KPT+
ក្លាយជាអ្នកនិពន្ធម្នាក់ ត្រូវចេះរៀនសូត្ររឿង ៦យ៉ាងនេះ ទើបអាចរីកចម្រើន
អ្នកស្រី អ៊ុច ថាវី ជាអ្នកនិពន្ធឯករាជ្យម្នាក់ ដែលធ្លាប់ចំណាយពេល ១៦ឆ្នាំ និពន្ធរឿងវីដេអូអប់រំនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលស្នាដៃរបស់អ្នកស្រីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកទស្សនា។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ កម្ពុជាថ្មី អ្នកនិពន្ធជើងចាស់រូបនេះ បានបង្ហើបនូវគន្លឹះ ៦យ៉ាងដើម្បីក្លាយជាអ្នកនិពន្ធម្នាក់ ទៅកាន់អ្នកទើបប្រឡូកក្នុងវិស័យតែងនិពន្ធថ្មោងថ្មី សម្រាប់ទុកជាការរៀនសូត្របន្ថែម។ គន្លឹះទាំង ៦នោះ រួមមាន៖
១. រៀនសរសេរវាចេញមក ជាមួយនឹងឆ្អឹងរឿង៖ រៀនបង្កើតរឿង និងរៀនសរសេរដើម្បីរំលេចសាច់រឿងចេញមក។ មួយវិញទៀតត្រូវរៀនសរសេរឆ្អឹងរឿងចេញមក ពិសេសចំពោះអ្នកដែលសរសេររឿងវែង ព្រោះវាអាចជួយអ្នកឱ្យចង និងស្រាយបញ្ហាបានល្អ។ ឆ្អឹងរឿងវាដូចជាផ្លូវដែលអ្នកត្រួសត្រាយទុកដើម្បីដើរទៅឱ្យដល់ការបញ្ចប់រឿង។ ជាការពិត អ្នកអាចកែប្រែឆ្អឹងរឿងនោះបាននៅពេលអ្នកចាប់ផ្តើមសរសេរអត្ថបទរឿង។ គុណសម្បត្តិមួយទៀតនៃឆ្អឹងរឿង គឺវាអាចឱ្យអ្នកសរសេរឈុតឆាកណាមួយមុនក៏បាន បើសិនមានឈុតឆាកខ្លះអ្នកនៅទើ សរសេរមិនចេញ។
២. រៀនសង្កេតពីព្រឹត្តិការណ៍៖ ព្រឹត្តិការណ៍ដែលកើតឡើងនៅជុំវិញខ្លួនសុទ្ធសឹងជាទុនក្នុងការតែងនិពន្ធ។ កុំទម្លាប់សរសេររឿងដែលគ្មានរឿង រឿងដែលគ្មានទម្ងន់នៃបញ្ហា និងរឿងដែលគ្មានបង្កប់នូវសារអប់រំ ហើយកុំព្យាយាមរត់តាមទីផ្សារ ឬចំណូលចិត្តរបស់អ្នកអាន ព្រោះស្នាដៃនោះអាចនឹងមិនមានតម្លៃជាសកល និងមិនមានតម្លៃយូរអង្វែងឡើយ។ ការរត់តាមទីផ្សារ វាប្រៀបដូចជាការស្រវាចង់បានភាពល្បីបែបភ្លើងចំបើង។
៣. រៀនពីស្នាដៃអ្នកដទៃ៖ រៀនស្រាវជ្រាវ រៀនសិក្សាស្វែងយល់ពីស្នាដៃប្រលោមលោក ឬវីដេអូរបស់អ្នកនិពន្ធដទៃ។ ប៉ុន្តែចៀសវាងដាច់ខាតការតែងនិពន្ធដោយ Inspired (បំផុសគំនិត) ពីរឿងនេះ ឬរឿងនោះដែលខ្លួនបានអាន ឬបានទស្សនា ពីព្រោះការ Inspired ហួសហេតុ វាក្លាយជាការចម្លងរឿងគេ ហើយវានឹងធ្វើឱ្យយើងបាត់បង់តម្លៃខ្លួនឯង។ កុំចង់ល្បីព្រោះចម្លងគេ!
៤. រៀនទើស និងរៀនទាមទារ៖ ត្រូវដឹងថាតើកន្លែងណាដែលមិនល្អ ហើយគួរធ្វើបែបណាដើម្បីអភិវឌ្ឍស្នាដៃនោះឱ្យកាន់តែល្អ។ កុំគ្រប់គ្រាន់ ឬស្កប់ស្កល់នឹងគុណភាពស្នាដៃរបស់ខ្លួនឯង។ ត្រូវរកអ្នកអានដ៏ល្អដើម្បីអានស្នាដៃរបស់ខ្លួនដើម្បីទទួលបានមតិរិះគន់កែលម្អ។ កុំអាឡ័កស៊ីនឹងពាក្យរិះគន់ដើម្បីស្ថាបនា!
៥. រៀនបង្កើតបណ្តាញ៖ កុំព្យាយាមផ្តាច់ខ្លួនពីគេឯង ដោយដើរលើផ្លូវនិពន្ធឆ្កុយៗតែម្នាក់ឯង។ ត្រូវព្យាយាមចងក្រងជាក្រុមជាមួយអ្នកនិពន្ធដទៃ ឬមានទំនាក់ទំនងជាមួយចង្កោមអ្នកនិពន្ធដើម្បីរៀនសូត្របន្ថែម និងដើម្បីជជែកពិភាក្សារកគន្លឹះបង្កើនគុណភាពស្នាដៃរបស់ខ្លួន។
៦. ចូលរួមការបណ្ដុះបណ្ដាលការតែងនិពន្ធ៖ ចូលរួមវគ្គបណ្តុះបណ្តាលពីការតែងនិពន្ធ ឬចូលរួមកម្មវិធីដែលទាក់ទងនឹងការតែងនិពន្ធដើម្បីសិក្សាស្វែងយល់ពីជំនាញមួយនេះឱ្យបានច្រើន។
អ្នកស្រី អ៊ុច ថាវី បានបន្ថែមថា “ការងារតែងនិពន្ធមិនមែនជាការងារដែលងាយស្រួលធ្វើនោះទេ។ វាទាមទារក្តីស្រឡាញ់ ទេពកោសល្យ ភាពអំណត់អត់ធន់ និងការលះបង់ ដូច្នេះមុននឹងអ្នកសម្រេចចិត្តចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវសួរខ្លួនឯងម្តងហើយម្តងទៀតថា តើអ្នកពិតជាចង់ក្លាយជាអ្នកនិពន្ធមែនទេ? បើចង់ តើអ្នកចង់និពន្ធពីអ្វី? តើអ្នកតែងនិពន្ធដើម្បីអ្វី? បើអ្នកអាចឆ្លើយសំណួរទាំងបីនេះហើយ សូមចាប់ផ្តើមការតែងនិពន្ធរបស់អ្នកចុះ ហើយត្រូវចាំថា បើសរសេរ ត្រូវសរសេរឱ្យចប់ កុំទុកចោលកណ្តាលទី។ រឿងសំខាន់ចុងក្រោយ ក្នុងនាមជាអ្នកនិពន្ធ ត្រូវរកអត្តសញ្ញាណរបស់ខ្លួនឱ្យឃើញ ថាតើខ្លួនចង់ក្លាយជាអ្នកនិពន្ធរឿងប្រភេទអ្វី? អ្នកនិពន្ធរឿងបែបស៊ើបអង្កេត? ឬរឿងបែបភ័យរន្ធត់? ឬរឿងបែបមនោសញ្ចេតនាផ្អែមល្ហែម?”
គួរបញ្ជាក់ផងដែរថា អ្នកស្រី អ៊ុច ថាវី មានបទពិសោធទាក់ទងនឹងការតែងនិពន្ធទាំងវីដេអូ និងស្នាដៃប្រលោមលោកជាច្រើនរឿង។ ចំពោះស្នាដៃជាវីដេអូវិញ អ្នកស្រីបានចំណាយពេល ១៦ឆ្នាំ (២០០១-២០១៧) នៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និព្ធវីដេអូរឿងអប់រំ ហើយស្នាដៃអ្នកស្រីទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា ពិសេសរឿងជញ្ជីងគ្មានស្រមោល (សហនិពន្ធ) រឿងបង្គងវល្លិ៍មាស (សហនិពន្ធ) រឿងដើមក្រសាំង រឿងម្ចាស់កាំបិតត្នោត និងរឿងជនរងគ្រោះ។
ចំពោះស្នាដៃប្រលោមលោកវិញ អ្នកស្រី អ៊ុចថាវី បានបោះពុម្ភរឿង តាមប្រមាញ់ឧក្រិដ្ឋជន និងរឿង សំណាញ់ជីវិត។ ហើយនៅឆ្នាំ២០២១នេះ អ្នកស្រីនឹងត្រៀមចេញផ្សាយស្នាដៃថ្មីមួយទៀត ជាស្នាដៃរឿងខ្លីៗបែបអប់រំលើកទឹកចិត្តស្រ្តីរឿង កូនស្រី។ ក្រៅពីស្នាដៃប្រលោមលោកទាំងនេះ គឺមានស្នាដៃរឿងខ្លីៗមួយចំនួនដែលមានចេញផ្សាយនៅប្រលោមលោកសប្បាយ នៅ iRead Page និងចេញផ្សាយនៅក្នុងស្នាដៃសហនិពន្ធរបស់សមូហកម្មមន្តទឹកខ្មៅ។ ក្រៅពីស្នាដៃទាំងនេះ អ្នកស្រី អ៊ុច ថាវី ក៏ជាម្ចាស់ជយលាភីលើស្នាដៃប្រកួតធំៗមួយចំនួនដូចជា៖
- ល្ខោនវិទ្យុ «ស្នេហ៍ពិត» ក្រោមប្រធានបទ «ការរំលោភបំពានស្រ្តីក្នុងបណ្តាញទំនាក់ទំនងសង្គម» ទទួលបានជយលាភីលេខ២ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្នុងឆ្នាំ២០១៩។
- រឿងខ្លី «វង្វេង» ក្រោមប្រធានបទ «ការមិនមានរោគគឺជាលាភដ៏ប្រសើរ» ទទួលបានជយលាភីលេខ៣ ពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ២០២១៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ អ្នកនិពន្ធប្រាប់គន្លឹះបង្កើតចរិតតួអង្គក្នុងរឿងប្រលោមលោកមិនភ្លាវ ធ្វើឲ្យអ្នកអានចូលចិត្ត
ចុចអាន៖ គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១
ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ