានផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺឡើយ។
– ករណីប្រើថ្នាំបាញ់ច្រមុះមិនធូរស្រាល យើងប្រើថ្នាំ Antihistaminique រួមបញ្ចូលទៀត អាចធ្វើឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។
– ក្នុងករណីការរលាកច្រមុះដោយសារថ្នាំ នោះត្រូវបញ្ឈប់ប្រើប្រាស់ថ្នាំ គឺជាការចាំបាច់។
– រលាកច្រមុះនៅពេលមានផ្ទៃពោះ យើងអាចធ្វើការលាងសំអាតខាងក្នុងច្រមុះដើម្បីបានធូរស្រាល។

ករណីការរលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីភាពមិនធម្មតានៅក្នុងច្រមុះ យើងអាចធ្វើការវះកាត់ ដើម្បីកែសម្រួលមុខងារច្រមុះឲ្យមានសភាពធម្មតាវិញដូចជា៖
– ដុត ឬកាត់សាច់ច្រមុះក្នុងករណីហើមសាច់ច្រមុះ ដែលបណ្តាលឲ្យតឹងច្រមុះជាប្រចាំ។
– វះកាត់តម្រង់ឆ្អឹងជញ្ជាំងច្រមុះ ករណីវៀចឆ្អឹងខណ្ឌរន្ធច្រមុះខ្លាំង
ង) វិធីបង្ការ៖
– សំអាតផ្ទះសម្បែង និងឲ្យមានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់
– ស្នាក់នៅក្នុងផ្ទះ នៅពេលដែលមានធូលីហុយខ្លាំង ឬមានលំអងផ្កាច្រើន
– ពាក់របាំងការពារ (ម៉ាស់) ការពារធូលីចូលច្រមុះ និងមាត់
– ហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ និងងូតទឹកសម្អាតខ្លួនឲ្យបានស្អាតបន្ទាប់ពីមកពីខាងក្រៅ
– សម្អាតសត្វចិញ្ចឹមរបស់អ្នកជាប្រចាំ
– បន្ទប់គេង ត្រូវរើកម្រាលព្រំ បោសសំអាត និងបោកគក់ជាប្រចាំ
– ប្រុងប្រយ័ត្នចំពោះចំណីអាហារ ឬសម្ភារៈដែលងាយធ្វើឲ្យអាលែហ្ស៊ី។

“ការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ គឺជាការចាំបាច់ដើម្បីកាត់បន្ថយការចំណាយពេលវេលា និងធ្វើឲ្យគុណភាពនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព។ បើបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាលម៉ែត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីការពារ ការឆ្លងមេរោគរលាកថ្លើមប្រភេទ បេ ទៅទារក!

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង