សុខភាព
២០២៥ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ជួយសង្គ្រោះជីវិតមនុស្ស
សម្រាប់ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សមានការកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ មីនា នេះថា តាមផែនការឆ្នាំ ២០២៥ នេះ យើងគ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក កើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ កន្លងទៅ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក ស្មើនឹង ១% នៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេស ១៧ លាននាក់ ដែលជាចំនួនមួយឈានដល់កម្រិតឆ្លើយតបទៅនឹងសូចនាកររបស់អង្គការសុខភាពពិភពលោកដែលបានដាក់ជូនមជ្ឈមណ្ឌលផ្តល់ឈាម។

លោកវេជ្ជបណ្ឌិត បានបន្តថា ឆ្នាំមុន ការប្រមូលឈាមមានកំណើនប្រមាណ ២៥% ហើយឈាមទាំងនោះបានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជាវះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមានជំងឺមហារីក និងជំងឺលាងឈាមជាដើម។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការទទួលបានអំណោយឈាមច្រើននេះដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់យុវជនយ៉ាងផុលផុស។ ជាក់ស្តែងដូចជានៅក្នុងទិវា នៃក្តីស្រលាញ់ដែលមានអ្នកចូលរួមបរិច្ចាគឈាមជាង ១ ពាន់ប្លោក និងនៅថ្ងៃទី ១៨ កុម្ភៈ ដែលរៀបចំឡើងដោយក្រុមពិធីករកីឡាមានអ្នកចូលរួមបរិច្ចាគឈាម ១ ២៥៨ ប្លោក ដែលមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិជាដើម។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា សន្ទុះ នៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង ១ ថ្ងៃ យើងមានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា «តាងនាមឱ្យមជ្ឈមណ្ឌលជាតិ សូមកោតសរសើរយុវជនកម្ពុជាដែលបានចូលរួមបរិច្ចាគឈាមយ៉ាងផុលផុស និងបានបំបែកឯកទគ្គកម្មការបរិច្ចាគឈាមដែលមានចំនួនច្រើនមិនធ្លាប់មានពីមុនមកដែលធ្វើឱ្យកំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្តកើនឡើងខ្ពស់។ សូមយុវជនបន្តចូលរួមការបរិច្ចាគឈាមនេះឱ្យបានផុលផុសបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ពិសេសជំងឺមិនឆ្លងដែលមានការកើនឡើង»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?