KPT+
អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
យុវជនវ័យក្មេងចំនួន ១០ រូប រួមគ្នាបង្កើតក្រុមអ្នកនិពន្ធ “ទសប៉ាកកា” ដើម្បីជួយលើកកម្ពស់វិស័យអំណាននៅកម្ពុជាតាមរយៈការបង្កើនជម្រើសក្នុងវិស័យអំណានដោយបង្កើតនូវស្នាដៃថ្មីៗ។
“ទសប៉ាកកា” ជាក្រុមអ្នកនិពន្ធវ័យក្មេងដែលបានបង្កើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ក្រោមការបណ្ដុះបណ្ដាលដោយអ្នកនិពន្ធ ម៉ីសន សុធារី។ ក្រុមនេះមានសមាជិក ១០ រូប ដែលមាននាមប៉ាកកាពី ១ ដល់ ១០ ដោយរៀបតាមលំដាប់អាយុនៃសមាជិកក្រុមម្នាក់ៗ។

ត្បិតតែក្រុមអ្នកនិពន្ធនេះទើបតែពន្លកថ្មីក៏ពិតមែន ប៉ុន្តែមានសន្ទុះការគាំទ្រការតាក់តែងយ៉ាងផុសផុលពីបណ្ដាមិត្តអ្នកអានពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ “ទសប៉ាកកា” ជាក្រុមអ្នកនិពន្ធជំនាន់ថ្មី តែមានទឹកដៃលេចធ្លោ រហូតមានស្នាដៃខ្លះបានលក់អស់ស្ដុកបន្ទាប់ពីបោះពុម្ភក្នុងរយៈពេលដ៏ខ្លី។

ក្នុងឆ្នាំ ២០១៩ កន្លងទៅ សមាជិកក្រុមខ្លះបានជាប់ជយលាភីពានរង្វាន់តែងនិពន្ធ សមាជិកខ្លះជាប់ផ្នែកនិពន្ធរឿងកុមារ និងសមាជិកខ្លះទៀតចេញស្នាដៃជាសៀវភៅ។ ក្នុងនោះស្នាដៃដែលបោះពុម្ភជាសៀវភៅរបស់ក្រុម “ទសប៉ាកកា” រួមមាន៖ ប្រលោមលោកបែបរន្ធត់ព្រឺព្រួច រឿង “បឹងអតីត” របស់អ្នកនិពន្ធ ស៊ុយ លីនប៉ាវ ប្រលោមលោកមនោសញ្ចេតនាបែបលន្លង់លន្លោច រឿង “ទឹកភ្នែកគជ់ខ្យង” របស់អ្នកនិពន្ធ ជា តុងហៃ កម្រងរឿងខ្លីក្នុងសមូហកម្មមន្តទឹកខ្មៅ ២០១៩ “ខ្មាសខ្លួនឯង” ដែលក្នុងនោះមានរឿង “ខុសគេ” របស់ ជា តុងហៃ រឿង “កូនអ្នករើសសំរាម” របស់ ស៊ុយ លីនប៉ាវ និងរឿង “ខ្ញុំមិនសុខចិត្តទេ” របស់ អ៊ិន បូបូ។

ងាកមកដល់ឆ្នាំ ២០២០ ក្រុមនេះមានស្នាដៃបន្តបន្ទាប់ដូចជា រឿង “ពេលម៉ែចាស់ទៅ” របស់ ជា តុងហៃ រឿង “ស្នាមសាក់រូបខ្លា” របស់ មិត្ត រស្មី និងរឿង “បើខ្ញុំជាមនុស្សស្រី” របស់ អ៊ិន បូបូ។ រីឯ សោម នីសោភា ជាម្ចាស់រឿង “១៩ ឆ្នាំ” ដែលត្រូវបានថតជាភាពយន្តភាគនៅទូរទស្សន៍ MyTV។

ក្រៅពីប្រលោមលោកដែលបានបោះពុម្ព “ទសប៉ាកកា” នៅមានស្នាដៃជយលាភីផ្សេងទៀតដូចជា សោម នីសោភា ជាប់ជយលាភីលេខ៣ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ ផ្នែករឿងខ្លី រឿង “ចុងប៉ាកកា” ជា តុងហៃ ជាប់ជយលាភីលេខ៤ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ ២០១៩ ផ្នែកប្រលោមលោក រឿង “ខ្ញុំមើលឃើញខ្មោច” និងស៊ុយ លីនប៉ាវ ជាប់រង្វាន់កិត្តិយសលេខ៥ រឿង “មានលុយបាត់ម៉ែ” ព្រមទាំងស្នាដៃជ័យលាភីដទៃទៀតរួមមាន ស៊ុយ លីនប៉ាវ ជាប់ជយលាភីលេខ២ ការនិពន្ធរឿងកុមារ រឿង “កូនស្វាតូចនិងស្តេចដំរី” ព្រមទាំងជាប់រង្វាន់លើកទឹកចិត្តមួយរឿងទៀត រឿង “ចរិយានិងយក្សកំណាច”។ អ៊ិន បូបូ ជាប់រង្វាន់លើកទឹកចិត្តការនិពន្ធរឿងកុមារ រឿង “ភ្លើងបីពណ៌”។ សោម នីសោភា ជាប់ជយលាភីលេខ១ ការប្រកួតនិពន្ធរឿងល្ខោនវិទ្យុ រឿង “ប្អូនស្រី”។

ដោយឡែកឆ្នាំ ២០២០ ស៊ុយ លីន ទទួលជយលាភីលេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យរឿង “ម៉ែ! ខ្ញុំចង់រស់” និង ជា តុងហៃ ជយលាភី សំណេរអត្ថបទតំឡើងជាល្ខោនរឿង “អ្នកលេង”។
បន្ថែមពីលើស្នាដៃជយលាភីទាំងនេះ “ទសប៉ាកកា” ក៏មានស្នាដៃប្រលោមលោកដែលបង្ហោះនៅលើផេកផ្លូវការជាច្រើនរឿងទៀត និងមានអត្ថបទលើកទឹកចិត្ត កំណាព្យ រឿងខ្លី រឿងកំប្លែង និងអត្ថបទដ្រាម៉ាផ្តាច់មុខដោយ ចាន់ សុធាវី មិត្ត រស្មី និង ចន្ថា កក្កដា។

លោក ជា តុងហៃ ដែលជាប្រធានក្រុមបានប្រាប់មក KPT Plus នៅក្នុងបទសម្ភាសន៍ថា គិតមកដល់ដើមឆ្នាំ ២០២០ នេះ វាមានរយៈជាង ២ ឆ្នាំដែលក្រុមទសប៉ាកកាត្រូវបានបង្កើតឡើង។ ជាងពីរឆ្នាំមកនេះ ក្រុមរបស់លោកបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន មានទាំងរឿងវិជ្ជមាននិងអវិជ្ជមាន។ ប្រធានក្រុមរូបនេះក៏បានបន្ថែមទៀតថា ទន្ទឹមនឹងមានមនុស្សមួយចំនួនជួយជ្រោមជ្រែងក្រុមរបស់លោកដែលជាអ្នកនិពន្ធថ្មីថ្មោង ក៏មានមនុស្សជាច្រើនទៀតសម្លឹងនិងចាត់ទុកក្រុមអ្នកនិពន្ធជំនាន់ថ្មីនេះ ត្រឹមតែជាក្រុមក្មេងៗដែលគ្មានបទពិសោធន៍ ពុំសូវមានចំណេះដឹងគ្រប់គ្រាន់ និងគ្រាន់តែចង់ល្បីមួយខ្យល់ប៉ុណ្ណោះ។ លោកបន្តជាការប្រៀបប្រដូចថា “បណ្ឌិតគ្រប់រូបសុទ្ធតែឆ្លងកាត់ថ្នាក់ទី១ គ្មានអ្នកណាចាប់ផ្តើមភ្លាមល្អឥតខ្ចោះភ្លាមនោះឡើយ”។ ក្នុងន័យនេះ លោកចង់ឲ្យមិត្តអ្នកអានគ្រប់គ្នាបន្តគាំទ្រនិងលើទឹកចិត្តដល់យុវជនវ័យក្មេងដែលទើបប្រឡូកក្នុងវិស័យតែងនិពន្ធនេះ ដើម្បីពួកគេកាន់តែមានទឹកចិត្តខិតខំក្នុងការបង្កើតស្នាដៃថ្មីៗជាច្រើនទៀត។

ជាចុងក្រោយ ក្នុងនាមជាប្រធានក្រុមលោក ជា តុងហៃ បានស្ងើចសរសើរមិត្តរួមក្រុមទាំងអស់ដែលនៅតែរឹងមាំ នៅតែចងគ្នាជាពួក រក្សាបានស្មារតីក្រុមនិងខិតខំប្រឹងប្រែងដើរទៅមុខជានិច្ច បើទោះបីមានពេលខ្លះសមាជិកក្រុមមានការបាក់ទឹកចិត្ត រវល់នឹងការងារ ឬការសិក្សាយ៉ាងណាក្ដី តែក៏នៅតស៊ូជាមួយគ្នាបានរហូតមកសម្រេចផ្លែផ្កាបានជាច្រើនផងដែរ ហើយម្នាក់ៗក្នុងក្រុមក៏មិនភ្លេចក្នុងការអភិវឌ្ឍខ្លួនឯងក្នុងវិស័យតែងនិពន្ធនេះនោះទេ។

លោកក៏សូមអរគុណដល់ប្រិយមិត្តគ្រប់គ្នាដែលតែងតែជួយគាំទ្រក្រុម “ទសប៉ាកកា” ទាំងផ្នែកស្មារតីនិងស្នាដៃ។ លោកថា ការជួយគាំទ្រនេះគឺជាកម្លាំងចិត្តដ៏សំខាន់ដែលជំរុញឲ្យក្រុមរបស់លោកចូលកាន់តែជ្រៅក្នុងវិស័យតែងនិពន្ធ៕

ក្រុម “ទសប៉ាកកា” ជាក្រុមអ្នកនិពន្ធវ័យក្មេងចំនួន១០រូបរួមមាន ប៉ាកកា១ លី គឹមសួ ប៉ាកកា២ ជា តុងហៃ ប៉ាកកា៣ ចាន់ សុធាវី ប៉ាកកា៤ (បានចាកចេញពីក្រុម) ប៉ាកកា៥ មិត្ត រស្មី ប៉ាកកា៦ ចន្ថា កក្កដា ប៉ាកកា៧ អ៊ិន បូបូ ប៉ាកកា៨ សោម នីសោភា ប៉ាកកា៩ ស៊ុយ លីនប៉ាវ ប៉ាកកា១០ ពេជ្រ បញ្ញាវុធ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល