ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ។
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដើម្បីអាចឲ្យយើងបានគិតទៅដល់ជំងឺរលាកថ្លើម មានការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសសាយធំ, មានការហើមជើងជាដើម…។
គួរកត់សំគាល់ផងដែរថា ជាង ៨០% នៃអ្នកជំងឺរលាកថ្លើមគឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន។
-ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះគឺវាអាចឆ្លងបានតាមរយៈ ការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។វិធានការក្នុងការបង្ការជំងឺនេះគឺ ជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេទដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា។ គួរសំគាល់ផងដែរថា យើងមិនមានវ៉ាក់ស៊ាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ។
-ការពិនិត្យសុខភាព និង ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូង (ថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីក) របស់ជំងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញាតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…)៕
ដោយ ៖ រស្មី