សុខភាព
ការព្យាបាលជំងឺដុំមហារីកថ្លើម សម័យទំនើប !
ក) ការយល់ដឹងទូទៅ៖
ប្រភេទជំងឺដុំមហារីកសាច់ថ្លើម (HCC) គឺជាប្រភេទជំងឺថ្លើម ដែលក្រុមការងារវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំតែងតែបានជួបប្រទះ និងទទួលព្យាបាលអ្នកជំងឺជាញឹកញាប់នៅក្នុងផ្នែកឯកទេសជំងឺថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត។

បើទោះបីសព្វថ្ងៃនេះយើងមានវិធីសាស្ត្រទំនើបៗ ហើយមានថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺយ៉ាងណាក៏ដោយ ក៏ជំងឺមួយនេះ គឺនៅតែមានភាពកាចសារហាវ ហើយក៏មានភាពលំបាកនៅក្នុងការថែរទាំព្យាបាលចំពោះអ្នកជំងឺ និងបានកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើនលើពិភពលោកក្នុងមួយឆ្នាំៗ។
ខ)មូលហេតុ៖
ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយ គឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលក្រិននោះ (80-90%)។
មូលហេតុខ្លះៗបន្ថែមទៀតមាន៖
– សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចម្អិនមិនឆ្អិនល្អ។

– ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេស គឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )។
គ) រោគសញ្ញា៖
រោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា:
– មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
– ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
– អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺក្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង…)
– មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះ ដោយការពិនិត្យមើលអេកូពោះ (Medical checkup)…។
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
យើងអាចធ្វើឡើងបានតាមរយៈ
– ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
– ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)
– ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម

– ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
– ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
– ការធ្វើស្កាន់នែពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។
ង)ការព្យាបាល៖
វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល និង សារជាតិគីមី (Chemo embolisation) ដើម្បីកម្ទេចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឲ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។

បច្ចុប្បន្ននេះមានការព្យាបាលទំនើបថ្មីមានដូចជា៖
១. ការព្យាបាលដោយថ្នាំឆ្លាតកម្ទេចហ្សែន អាចពន្យាជីវិតអ្នកជំងឺបានយូរដល់២ឆ្នាំភាគច្រើន ហើយគុណភាពជីវិតរបស់អ្នកជំងឺប្រសើរជាងការមិនព្យាបាលឆ្ងាយណាស់។ អ្នកជំងឺភាគច្រើនរស់នៅដូចមនុស្សធម្មតា មិនមានការឈឺចាប់អ្វីទាំងអស់។
២. មហារីកថ្លើមដំណាក់កាលដំបូងៗ ការព្យាបាលដោយវះកាត់ប្តូរថ្លើមថ្មី បន្ទាប់មកបន្តការព្យាបាលដោយថ្នាំឆ្លាត រយៈពេល២ឆ្នាំ អ្នកជំងឺរស់បានលើសពី៥ឆ្នាំ ៥០%។
បញ្ជាក់៖ ការប្រើប្រាស់ថ្នាំគីមីចាក់តាមសរសៃ (Chemotherapy) និងការបាញ់កាំរស្មី (Radiotherapy) ទៅលើដុំសាច់មហារីកនេះ គឺមិនមានចម្លើយល្អជាវិជ្ជមាននោះទេសម្រាប់ប្រភេទនៃដុំមហារីកមួយនេះ។ ជំងឺមហារីកថ្លើមមិនអាចបង្ការបាន100%ទេ។
“ដំបូន្មានរបស់ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត គឺមានតែការបង្ការ និងការពារតែមួយគត់ ដែលជាវិធីល្អបំផុតសម្រាប់គ្រប់អ្នកជំងឺ។ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ បេ និង សេ ឲ្យបានត្រឹមត្រូវ និងប្រាកដប្រជា មុនពេលវិវត្តទៅដល់ដំណាក់កាលក្រិនថ្លើមនេះ ការចាក់ថ្នាំបង្ការការពារមេរោគរលាកថ្លើមប្រភេទ បេ ពីដំបូងទី និងជៀសវាងការពិសាគ្រឿងស្រវឹងរយៈពេលយូរជាដើម គឺជាវិធានការដ៏ប្រសើរបំផុត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើជំងឺបូសថ្លើម បណ្តាលមកពីអ្វី?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ