Connect with us

KPT+

ហេតុអ្វីម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន?

បានផុស

នៅ

ការ​ស្រលាញ់ និង​បារម្ភ​ចំពោះ​កូន​បាន​ជំរុញ​ឲ្យ​ម៉ាក់​ៗជាច្រើន​ហ៊ាន​លះបង់​ការងារ​ខ្លួន​ស្រលាញ់ និង​អាច​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ក្រាស់ក្រែល ហើយ​បែរ​មក​នៅ​តែ​ផ្ទះ​មើល​កូន​វិញ។ នេះជាលទ្ធផលក្នុង​ការ​សម្ភាសទៅ​លើ​ម៉ាក់​ៗ​ជិត ២០ នាក់ ដោយរកឃើញ​ថា​មាន ៤ មូលហេតុ​សំខាន់​ធ្វើឲ្យ​ខ្លួន​មិន​ស្ដាយ​ស្រណោះ​ជីវិត​ធ្វើការ​មក​នៅ​ផ្ទះ​វិញ។

មូលហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- គ្មាន​អ្នក​ជួយ

អ្នកស្រី សៅ ពុទ្ធានី បាន​ឲ្យ​ដឹង​ថា​មុន​ពេល​រៀបការ និង​មាន​កូន​ អ្នកនាង​បាន​បម្រើ​ការងារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ធំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​តួនាទី​ជា​មេកា តែ​ក្រោយ​មក​ ត្រូវ​ផ្លាស់​តាម​ប្ដី​មក​ធ្វើការ​នៅ​កំពង់ចាម ដូចនេះ​ហើយ​មាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។ អ្នក​ម៉ាក់​វ័យ ២៦ ឆ្នាំ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា៖ “ក្រោយ​ឆ្លង​ទន្លេ​បាន ៤-៥ ខែ​កន្លែង​ការងារ​ប្ដី ក៏​ត្រូវ​ប្ដូរ ហើយ​មិន​ចង់​រស់នៅ​បែក​ឆ្ងាយ​ពី​គ្នា​ក៏​សម្រេច​ចិត្ត​មក​ទាំង​កូន​តូច។ ពេល​មក​ដល់​កំពង់ចាម ខ្ញុំ​ក៏​សាកល្បង​ធ្វើការ​ដែរ តែ​កូន​តូច ហើយ​គ្មាន​សាច់ញាតិ ហើយ​នៅ​ម្ដុំ​កន្លែង​រស់នៅ​នោះ​គ្មាន​សាលា​ណា​ទទួល​ទារក​ទៀត ដូចនេះ​មានតែ​ឈប់​ហ្មង​ទៅ”

២- មិន​ទុក​ចិត្ត​អ្នក​ដទៃ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ម៉ាក់​វ័យ​ក្មេង អ៊ុំ អាលីហ្សា និង​មាន​កូន​ទី​២ នាក់​រួច​មក​ហើយ​ នោះ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ទុក​ចិត្ត​អ្នក​នៅ​ជាមួយ ឬ​កន្លែង​មើល​ក្មេង​ឡើយ ព្រោះ​ឃើញ​កន្លង​មក​មាន​ករណី​អ្នក​មើល​ថែ​ទាំង​នៅ​សាលា និង​នៅ​ផ្ទះ​វាយ​ធ្វើ​បាប​កូន​ច្រើន​ណាស់។ អតីត​បុគ្គលិក​ធនាគារ​រូប​នេះ​ក៏​បន្ថែម​ទៀត​ថា នៅ​ផ្ទះ​ក៏​មាន​អ្នកនៅ​ជាមួយ​​ដែរ តែ​មិនមែន​ឲ្យ​មើល​កូនទេ ​ឲ្យ​ធ្វើ​កិច្ច​ការ​ជំនួស​វិញ ហើយ​ខ្លួន​នៅ​ថែរក្សា ព្រោះ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​កូន និង​គិត​ថា​ខ្លួន​មាន​អនាម័យ​គ្រប់គ្រាន់​មិន​ងាយ​ធ្វើឲ្យ​កូន​ឈឺ​ផ្ដាស។

មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​ថា​បាន​ស្វែង​រក​តិចនិក​បង្រៀន ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ល្អ ដោយ​មិន​ចាំបាច់​ពឹង​លើ​ផ្អែក​លើ YouTube ព្រោះ​ខ្លាច​កូន​មើល​ប៉ះ​ចំ​អ្វី​មិន​ល្អ។ រឿង​សំខាន់​មួយ​ទៀត​ដែល​ធ្វើឲ្យ​ លីហ្សា ឈប់​​ពី​ការងារ​មិន​ស្ដាយ​សោះ ព្រោះ​ធ្លាប់មាន​អ្នក​រួម​ការងារ​ កូន​ឧស្សាហ៍ឈឺ​​​សុំ​ច្បាប់​គេ​ច្រើន​ ប៉ះពាល់​ដល់​លទ្ធផល​ការងារ ទើប​មិន​ចង់​មាន​បញ្ហា​បែប​នោះ ដែរ ហើយ​គិត​ថា​ពេល​កូន​ធំ​បន្តិច​ ចាំ​ស្វែង​រក​ការងារ​ជា​ថ្មី។

៣- ជា​ភារកិច្ច​ចាំបាច់

“ខ្ញុំ​គិត​ថា ការ​មើល​ថែរក្សា​កូន​គឺជា​ភារកិច្ច​ដ៏​ចាំបាច់​មួយ​ដែល​យើង​ជា​ម្ដាយ​ត្រូវតែ​ធ្វើ។ ធ្វើការ​ងារ​ក្រៅ​ត្បិត​បាន​ប្រាក់​ច្រើន​មែន តែ​បើ​យើង​យក​មក​បែងចែក​ឲ្យ​គ្រប់​ផ្នែក នោះ​យើង​នឹង​ដឹង​ថា វា​មិន​សូវ​ជា​ចំណេញ​ច្រើន​ទេ ម្យ៉ាង​បើ​គិត​ពី​អនាគត​កូន អ្នក​នឹង​ដឹង​ថា​ការ​លះបង់​នោះ ពិតជា​មិន​ស្ដាយក្រោយ​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បីបាច់​កូន ធ្វើ​ការងារ​ផ្ទះ រៀបចំ​ចំណី​អាហារ​មាន​ផាសុកភាព នោះ​ការ​លូតលាស់ បញ្ហា​ស្មារតី​អ្នក​ផ្ទះ​ក៏​តាម​នោះ​ដែរ”។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​បុគ្គលិក​អ្នក​គ្រប់គ្រង​ផ្នែក​សណ្ឋាគារ​ក្នុង​ទីក្រុង​បាត់ដំបង ជា ភក្រ្តា បាន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​ខ្លួន។

៤- អារម្មណ៍​ព្រួយបារម្ភ​ចំពោះ​កូន

សម្រាប់​អ្នកស្រី សៀវ ធីតា បាន​ប្រាប់​ថា ខ្លួន​ទៅ​ធ្វើការ​ដោយ​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទេ ព្រោះ​ចេះតែ​គិត​ពី​កូន ខ្លាច​យំ ខ្លាច​គេ​ធ្វើ​បាប ខ្លាច​កូន​ឃ្លាន ជាពិសេស​នឹក​កូន​តែម្ដង។ អតីត​និស្សិត​ឱសថ​រូប​នេះ​បន្ត​ទៀត​ថា ពេល​កូន​នៅ​ក្នុង​អំឡុង​ពេល ៣ ឆ្នាំ​ចុះក្រោម​ត្រូវ​ទទួល​ការ​មើល​ថែ​ឲ្យ​បាន​ដិតដល់ អ៊ីចឹង​ហើយ​បាន​ជា​ស្ត្រី​វ័យ ៣៤ ឆ្នាំ​រូប​នោះ​សុខចិត្ត​ចោល​ប្រាក់​ចំណូល​ជាង ១ ពាន់​ដុល្លារ​រាល់​ខែ​មក​មើល​ថែ​កូន​វិញ។

មួយ​វិញ​ទៀត​អ្នកស្រី​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ហើយ​ថា ទាល់តែ​កូន​ចូលរៀន​ទើប​ងាក​ទៅ​ធ្វើការ​វិញ ព្រោះ​មុន​មាន​កូន គ្រួសារ​បាន​រៀបចំ​ផែនការ​ច្បាស់លាស់​អស់ហើយ ដើម្បី​មិន​ឲ្យ​ពិបាក​ក្នុង​អំឡុង​ពេល​ឈប់​ធ្វើការ​នេះ​ឯង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពេល​ក្លាយ​ជា​អ្នក​ម្ដាយ មនុស្ស​ស្រី​ក្លាយ​ជា​អស្ចារ្យ​ដោយ​សកម្មភាព​អស់​ទាំងនេះ

ចុចអាន៖ ទម្លាប់​មិនល្អរបស់ឪពុកម្ដាយ ធ្វើ​ឲ្យ​កូនចរិតអាក្រក់ពេលធំឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម