Connect with us

សុខភាព

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង?

បានផុស

នៅ

ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺបេះដូងខ្សោយ (Heart Failure) មិន​មានន័យថា បេះដូង​របស់​យើង​ឈប់​ដើរ​នោះ​ទេ។ ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូងខ្សោយ គឺ​ជា​ការ​ចុះខ្សោយ​នូវ​សមត្ថភាព​របស់​បេះដូង​ក្នុង​ការ​ច្របាច់​បញ្ជូន​ឈាម​ឲ្យ​បានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺ​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​អាយុ គ្រប់​វ័យ ប៉ុន្តែ​ជា​ទៅ​ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​វ័យចំណាស់។

តើ​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ មាន​រោគ​សញ្ញា​ចំបង​ដូចជា៖
– ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
– អស់កំលាំង ល្ហិតល្ហៃជារឿយៗ
– ហើមជើង​ទាំងសងខាង
– ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូងលោតញាប់ជាងធម្មតា
– ក្អក​ជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយ​ឈាម
រោគ​សញ្ញា​ទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យ​ទៅ​តាម​មូលហេតុ និង​ស្ថានភាព​នៃ​ជំងឺ។

តើមូលហេតុអ្វីខ្លះដែលបណ្ដាល​ឲ្យ​កើតជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ?
មូលហេតុដែលបណ្តាល​ឲ្យ​កើតជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មាន​ដូចជា៖
– ជំងឺស្ទះសរសៃ​ឈាម​បេះដូង និង​ស្លោក​សាច់​បេះដូង (Ischemic Heart Disease and Heart Attack)
– ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
– ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
– ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
– ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
– ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)
– ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើអ្នកសង្ស័យថាមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ តើអ្នកគួរធ្វើដូចម្តេច?
កាលបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ គប្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការសួរនាំយ៉ាងល្អិតល្អន់ និងពិនិត្យរាងកាយជូនអ្នក ហើយព្រមទាំងអាចស្នើសុំការពិនិត្យ​អមវេជ្ជសាស្រ្ត មួយចំនួនទៀតដើម្បីធ្វើរោគវិនិច្ឆ័យ ថាតើ អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ឬជំងឺបេះដូងខ្សោយឬទេ។

ការពិនិត្យអមវេជ្ជសាស្រ្តទាំងនោះរួមមាន៖
– ការថតសួត (Chest X-ray)
– ការពិនិត្យវាស់ចង្វាក់បេះដូង (ECG)
– ការពិនិត្យ អេកូបេះដូង (Echocardiography)
– ការពិនិត្យឈាម (Standard Blood Test)
– ការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនផ្សេងទៀត

តើត្រូវព្យាបាលជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយតាមវិធីណាខ្លះ?
បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាអ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាអោយថ្នាំមួយចំនួនដល់អ្នក ក្នុងគោលបំណងព្យាបាលបន្ថយរោគសញ្ញារំខាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រូពេទ្យនឹងស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកកើតមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ ហើយគាត់នឹងព្យាបាលបំបាត់មូលហេតុនេះទៅតាមតថភាពជាក់ស្តែងរួមមាន ការប្រើប្រាស់ថ្នាំ ការឆ្លុះសរសៃឈាម ការវះកាត់ជាដើម។

តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំឲ្យកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវឲ្យយើងមានទំលាប់រស់នៅ ដែលនាំឲ្យមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
– ឈប់ពិសារបារី និងគ្រឿងស្រវឹង
– ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយ បានត្រឹមត្រូវ និងជាប់លាប់បំផុត
– ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន
– បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី
– រក្សាទំងន់អោយសមស្រប តាមការណែនាំនៃវេជ្ជសាស្ត្រ
– កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍

អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
– ត្រូវទទួលទានថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
– ត្រូវរក្សាទំងន់ឲ្យបានសមស្រប
– ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក តាមការណែនាំនៃគ្រូពេទ្យ
– ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង

អ្វីដែលមិនគួរធ្វើមានដូចជា៖
– មិនត្រូវភ្លេចការទទួលទានថ្នាំឡើយ
– មិនត្រូវពិសារបារី និងសេពគ្រឿងស្រវឹងឡើយ
– មិនត្រូវបញ្ឈប់ថ្នាំព្យបាលតាមចិត្តខ្លួនឯងឡើយ

“បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិភាក្សា ពិគ្រោះហយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យជាក់លាក់មួយ ជាមួយមធ្យោបាយពិនិត្យអមគ្លីនិកស៊ីជម្រៅ ឈានដល់ការផ្តល់ជូនវិធីសាស្ត្រព្យាបាល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ក្នុងទំនុកចិត្តខ្ពស់៕”

អត្ថបទ ៖ ឌី ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម