Connect with us

សុខភាព

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានចាត់តំណាងចូលរួមពិធីប្រគល់-ទទួល ម៉ាស៊ីនលាងឈាមចំនួន ០១គ្រឿងបន្ថែមទៀត ដែល​ជា​ប្រភេទ​ម៉ាស៊ីន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​ផលិត​នៅ​ប្រទេស​អាឡឺម៉ង់ ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត កែវ សូថា តំណាងរបស់ឯកឧត្តមអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ឯកឧត្តម​អ្នក​ឧកញ៉ា​បាន​ឧបត្ថម្ភ​ម៉ាស៊ីនលាងឈាមចំនួន២គ្រឿង​ប្រភេទ​នេះជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែក​ការ​ឧបត្ថម្ភ០១គ្រឿង​បន្ថែមទៀតនេះ គឺ​តប​តាម​ការ​ស្នើសុំ​របស់​លោក​ប្រធានមន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង ដោយហេតុ​ថា​អ្នក​ជំងឺ​ទឹកនោមផ្អែម​មាន​ការ​កើនឡើងជាបន្តបន្ទាប់ ហើយ​មន្ទីរពេទ្យកំពុងមានតម្រូវការ​ចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់សម្រាប់បង្កើនការសង្គ្រោះអាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដែលមានជំងឺទឹកនោមផ្អែមក្នុងខេត្តកំពង់ឆ្នាំង និង​ខេត្តជាប់គ្នានេះ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ឯកឧត្តម​អ្នកឧកញ៉ា តែងគិតគូរ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋកម្ពុជា ជា​ពិសេស​ខេត្តកំពង់ឆ្នាំង ដោយ​បាន​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្ត​បន្ទាប់​សរុប​ជា​ថវិកា​ជាង ៣៦ម៉ឺនដុលារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៥ ដោយមានការសាងសង់អគារសង្គ្រោះបន្ទាន់  និង​សម្ភារៈ​បរិក្ខារ ថ្នាំពេទ្យ សាងសង់​អគារ​សម្ភព ត​បណ្តាញទឹក ចាក់ដី ក្រួសក្រហមក្នុងបរិវេណមន្ទីរពេទ្យ ជា​ពិសេស​ម៉ាស៊ីនលាងឈាមសរុបចំនួន០៣គ្រឿង, ម៉ាស៊ីនបន្សុតទឹកចំនួន០១គ្រឿង, ម៉ាស៊ីនអេកូចំនួន០១គ្រឿងផលិតនៅសហរដ្ឋអាមេរិច ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​អេកូផ្ទៃពោះនិងបេះដូង, ម៉ាស៊ីនភ្លើតម្លៃជាង៥ម៉ឺនដុល្លារអាមេរិកចំនួន០១គ្រឿង, រទេះរុញចំនួន២០គ្រឿង និងជួសជុលអគារលាងឈាមមានបំពាក់ប្រព័ន្ធអុកស៊ីសែន ម៉ាស៊ីនត្រជាក់ បណ្ដាញអគ្គិសនី និងម៉ាស៊ីនUVសម្លាប់មេរោគ ជាពិសេសនៅអំឡុងពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលលោកបានឧបត្ថម្ភជាបន្តបន្ទាប់នូវ ម៉ាស អាកុល ទឹកសុទ្ធ និងភេសជ្ជៈជាដើម។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងនាមជាថ្នាក់ដឹកនាំ​និងមន្ត្រីរាជការក្នុង​មន្ទីរពេទ្យ ជាពិសេសអ្នកជំងឺផ្ទាល់ ​សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លាពោរពេញដោយមនុស្សធម៌របស់ឯកឧត្តមអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ជាពិសេសករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ ដែលតែងគិតគូរនិងឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ តាំងពីមុនឆ្នាំ១៩៩៣ទៀតម្លេះ ហើយ​ការជួយឧបត្ថម្ភរបស់ឯកឧត្តមអ្នកឧកញ៉ា និងលោកជំទាវ មានច្រើនស្ទើរាប់មិនអស់ ហើយស្របពេលនិងមន្ទីរពេទ្យ​កំពុងមានតម្រូវការចាំបាច់បំផុតក្នុងការព្យាបាលនិងសង្រ្គោះអ្នកជំងឺ ដោយបច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមានអ្នកជំងឺមកពិគ្រោះនិងសម្រាកព្យាបាលជាង ៥,៨៣០ករណីក្នុងមួយខែ ក្នុងនោះ ៩០០ករណី ទៅ១០០០ករណីជាអ្នកជំងឺទឹកនោមផ្អែមនិងលើសម្ពាធឈាម ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ និងត្រូវការលាងឈាមមានត្រឹម៩នាក់ស្មើនិង១៧៤ដង ក្នុងឆ្នាំ២០២៣ រីឯឆ្នាំ២០២៤កើនដល់១៦នាក់ស្មើនិង៤៧៩ដង និងមាន១៣នាក់ស្មើនិង៦៧ដងគិតត្រឹមចុងខែមករា ឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា អំណោយនេះ គឺ​មាន​សារៈសំខាន់​សម្រាប់វិស័យសុខាភិបាលខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋពិតជាមានសំណាងនិងសាទរយ៉ាងខ្លាំង ដែល​ទទួល​បាន​សេវា​លាង​ឈាម​ជា​មួយ​ម៉ាស៊ីន​ដ៏​ទំនើប និង​លោក​ចាត់​ទុក​ថា ​នេះ​ជា​កាយវិការ​ដ៏​ថ្លៃថ្លា​បំផុត​ក្នុង​ការ​គាំទ្រ​វិស័យសុខាភិបាល​ក្នុងខេត្តកំពង់ឆ្នាំង កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ហើយ​នេះ​គឺ​ជា​ការ​ចូល​រួម​ជា​មួយ​រដ្ឋាភិបាលកម្ពុជា ដើម្បី​លើក​កម្ពស់​សេវាសុខភាពសាធារណៈ ហើយថ្មីៗនេះ មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​ទទួលជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ចំណាត់​ថ្នាក់លេខ៤ ដែល​នេះ​ជា​ការរួមចំណែកធំមួយរបស់ឯកឧត្តមអ្នកឧកញ៉ា និងលោកជំទាវ ពីវិស័យឯកជន។

អ្នកជំងឺ​ដែល​មក​ទទួល​សេវា​លាង​ឈាម​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​នូវ​ភាព​សប្បាយ​រីករាយ​ឥត​ឧបមា ចំពោះ​ការ​ទទួល​បាន​នូវ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​ដែល​ឯកឧត្តមអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ទើបប្រគល់ជូន ហើយ​តាម​រយៈការ​ជួយឧបត្ថម្ភ​នេះ នឹងជួយសម្រួល​ដល់​រូបលោក​បានធូរស្រាលបន្ទុកក្នុងការចំណាយច្រើន​លើសោហ៊ុយ​ធ្វើដំណើរ​ឆ្ងាយទៅភ្នំពេញ ដែលអាចសម្រួលដល់សុខភាពនិងចំណេញពេលវេលាច្រើន​។

ជំនួសមុខឱ្យអ្នកជំងឺ​ទាំងអស់ដែលមកទទួលយកសេវាលាងឈាម លោក​សូមថ្លែង​អរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តមហាសប្បុរសរបស់​ឯកឧត្តមអ្នកឧកញ៉ា និងក្រុមគ្រួសារ និងសូមជូនពរឯកឧត្តមអ្នកឧកញ៉ា និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច។


យោង​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោកវេជ្ជបណ្ឌិតជំនាញផ្នែងលាងឈាម ម៉ាស៊ីន​លាងឈាម១គ្រឿងថ្មីនេះ មានម៉ាក​ Fresenius 4008s គឺ​ជា​ប្រភេទ​ម៉ាស៊ីនលាងឈាមដែលបំពាក់នៅបច្ចេកវិទ្យាទំនើបៗ ចុងក្រោយ​ ដែលផលិតនៅប្រទេស​ អាល្លឺម៉ង់ ជាប្រភេទដូចម៉ាស៊ីនលាងឈាម ២គ្រឿងមុន(ឆ្នាំផលិតខ្ពស់ជាងមុន) ដែលទទួលបានការឧបត្តម្ភពីឯកឧត្តមអ្នកឧកញ៉ា​កាលពីដើមឆ្នាំ ២០២៣ ហើយ​មាន​សមត្ថភាព​ខ្ពស់ក្នុងការសង្គ្រោះបន្ទាន់ ចំពោះ​អ្នកជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ដោយធ្វើការដកយកជាតិពុលចេញពីខ្លួនអ្នកជំងឺ លើសពីនេះក៏អាចជួយសង្គ្រោះប្រភេទជំងឺផ្សេងទៀត​ដូចជា ការពុលថ្នាំគីមីមួយចំនួន ការពុលស្រា ពិសពស់អាសិរពិស ជាដើម ។ល។​ ម៉ាស៊ីនលាងឈាមនេះ នឹងជួយបង្កើនលទ្ធភាពផ្ដល់បំរើសេវាព្យាបាលបានមួយកំរិតថែមទៀត ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តាមរយៈ​ការ​លើកកម្ពស់សមត្ថភាពព្យាបាលសង្គ្រោះបន្ទាន់ជូនអ្នកជំងឺធ្ងន់ៗ បានទាន់ពេលវេលា​ និង កាត់​បន្ថយការបញ្ជូនអ្នកជំងឺទៅ មន្ទីរពេទ្យថ្នាក់ជាតិ ដែលអាចយឺតពេលក្នុងការសង្គ្រោះ និង កាត់បន្ថយការចំណាយរបស់ក្រុមគ្រួសារអ្នកជំងឺ ស្របតាមគោលការណ៏របស់ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម