សុខភាព
ក្រសួងសុខាភិបាល៖ បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍ផ្តាច់ការជក់បារីនោះទេ
ស្របពេលដែលនិន្នាការកើនឡើងនៃការជក់បារីអេឡិចត្រូនិក ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មីដល់សាធារណជន ជាពិសេសយុវវ័យ កុំប្រើប្រាស់បារីប្រភេទនេះ និងចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក
(E-cigarettes) ដែលបង្កគ្រោះថ្នាក់មកលើសុខភាពធ្ងន់ធ្ងរ។ ក្រសួងបានបញ្ជាក់ទៀតថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍ផ្តាច់ការជក់បារីនោះទេ តែជាផលិតផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល បញ្ជាក់ថា បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា នីកូទីន (Nicotine) ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ, បង់សែន (Benzene) ជាសារធាតុសរីរាង្គមានក្នុងផ្សែងរថយន្ត និងសារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលចេញផ្សាយនៅខែ ឧសភា ឆ្នាំ ២០២៤ ប៉ុន្តែក្រសួងបង្ហោះឡើងវិញនៅយប់ថ្ងៃទី៦ ខែធ្នូនេះ។

ក្រសួងព្រមានថា បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។
យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្ដាលឱ្យមានការប្រែប្រួលផ្លូវចិត្ត(Mood)។ ការប្រើប្រាស់
នីកូទីនអាចបណ្ដាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅព្រះរាជាណាចក្រកម្ពុជា ដោយសេចក្ដីណែនាំ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយហេតុថាផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកបើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ ក៏មានជនឆ្លៀតឱកាសបានធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកក្រោមខ្លឹមសារ បំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ក្រសួងសុខាភិបាល បញ្ជាក់ថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ។
ក្រសួងបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារី អេឡិចត្រូនិក។ ជាមួយគ្នានេះ ក្រសួងស្នើអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចាត់វិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុង ការអប់រំណែនាំ និងទប់ស្កាត់ការប្រើប្រាស់ការជួញដូរ និងចែកចាយបារីអេឡិចត្រូនិក ក្នុងតំបន់គ្របដណ្ដប់របស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ