KPT+
ប្រវត្តិអតីតភរិយាមហាសេដ្ឋី Bill Gates ដែលជាស្ត្រីឆ្នើមលើការងារមនុស្សធម៌
តើ Melinda Gates ជានរណា?
Melinda Gates ជាអតីតភរិយាមហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ហើយក៏ជាស្ត្រីឆ្នើមលើការងារមនុស្សធម៌ពិភពលោកផងដែរ។

Melinda Gates ចូលបម្រើការនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧ ហើយបានរៀបការជាមួយថៅកែរបស់ខ្លួនគឺលោក Bill Gates នៅឆ្នាំ ១៩៩៤។ ប៉ុន្មានឆ្នាំបន្ទាប់ នាងនិងស្វាមីបានសហការគ្នាបង្កើតមូលនិធិ Bill & Melinda Gates ។
ជីវិតដំបូង
លោកស្រីមានឈ្មោះដើមគឺ Melinda Ann French កើតថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៦៤ នៅទីក្រុង Dallas រដ្ឋ Texas ។ Melinda ជាកូនទី២ក្នុងចំណោមបងប្អូន ៤ នាក់ដែលនាងមានបងស្រីម្នាក់ និងប្អូនប្រុស ២ នាក់។ ឪពុកឈ្មោះ Ray French គឺជាវិស្វករអាកាសយានិក រីឯម្តាយឈ្មោះ Elaine French ជាស្ត្រីមេផ្ទះ។

កាលនៅក្មេង Melinda ចូលចិត្តរៀនមុខវិជ្ជាគណិត និងកំព្យូទ័រ ហើយនាងសិស្សបញ្ចប់ថ្នាក់គណិតវិទ្យាកម្រិតខ្ពស់នៅសាលា Ursuline Academy ដែលជាសាលាកាតូលិកសម្រាប់ក្មេងស្រី។ បន្ទាប់ពីនោះ Melinda បានបន្តការសិក្សានៅមហាវិទ្យាល័យដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យ Duke ក្នុងឆ្នាំ ១៩៨៦។ នៅឆ្នាំបន្ទាប់នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្មពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យដដែល។
ការងារនៅក្រុមហ៊ុន Microsoft

Melinda បានទទួលការងារនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧។ នាងចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងការផលិតដែលភាគច្រើនផ្ដោតលើការងារព័ត៌មាននិងផលិតផលអន្តរកម្ម។ ក្នុងរយៈពេល ៩ ឆ្នាំដែលធ្វើការឱ្យក្រុមហ៊ុន Microsoft លោកស្រី Melinda បានធ្វើការជាអ្នកគ្រប់គ្រងទូទៅផ្នែកផលិតព័ត៌មានវិទ្យារួមមាន រចនាគេហទំព័រ បង្កើតវេបសាយ និងមគ្គុទេសក៍ភាពយន្តអន្តរកម្ម ។ល។
ជីវិតឯកជន

នៅឆ្នាំ ១៩៨៧ Melinda បានជួប Bill Gates ក្នុងពិព័រណ៌ពាណិជ្ជកម្មកុំព្យូទ័រនៅញូយ៉ក។ បន្ទាប់ពីនោះ ខាងប្រុសបានសុំណាត់នាងម្ដងជាពីរដង រហូត៦លើក ទើបនាងយល់ព្រម។ មុនឈានដល់ចំណងប្តីប្រពន្ធ ពួកគេចំណាយពេល ៦ ឆ្នាំដើម្បីមើលចិត្តថ្លើមគ្នា។ លុះដល់ឆ្នាំ ១៩៩៤ អ្នកទាំងពីរបានរៀបការនៅលើកោះហាវ៉ៃ។
លោកស្រី Melinda បានផ្តល់កំណើតដល់កូនស្រីដំបូងឈ្មោះ Jennifer Katharine Gates ក្នុងឆ្នាំ ១៩៩៦។ ក្រោយសម្រាលកូនច្បង នាងសម្រេចចិត្តលាឈប់ពីការងារនៅក្រុមហ៊ុន Microsoft ដើម្បីមានពេលគ្រប់គ្រាន់មើលថែកូន។ Melinda និង Bill បន្តមានកូនពីរនាក់ទៀតគឺកូនប្រុសឈ្មោះ Rory John និងកូនស្រីពៅឈ្មោះ Phoebe Adele ។

ទោះយ៉ាងណានៅខែឧសភា ឆ្នាំ ២០២១ គូស្វាមីភរិយានេះបានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ ក្រោយរួមរស់ជាមួយគ្នា ២៧ ឆ្នាំ។
សកម្មភាពសប្បុរសធម៌តាមរយៈមូលនិធិ Bill & Melinda Gates

នៅឆ្នាំ ១៩៩៤ Melinda និងស្វាមីរួមជាមួយឪពុកក្មេក បានចាប់ផ្តើមមូលនិធិ William H. Gates ។ ក្នុងឆ្នាំ ១៩៩៩ ពួកគេបានបញ្ចូលមូលនិធិនេះជាមួយអង្គការសប្បុរសធម៌ពីរផ្សេងទៀតគឺ មូលនិធិបណ្ណាល័យហ្គេត (Gates Library) និងមូលនិធិហ្គេតសិក្សា (Gates Learning) រួចបានប្ដូរឈ្មោថា Bill & Melinda Gates។
គោលដៅរបស់មូលនិធិគឺដាក់កុំព្យូទ័រនិងផលិតផល Microsoft នៅក្នុងបណ្ណាល័យនៅទូទាំងសហរដ្ឋអាមេរិក ហើយប៉ុន្មានឆ្នាំក្រោយ Melinda បានពង្រីកចក្ខុវិស័យរបស់មូលនិធិដោយកែលំអជាការអប់រំនៅទូទាំងពិភពលោកវិញ។ មូលនិធិ Bill & Melinda Gates បានជួយដោះស្រាយបញ្ហាភាពក្រីក្រ និងសុខភាពសាធារណៈនៅទូទាំងពិភពលោក។

ក្នុងឆ្នាំ ២០០៦ មហាសេដ្ឋីលោក Warren Buffett បានធ្វើការបរិច្ចាគជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារដល់មូលនិធិនេះ។ ពេលនោះលោកស្រីបានបន្ថែមគោលដៅសុខភាពសកលគឺបង្កើតយុទ្ធសាស្ត្រចាក់ចាក់វ៉ាក់សាំងនិងការព្យាបាលជំងឺដូចជា អេដស៍ គ្រុនចាញ់ និងជំងឺរបេង នៅប្រទេសជួបការលំបាកខ្លាំង។
ក្នុងឆ្នាំ ២០១២ Melinda បានសន្យាផ្តល់ប្រាក់ចំនួន ៥៦០ លានដុល្លារដើម្បីលើកកម្ពស់ការទទួលបានការពន្យារកំណើតសម្រាប់ស្ត្រី។
លោកស្រី Melinda និងស្វាមីបានពង្រីកមូលនិធិរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់ជំនួយអាហាររូបករណ៍សម្រាប់និស្សិតរៀនបន្តនៅមហាវិទ្យាល័យ។ ទាំងពីរនាក់ប្ដីប្រពន្ធ ជាបុគ្គលគម្រូក្នុងវិស័យមនុស្សធម៌អស់រាប់សិបឆ្នាំ រាប់តាំងឆ្នាំ ៩០ប្លាយ រហូតដល់ថ្ងៃប្រកាសលែងលះជាផ្លូវការនៅពាក់កណ្ដាលឆ្នាំនេះ។ ក្នុងនោះពួកគេក៏ធ្លាប់ទទួលបានមេដាយកត្តិយសពីប្រធានាធិបតិអាមេរិកលោក ប៉ារ៉ាក់ អូបាម៉ាផងដែរ។
សៀវភៅ

ក្រៅពីធ្វើការខាងមនុស្សធម៌យ៉ាងសកម្ម នៅឆ្នាំ ២០១៩ លោកស្រី Melinda បានបោះពុម្ភផ្សាយសៀវភៅមួយក្បាលចំណងជើង The Moment of Lift ដែលជាសៀវភៅបង្ហាញវិធីពង្រឹងអំណាចស្ត្រីដើម្បីផ្លាស់ប្តូរពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BIOGRAPHY
ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង