Connect with us

សុខភាព

ជំងឺ ៥ ប្រភេទ កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈរបស់កុមារកម្ពុជា

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​៨ មេសា​នេះ​ថា បច្ចុប្បន្ន ​ជំងឺ​ ៥​ ប្រភេទ ​កំពុង​ក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈ​របស់​កុមារ​កម្ពុជា ដែល​ទាមទារ​ឱ្យ​មាតាបិតា​យកចិត្តទុកដាក់​ និង​ថែទាំ​ចំពោះ​បុត្រ​ធីតា​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទី​បំផុត​ សំដៅ​ចូលរួម​កាត់បន្ថយ​អត្រា​ឈឺ​ និង​ស្លាប់​របស់​កុមារ​កាន់តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ជំងឺ​សម្រាក​ពេទ្យ​នាំមុខ​ចំនួន​ ៥​ ប្រភេទ ​ក្នុងនោះ​រួមមាន ៖ ទី​១.​ជំងឺ​រលាក​បំពង់ក​ឆ្នាំ ​២០២៤​ មាន​ ៦.៧៤០ ​ករណី​ កើន​ជាង​ឆ្នាំ​ ២០២៣ ​មាន ​៤.០៧៥​ ករណី។ ទី​២.​ជំងឺ​រលាក​កូន​ទងសួត ឆ្នាំ​ ២០២៤​ មាន ​២.២៦៨​ ករណី ​ថយចុះ​ជាង​ឆ្នាំ​ ២០២៣​ មាន ​៣.៨៩២​ ករណី។ ទី​៣.​ជំងឺ​រាក​គ្រប់​ប្រភេទ​ឆ្នាំ​ ២០២៤​ មាន​ ៣.២១១ ​ករណី​ ថយចុះ​ជាង​ឆ្នាំ​ ២០២៣​ មាន ​៣.២៥០ ករណី។ ទី​៤.​ជំងឺ​គ្រុនឈាម​ឆ្នាំ​ ២០២៤​ មាន​ ២.៨៩៣​ ករណី​ កើន​ជាង​ឆ្នាំ​ ២០២៣ ​មាន ​២.៨៧១ ករណី ​និង​ ទី​៥.​ជំងឺ​ទារក​តូច​ឆ្នាំ​ ២០២៤ ​មាន ​២.៦០៨ ​ករណី​ ថយចុះ​ជាង​ឆ្នាំ ២០២៣ មាន ២.៧៨៩ ករណី។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្រៅពី​ជំងឺ​ទាំងនេះ​ មន្ទីរពេទ្យ​ ក៏បាន​វះកាត់​កុមារ​ចំនួន​ ៦.៧០៦​ នាក់ នៅ​ឆ្នាំ ​២០២៤​ កើនឡើង​ជាង​ឆ្នាំ​ ២០២៣ ​មាន​ ៦.៥៥៥ នាក់។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ត​ទៀតថា ចំពោះ​ការថែទាំ និង​ព្យាបាល ឆ្នាំ​ ២០២៤ មន្ទីរពេទ្យ​ទទួលបាន​អតិថិជន​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០២៣ ​ក្នុងនោះ​ ការពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ ​ឆ្នាំ ​២០២៣ មាន ១៩២,៣៦៤ ករណី ​ឆ្នាំ​ ២០២៤ មាន ២០៨,១៧៨ ករណី បាន​កើនឡើង​ចំនួន ១៥,៨១៤(៨%)​។ អ្នកជំងឺ​សម្រាក​ពេទ្យ ឆ្នាំ​ ២០២៣ មាន ៣៧,៣៦៧ ករណី ​ឆ្នាំ ​២០២៤ មាន ៣៨,៦៥២ ករណី​ បាន​កើនឡើង​ចំនួន ១,២៨៥(៣%)​។ អត្រា​ប្រើប្រាស់​នៅ​មន្ទីរពេទ្យ​ឆ្នាំ​ ២០២៣ មាន​អត្រា​ប្រើប្រាស់​គ្រែ​ ១៦១%​ ដោយមាន​គ្រែ​សម្រាប់​អ្នកជំងឺ ៣៥០ គ្រែ ​ឆ្នាំ ២០២៤ មាន​អត្រា​ប្រើប្រាស់​គ្រែ ១០៥%​ ដោយមាន​គ្រែ​សម្រាប់​អ្នកជំងឺ ៤០០ គ្រែ ​និង​អត្រា​មរណភាព​ក្នុង​មន្ទីរពេទ្យ ឆ្នាំ ២០២៣ មាន ០.៦៩% និង​នៅក្នុង​ឆ្នាំ ២០២៤ បាន​ថយ​មក​នៅ​ត្រឹម ០.៦៦%។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា បើទោះបីជា​ទទួលបាន​ជោគជ័យ​ជាទី​មោទនៈ​ក៏​មន្ទីរពេទ្យ​ប្រឈម​បញ្ហា​ខ្វះខាត​មួយ​ចំនួន​ដែរ ដូចជា សម្ភារៈ​បរិក្ខារ​ឯកទេស​សម្រាប់​បំពេញ​ការងារ​ទៅ​តាម​កំណើន​របស់​អតិថិជន។ ចំពោះ​គុណភាព គឺ សមត្ថភាព​បុគ្គលិក​ជាទូទៅ​នៅមានកម្រិត​នៅឡើយ ជាពិសេស​សមត្ថភាព​ឯកទេស​ដែល​ទាមទារឱ្យមាន​ការបណ្តុះបណ្តាល​បន្ថែម និង កែលម្អ​ចាំបាច់​មួយ​ផងដែរ។

លោក​វេជ្ជបណ្ឌិត បាន​ប្ដេជ្ញា​ថា ដើម្បី​ចូលរួម​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុង​ការលើក​កម្ពស់​គុណភាព​លើ​វិស័យ​សុខាភិបាល​ ថ្នាក់ដឹកនាំ​ ព្រមទាំង​បុគ្គលិក​មន្ទីរពេទ្យ​កុមារ​ជាតិ​ទាំងអស់​ សូម​ធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​ក្លៀវក្លា​ក្នុងការ​ចូលរួម​លើក​កម្ពស់​សេវា​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ ទាំង​បរិមាណ និង គុណភាព ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដើម្បី​ពង្រឹង​សេវា​មន្ទីរពេទ្យ​កុមារ​ជាតិ​ឱ្យ​ឈានទៅដល់​កម្រិត​បទដ្ឋាន​មួយ​ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​ពី​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម