KPT+
ម្ចាស់ហ្វ្រេនឆាយ លក់បាយល្បីឈ្មោះមួយ ធ្លាប់ជាអតីតពលករ នៅប្រទេសកូរ៉េ
យុវជនម្នាក់ ធ្លាប់ធ្វើជាកម្មករសំណង់ ធ្វើជាពលករនៅប្រទេសកូរ៉េ និងធ្វើជាចុងភៅអស់រយៈពេល ១០ឆ្នាំ ទើបសម្រេចចិត្តបង្កើតមុខរបរ ហ្វ្រេនឆាយអាជីវកម្មខ្នាតតូចមួយ នៅដើមឆ្នាំ២០២១កន្លងទៅនេះ។ យុវជនរូបនេះ មានឈ្មោះលោក ម៉ិល ឆោម ដែលជាស្ថាបនិកហ្រ្វេនឆាយ មាន់&បាយ Chef Chhoum។ បង្កើតឡើងនៅដើមឆ្នាំ២០២១ មកដល់ពេលនេះ បានពង្រីកសាខាចំនួន ១០ទីតាំងហើយ តែលោក ឆោម យល់ថា លោកមិនទាន់មានភាពជោគជ័យអ្វីនោះទេ គ្រាន់តែបានដើរលើផ្លូវត្រូវ នៃមុខរបរមួយនេះតែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗ អំពីការសិក្សា ការងារ និងមុខរបរ ដែលម្ចាស់ហ្រ្វេនឆាយ មាន់&បាយ Chef Chhoum បានធ្វើ និងកំពុងធ្វើ។
លោក ម៉ិល ឆោម មានស្រុកកំណើតនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ មានឪពុកឈ្មោះ ប៉ា បោងវ៉ិត ម្ដាយឈ្មោះ ស៊ុន សំណាង ដោយទាំងឪពុក និងម្ដាយរបស់លោក ប្រកបមុខរបរជាកសិករដូចគ្នា ហើយលោកមានបងប្អូន ៦នាក់។

លោក ម៉ិល ឆោម បានសិក្សាចំណេះដឹងទូទៅត្រឹមតែថ្នាក់ទី ៨ប៉ុណ្ណោះ ដោយសារស្ថានភាពគ្រួសារមិនអំណោយផល។ តែជាយ៉ាងណា ឆោម បានបន្តការសិក្សាចំណេះដឹងទូទៅបាន ១ឆ្នាំទៀត នៅអង្គការPSE ហើយបន្ទាប់មកទើបរៀនផ្នែកចុងភៅរយៈពេល ២ឆ្នាំ នៅអង្គការដដែលនេះ។
មុនពេលចាប់ផ្ដើមបង្កើត ហ្រ្វេនឆាយ មាន់&បាយ Chef Chhoum យុវជន ឆោម ធ្លាប់មានបទពិសោន៍ជា កម្មករសំណង់ ចុងភៅនៅតាមហាង តាមសណ្ឋាគារ បង្រៀនផ្នែកចុងភៅអង្គការPSE និងធ្លាប់ធ្វើជាពលករចំណាកស្រុក នៅប្រទេសកូរ៉េរយៈពេលជិត ៥ឆ្នាំ។ ពេលនៅប្រទេសកូរ៉េយុវជនរូបនេះ បានឆ្លៀតពេលក្រៅម៉ោងបន្ថែម ដើម្បីធ្វើការងារជាមេចុងភៅនៅហាងមួយ ក្នុងប្រទេសកូរ៉េនោះ។ លោក ឆោម ចេះធ្វើម្ហូប ខ្មែរ កូរ៉េ ចិន ជប៉ុន និងម្ហូប អឺរ៉ុបមួយចំនួនទៀតដែរ ដែលជារួមលោកធ្វើការងារជាមេចុងភៅ មានចំនួន ១០ឆ្នាំឯណោះ។

នៅខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ិល ឆោម បានរៀបចំបង្កើតហ្វ្រេនឆាយ មាន់&បាយ Chef Chhoum។ ចំពោះការបង្កើតពីដំបូង លោកជួបបញ្ហាប្រឈមតិចតួចប៉ុណ្ណោះ ដោយសារវាជាអាជីវកម្មហ្វ្រេនឆាយ ម្ហូបអាហារវេចខ្ចប់។ តាមពិតទៅ មុនពេលបង្កើតហ្វ្រេនឆាយនេះ លោក ឆោម ធ្លាប់បើកហាងទំនើបមួយកន្លែង ក្បែរសាលាបាក់ទូក ក្នុងរាជធានីភ្នំពេញ ដែលមានលក់ស៊ុបក្រហម រសជាតិខ្មែរ-កូរ៉េ។ ប៉ុន្តែដោយសារបញ្ហាទីតាំងមិនសូវល្អ និងដោយសារវិបត្តិនៃជំងឺកូវីដ-១៩ផង លោកក៏សម្រេចចិត្តបិទហាងនោះតែម្ដង។
ជាដំណោះស្រាយ ចំពោះការប្រកបមុខរបររបស់ខ្លួន សហគ្រិនវ័យ ៣២ឆ្នាំរូបនេះ បានបង្វែរទៅបង្កើតហ្វ្រេនឆាយខ្នាតតូចមួយ នោះគឺ មាន់&បាយ Chef Chhoum វិញ។ មាន់&បាយ Chef Chhoum មានលក់ មាន់បំពង បាយមាន់ ដំឡូងចៀន បែបកូនកាត់ភ្នំពេញ-សេអ៊ូល និងភេសជ្ជៈមួយចំនួនទៀត ហើយការលក់គឺអតិថិជន អាចទៅទិញវេចខ្ចប់ដោយផ្ទាល់ ឬក៏កម្មង់ទិញតាមអញឡាញក៏បានដែរ។

មូលហេតុ ដែលលោក ឆោម ចាប់យកមុខរបរក្នុងវិស័យម្ហូបអាហារ ដោយសារតែលោកមានបទពិសោធន៍ច្រើន ទាំងការសិក្សា និងការអនុវត្តផ្ទាល់ ទៅលើការធ្វើម្ហូបអាហារនេះ។ ចំពោះមូលហេតុ ដែលលោកដាក់ឈ្មោះហ្វេ្រនឆាយ មាន់&បាយ Chef Chhoum ក៏ព្រោះតែលោកជាមេចុងភៅ មានបទពិសោធន៍ច្រើន ចំពោះការចំអិនសាច់មាន់ច្រើនរសជាតិ ហើយអាជីវកម្មរបស់លោក គឺផ្ដោតសំខាន់លើ បាយសាច់មាន់ និងមាន់បំពង់។
ការចំណាយទុនដំបូង សម្រាប់បង្កើតអាជីវកម្មនេះ គឺត្រឹមតែ ២៥០០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ចំណាយទៅលើសម្ភារៈប្រើប្រាស់ វត្ថុធាតុដើមផលិត និងការជួលទីតាំង ហើយក្រោយពីមានការរីកចំរើន លោកបានចំណាយដើមទុនជាបន្តបន្ទាប់ទៀត។ ចំពោះទីតាំង ដែលបើកដំណើរការដំបូង គឺនៅជិតសាលារៀនវ៉ាន់គណនេយ្យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ឆោម យល់ថា អាជីវកម្មខ្នាតតូចរបស់លោក លក់ចំណីអាហារនេះ មិនសូវមានហានិភ័យ និងការខាតបង់អ្វីឡើយ ទោះស្ថិតនៅក្នុងបរិបទនៃកូវីដ-១៩ ព្រោះថា មនុស្សគ្រប់រូបចៀសមិនបានទេ សម្រាប់ការទទួលទានចំណីអាហារប្រចាំថ្ងៃ ឲ្យតែយើងលក់ផលិតមានគុណភាពល្អ ឆ្ងាញ់ និងមានផាសុកភាព ហើយឥឡូវគេអាចកម្មង់តាមអនឡាញ បានថែមទៀត។

ចាប់តាំងពីដើមឆ្នាំ២០២១ មកដល់ពេលបច្ចុប្បន្ន មាន់&បាយ Chef Chhoum បានពង្រីកសាខាលក់របស់ខ្លួនចំនួន ១០ទីតាំងហើយ ក្នុងនោះមាននៅរាជធានីភ្នំពេញ និងនៅខេត្តឧត្ដរមានជ័យ។ សហគ្រិន ម៉ិល ឆោម បានដាក់គោលដៅរយៈពេល ៣ខាងមុខ ធ្វើយ៉ាងណាពង្រីកសាខាឲ្យបាន ៤០០សាខានៅទូទាំងប្រទេស។
ទោះជាបីមានមុខរបរច្បាស់លាស់ និងបានពង្រីកសាខារហូតដល់ ១០ទីតាំងក៏ដោយ ក៏លោក ឆោម យល់ថា មកដល់ពេលនេះ មិនទាន់មានភាពជោគជ័យអ្វីដែរ។ តែលោកថា លោកកំពុងដើរលើផ្លូវត្រូវ ក្នុងអាជីវកម្មមួយ ដែលអាចមានភាពជោគជ័យ នាពេលខាងមុខ។
ជាចុងក្រោយលោក ម៉ិល ឆោម បានផ្ដល់គំនិតដល់អ្នក ដែលចង់ទិញហ្រ្វេនឆាយរបស់អ្នកដទៃ ដើម្បីយកមកប្រកបមុខរបរប្រចាំថ្ងៃនោះ សូមគិតគូឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ។ ត្រង់ចំណុចនេះលោក បានបញ្ជាក់ថា «ខ្ញុំសូមផ្ដល់គំនិតឲ្យពួកគាត់ សិក្សាឲ្យបានច្បាស់ពីហ្វេ្រនឆាយមួយហ្នឹង ថា គឺអាជីវកម្មភ្លើងចំបើង ឬក៏អាជីវកម្មយូរអង្វែង ហើយមូលហេតុដែលខ្ញុំផ្ដល់គំនិតបែបហ្នឹង ពីព្រោះបច្ចុប្បន្ននេះ អាជីវកម្មហ្វ្រេនឆាយមានច្រើនមែនទែន ដោយអ្នកខ្លះអត់ចេះធ្វើម្ហូបផង និងមិនមានជំនាញផ្នែកចុងភៅផង ក៏បង្កើតហ្វ្រេនឆាយលក់បែបម្ហូបអាហារដែរ ហើយជាប្រភេទអាជីវកម្មភ្លើងចំបើងមួយភ្លែត ប៉ះពាល់ទៅដល់អ្នកទិញហ្វេ្រនឆាយបន្ត»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា