Connect with us

សុខភាព

មន្ត្រីជាន់ខ្ពស់ ៖ នៅកម្ពុជាមានអ្នកជំងឺត្រូវការឈាមរៀងរាល់ ៦ នាទីម្តង ដើម្បីសង្គ្រោះអាយុជីវិត

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​អះអាងថា​ ការបរិច្ចាគ​ឈាម​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ផងដែរ ខណៈ​បច្ចុប្បន្ន​មាន​អ្នកជំងឺ​ត្រូវការ​ឈាម​ជា​រៀងរាល់ ៦ នាទី​ម្តង។

ថ្លែង​នៅក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដែល​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​ព្រឹក​ថ្ងៃទី​ ២១ ​មីនា​នេះ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​ជំរុញ​ឱ្យ​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបាន​ច្រើន​បន្ថែម​ទៀត​ ដើម្បីឱ្យ​មជ្ឈមណ្ឌល​មានលទ្ធភាព​ផ្គត់ផ្គង់​ឈាម​បាន​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។ ម្យ៉ាងទៀត​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​គឺជា​ការបង្កើត​ទម្លាប់ និង​វប្បធម៌​ នៃ​ការ​ចែករំលែក​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​នៅក្នុង​សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា តាម​ផែនការ​ឆ្នាំ​ ២០២៥​ នេះ​ យើង​គ្រោង​នឹង​ប្រមូល​ឈាម​ឱ្យ​បាន​ ១ ​សែន ​៨​ ម៉ឺន​ប្លោក​ កើនឡើង​ ២០%​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២៤ ​កន្លងទៅ ​ប្រមូលបាន​ ១ សែន ​៧ ​ម៉ឺន​ប្លោក ​ស្មើ​នឹង​ ១%​ នៃ​ចំនួន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ ១៧​ លាន​នាក់ ​ដែលជា​ចំនួន​មួយ​ឈានដល់​កម្រិត​ឆ្លើយតប​ទៅនឹង​សូចនាករ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ដាក់​ជូន​មជ្ឈមណ្ឌល​ផ្តល់​ឈាម។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ថែម​ថា ឆ្នាំមុន​ការប្រមូល​ឈាមមាន​កំណើន​ប្រមាណ ​២៥%​ ហើយ​ឈាម​ទាំង​នោះបាន​យកទៅ​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ពាក់ព័ន្ធ​ទៅនឹង​គ្រោះថ្នាក់​ចរាចរណ៍ ស្ត្រី​ឆ្លងទន្លេ ការវះកាត់​ធំៗ ដូចជា​វះកាត់​ជំងឺ​បេះដូង ជំងឺមិនឆ្លង​រួមមាន​ជំងឺមហារីក ​និង​ជំងឺ​លាង​ឈាម​ជាដើម។

លោក​វេជ្ជបណ្ឌិត ​បានបញ្ជាក់​ថា សន្ទុះ ​នៃ​ការចូលរួម​បរិច្ចាគ​ឈាម​កើនឡើង​នេះ​បានធ្វើឱ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អាចមាន​លទ្ធភាព​ស្តុក​ឈាម​បាន​គ្រប់គ្រាន់​ ជួយ​កាត់បន្ថយ​ការ​បរិច្ចាគ​ឈាម​ជំនួស​សាច់ញាតិ និង​បងប្អូន​របស់​អ្នកជំងឺ​បាន​មួយកម្រិត​ ខណៈ​បច្ចុប្បន្ន​ក្នុង​ ១​ ថ្ងៃ​ យើង​មាន​តម្រូវការ​ឈាម​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់​ ៤០០ ​ប្លោក​ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​តម្រូវការ​ឈាម​ដល់ ​៣៥០ ​ប្លោក​ និង​តាម​ខេត្ត​ ៥០​ ប្លោក​ ដោយសារ​នៅតាម​ខេត្ត​ការវះកាត់​មាន​តិច​ជាង​នៅ​រាជធានី​ភ្នំពេញ ​ពោលគឺ​ក្នុង ​១​ នាទី​ ត្រូវការ​ឈាម ១ ប្លោក។

លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ឱ្យ​យុវជន​បន្ត​ចូលរួម​ការ​បរិច្ចាគ​ឈាម​នេះ​ឱ្យបាន​ផុលផុស​បន្ថែម​ទៀត​ ដើម្បីឱ្យ​មជ្ឈមណ្ឌល​ជាតិ​មាន​ស្តុក​ឈាម​គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ​ពិសេស​ជំងឺមិនឆ្លង​ដែលមាន​ការកើនឡើង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម