KPT+
រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន
ទស្សនិកជនដែលធ្លាប់ទស្សនាខ្សែភាពយន្តបុរាណចិន ប្រាកដជាបានដឹងពីភាពយន្តខ្នាតធំ និង រឿងភាគក្នុងទូរទស្សន៍ ពី អធិរាជស្តេចស្រី អ៊ូ ចឺធៀន ឬ អ៊ូម៉ីនាង ដែលគេដាក់រហស្សនាមថា ជាមនុស្សស្រីស្អាត ឆ្លាត ពូកែ គ្មានមេត្តា និងពិសពុលបំផុត។
យ៉ាងណាមិញ នៅក្នុងប្រវត្តិសាស្ត្រចិន អ៊ូ ម៉ីនាង ពិតជាមានមែន ហើយនាងក៏ជាមនុស្សអស្ចារ្យបំផុតនៅសម័យនោះ ដែលហ៊ានផ្ដួលរំលំអ្នកដែលជិះជាន់ និងបំបិទសិទ្ធសេរីរបស់មនុស្សស្រី។
កម្ពុជាថ្មី សូមបើកកកាយពីរឿងរ៉ាវព្រឺព្រួចទាំង ១០ យ៉ាង របស់អធិរាជស្តេចស្រី ដែលបានចារជាប្រវត្តិសាស្ត្រ តែខុសពីសាច់រឿងក្នុងរឿងភាគមួយចំនួន ដែលយើងនឹកស្មានមិនដល់។
១ ជាមនុស្សជំនិត (លេខា) របស់អធិរាជស្តេច ថៃចុង (Taizon)
ឪពុករបស់ អ៊ូ ចឺធៀន គឺជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្ដម្ភ និងជាអ្នកចេះដឹងម្នាក់ ដែលជាហេតុបណ្ដាលឲ្យគាត់បានបណ្ដុះបណ្ដាល បង្រៀនអក្សរសាស្ត្រ ព្រមទាំងចំណេះវិជ្ជាជាច្រើនដល់នាង ហើយនៅក្នុងសម័យនោះ គ្មានមនុស្សស្រីណាធ្វើបានដូចនាងឡើយ។ នៅពេលដែល ចឺធៀន អាយុ១៤ឆ្នាំ ដោយសារតែពេញចិត្តភាពឆ្លាតវៃ និងទេពកោសល្យរបស់នាង ស្តេច ថៃចុង បានដាក់ងារឲ្យនាងមានឈ្មោះថា អ៊ូ ម៉ីនាង ប្រែថា ស្រស់ស្អាត ឬមានមន្តស្នេហ៍។ បើទោះបីជានាងបានចូលរាជវាំង ធ្វើជាស្នំស្តេចយ៉ាងណាក៏ដោយ ដោយសារតែភាពឆ្លាតវៃ និងការចង់ចេះ ចង់ដឹង នាងបានប្រឹងប្រែងសិក្សាមុខវិជ្ជាជាច្រើន រហូតដល់ស្តេចពេញចិត្តលើកជាលេខា និងជំនិតរបស់ទ្រង់ទៀតផង។ ក្រោយពីសិក្សា និងបានរៀនសូត្រតាម ស្តេច ថៃចុងអស់រយៈពេល ១០ឆ្នាំ ពេលដែលនាងបានឡើងគ្រងរាជ្យ នាងបានយករបៀបគ្រប់គ្រងប្រទេសតាមស្តេចថៃចុងទៀតផង។
២ លបលួចមានស្នេហា នឹងបុត្រាស្តេចថៃចុង ដើម្បីយកលេសត្រលប់មករាជវាំងវិញ

នៅក្នុងឆ្នាំ ៦៤៩ អធិរាជថៃចុងបានចូលទិវង្គត ហើយតាមច្បាប់ព្រះនគរ មិនថាស្នំ អ្នកម្នាង ឬព្រះមហេសីស្តេចទេ ត្រូវតែកោរសក់បួសកាន់ទុក្ខឲ្យអធិរាជអស់មួយជីវិត។ ដោយសារតែ មិនចង់រស់នៅបួសជាដូនជីអស់មួយជីវិត ម៉ីនាងបានឆ្លៀតឱកាសលបលួចឲ្យខ្សែភ្នែក និងបញ្ចុះបញ្ចូលស្តេច លីជី (កៅចុង) បុត្រាបង្កើតរបស់ស្តេច ថៃចុង ហើយបានលបលួចស្នេហាគ្នា រហូតដល់ អ៊ូ ម៉ីនាង មានព្រះគភ៌។ ស្តេចកៅចុង មានបំណងចង់យកនាងមករាជរាំងវិញ និងបានលួងលោមមហេសីរបស់ខ្លួន។ ដោយមហេសី វ៉ាង ជាមនុស្សស្រីស្មោះត្រង់ មានព្រះទ័យមេត្តា និងស្រលាញ់ស្វាមី ទាស់តែទ្រង់មិនអាចមានបុត្របាន ដូច្នេះពេលឮថា ម៉ីនាង មានផ្ទៃពោះ ព្រះមហេសីត្រេកអរណាស់ និងបានជួយបំប៉ន ថែទាំ អ៊ូ ម៉ីនាង យ៉ាងល្អ ព្រមទាំងឲ្យឈប់កោរសក់ និងទុកសក់ឲ្យវែងសិន ទម្រាំដល់ពេលសមល្មមចូលរាជវាំងវិញ រួចទទួលងារជាស្នំឯក ។ បើទោះបីជាមានការជំទាស់ពីបណ្តាមន្ត្រីយ៉ាងណាក៏ដោយក៏ ម៉ីនាង នៅតែអាចឈានជើងមកកាន់រាជវាំងម្តងទៀត ដោយមានឋានៈខ្ពស់ជាងមុនទៅទៀត។
៣ សម្លាប់កូនស្រីខ្លួនឯងដើម្បីអំណាច
បន្ទាប់ពីផ្តល់កំណើតឲ្យកូនប្រុសទាំង២ គឺ លី ហុង (ឆ្នាំ ៦៥២) និង លី ជៀន (៦៥៣) ម៉ីនាង បានបង្កើតកូនស្រីម្នាក់ទៀតនៅក្នុងឆ្នាំ ៦៥៤ តែកូនស្រីនោះត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងអង្រឹង។ ម៉ីនាង បានចោទប្រកាន់លើព្រះមហេសី និងគ្រួសាររបស់ព្រះមេហេសី វ៉ាង រួមទាំងស្នំឯក ស៊ៀវ ដែលធ្លាប់បានធ្វើបាប អ៊ូ ម៉ីនាង ថាបានរួមគំនិត និងរៀបឧបាយកលសម្លាប់កូនស្រីរបស់នាង។ ទីបំផុត ព្រះមហេសីវ៉ាង និងស្នំឯក ស៊ៀវ ត្រូវបានគេចាប់ដាក់គុក និងទទួលទោសប្រហារជីវិតដ៏សាហាវឃោរឃៅបំផុត ដោយកាត់ដៃកាត់ជើង ហើយយកត្រាំស្រារហូតដល់ស្លាប់។ បើទោះបីជា ការស្លាប់របស់កូននាង នៅមិនទាន់មានអ្នកណាហ៊ានសន្និដ្ឋានបានច្បាស់ថា ដោយសារតែមូលហេតុអ្វីក៏ដោយ តែមនុស្សជាច្រើនបានដាក់ការសង្ស័យ និងជឿជាក់ថា នេះជាល្បិចកលរបស់ ម៉ីនាង កម្ចាត់មហេសី និងស្នំឯក ដែលទើសមុខចេញដើម្បីដណ្តើមអំណាច។ មិនខុសពីអ្វីដែល ម៉ីនាងចង់បាន ក្រោយពីមហេសីវ៉ាងស្លាប់ នាងបានឡើងឋានៈជាព្រះមហេសីយ៉ាងពេញសិទ្ធ។
៤ សម្លាប់អ្នកដែលប្រឆាំង និងរារាំងផ្លូវនាង
តាំងពីបានឡើងឋានៈជាព្រះមហេសី អ៊ូ ម៉ីនាង លែងជាស្ត្រីទន់ភ្លន់ទៀតហើយ តែនាងបានក្លាយជាមនុស្សស្រីដែលតឹងរ៉ឹង ចិត្តដាច់ និងកាចសាហាវឃោរឃៅបំផុត សូម្បីតែស្តេច កៅចុង ក៏ខ្លាចញញើតនាងដែរ។ អ៊ូ ម៉ីនាង បានចាប់ផ្តើមធ្វើការបោសម្អាត និងកម្ចាត់ជន ឬមន្ត្រីណាដែលប្រឆាំង រារាំងផ្លូវរបស់នាង។ ជាពិសេសនាងក៏បានទិញទឹកចិត្ត និងមានអ្នកស៊ើបការណ៍សម្ងាត់ជាច្រើននាក់ផងដែរ ដើម្បីបម្រើការងារ និងអំណាចរបស់នាង។ នៅក្នុងពេលដែលអំណាចរបស់នាងកាន់តែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ស្តេចកៅចុងបានចាប់ផ្តើមភ័យខ្លួន និងខ្លាចអ៊ូម៉ីនាងដណ្តើមអំណាចទាំងអស់ ក៏បានរិះរកវិធីជាមួយនឹងមន្ត្រីដែលស្មោះត្រង់ពីរូបគឺ Zhongshu Sheng និង Shangguan Yi ដើម្បីជួយទ្រង់ ប៉ុន្តែអ៊ូ ម៉ីនាងដឹងទាន់ ក៏បានសម្លាប់មន្ត្រីទាំងនោះចោលអស់។
៥ ទម្លាក់បុត្រខ្លួនឯងចេញពីស្តេចផែនដី
ក្រោយពីស្តេចកៅចុងចូលទិវង្គតនៅក្នុងឆ្នាំ ៦៨៣ អ៊ូ ម៉ីនាង បានប្រគល់រាជ្យសម្បត្តិឲ្យបុត្រាច្បងគឺ លីហុង ដែលមាននាមជាអធិរាជ Zhongzong ។ តែអធិរាជរូបនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រពន្ធខ្លួនគឺ មហេសី វ៉ៃ ដែលបានចាប់ផ្តើមប្រើសិទ្ធអំណាច បង្កើតបក្សពួក និងសាច់ញាតិបងប្អូនខ្លួន ។ ព្រោះតែភាពអំនួត និងការចង់ដណ្តើមអំណាចរបស់មហេសីវ៉ៃ អ៊ូ ម៉ីនាង ក៏បានទម្លាក់ឋានៈអធិរាជ Zhongzong និងនិរទេសចេញពីរាជវាំង។ បន្ទាប់មកក៏លើកបុត្រាបន្ទាប់ព្រះនាម Li Dan ហៅអធិរាជ Ruizong ឡើងគ្រងរាជបន្ត តែមិនបានប៉ុន្មាន នាងក៏បានបង្ខំកូនខ្លួនឯងចុះចេញពីរាជសម្បត្តិនៅក្នុងឆ្នាំ ៦៩០។ រួចនាងក៏ឡើងគ្រងរាជ្យដោយខ្លួនឯងតែម្តង ដោយដាក់ឈ្មោះខ្លួនឯងថា សឺធៀន ( Zetian) មានន័យថា ម្ចាស់ច្បាប់នៅក្រោមមេឃ។
៦ តាំងខ្លួនជាព្រះ

ការធ្វើជាអធិរាជនៃរាជវង្ស ចូវ (Zhou) មិនទាន់ស្កប់ចិត្ត អ៊ូ ម៉ីនាងនោះឡើយ នាងបានដាក់បញ្ជា ឲ្យគេសាងសង់រូបសំណាក់ព្រះពុទ្ធ Maitreya ដែលមានរូបរាង មុខមាត់ដូចជានាង និងតាំងនាមខ្លួនឯងដូចជាព្រះជាម្ចាស់ ដើម្បីឲ្យប្រជានុរាស្ត្រទូទាំងនគរគោរពនាង ដូចជាព្រះរស់។
៧ មានជំនឿឆ្វេងនិយម
ម៉ីនាង នៅតែបន្តដាក់ទោស និងចាប់មន្ត្រីជាច្រើនដាក់គុក ដោយសារតែនាងខ្លាចមានគេដណ្តើមអំណាចរបស់ខ្លួន ជាពិសេស នាងមិនជឿជំនឿដែលដាក់ទោស ឬប្រឆាំងនឹងនាងនោះឡើយ។ មានមន្ត្រីម្នាក់បាននិយាយប្រាប់នាងថា នាងមិនសក្ដិសមនឹងគ្រប់គ្រងប្រទេសជាតិនោះឡើយ បានជាទេវតាដាក់ទោសមានគ្រោះរញ្ជួយដីកើតឡើង តែនាងមិនស្តាប់នោះទេ នាងគិតថាជាប្រផ្នូលល្អទៅវិញ។ ដោយយល់ថាមន្ត្រីនោះប្រឆាំងនឹងនាង នាងបានដាក់ទោសមន្ត្រីនោះយ៉ាងឃោរឃៅ ឬអ្នកខ្លះបានសម្លាប់បំបិទមាត់ថែមទៀតផង។

៨ មានស្នំប្រុសៗបម្រើតណ្ហា
បើទោះបីជាមានវ័យចំណាស់យ៉ាងណាក៏ដោយ តែ ម៉ីនាងជាមនុស្សស្រីដែលមានតណ្ហាក្រាស់ រហូតកោះហៅប្រុសៗក្មេងៗមករួមដំណេក ជាពិសេសគឺព្រះសង្ឃក្លែងក្លាយឈ្មោះ Huaiyi ។ ក្រោយមក នាងក៏មានស្នេហាជាមួយនឹងបណ្តាប្រុសៗជាច្រើន រហូតដល់ខូចឈ្មោះ ធ្លាក់ចុះអំណាច និងបាត់បង់ទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងប្រទេសជាតិ ដោយការសប្បាយភ្លើតភ្លើនភ្លេចខ្លួន។ ក្រោយពីអំណាចធ្លាក់ចុះ បណ្តាមន្ត្រីរបស់នាង ចាប់ផ្តើមទម្លាក់នាងពីរាជសម្បត្តិនៅក្នុងឆ្នាំ ៧០៥ និងបានសម្លាប់បណ្ដាស្នំប្រុសៗរបស់នាងចោលអស់។ បុត្រារបស់នាងគឺស្តេច Zhongzong បានគ្រងរាជសម្បត្តិម្តងទៀត ហើយរាជវង្សចូវរបស់ អ៊ូ ម៉ីនាង ផ្ដើមត្រឹមនាង ហើយបញ្ចប់ក៏ត្រឹមនាងតែម្នាក់ប៉ុណ្ណោះ។ អ៊ូ ម៉ីនាង បានចូលនិវត្តន៍ និងប្រើជីវិតរស់នៅធម្មតា រហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨០ ឬ ៨១ ឆ្នាំ។
៩ ទទួលបានការគោរពស្រលាញ់ពីស្ត្រី និងមនុស្សទូទៅ
ក្រោមការគ្រប់គ្រងរបស់អ៊ូ ម៉ីនាង ប្រជារាស្ត្ររស់នៅបានយ៉ាងសុខសាន្តណាស់ ដោយ អ៊ូ ម៉ីនាងបានកសាងកន្លែងសំខាន់ៗដូចជាប្រព័ន្ធធារាស្រ្ត ជួយប្រជាជនគ្មានទីពឹង បន្ថយពន្ធដល់កសិករ និងជនក្រីក្រផងដែរ។ អ្វីដែលសំខាន់នៅក្នុងរាជកាលរបស់អ៊ូ ម៉ីនាង ស្ត្រីទទួលបានការសិក្សា និងអប់រំ ថែមទាំងអាចមានសិទ្ធស្មើបុរស អាចធ្វើការងាររាជការ ធ្វើនយោបាយ ជាអ្នកដឹកនាំ អ្នកនិពន្ធ និងតំណែងសំខាន់ៗបានទៀតផង។ ការគ្រប់គ្រងរបស់នាងធ្វើឲ្យប្រជារាស្ត្ររស់នៅសម្បូរសប្បាយ ដែលជាហេតុធ្វើឲ្យនាងជាអធិរាជស្រី ដែលមានរាស្រ្តសាមញ្ញគោរពស្រលាញ់ ជាងអធិរាជណាៗទាំងអស់។
១០ ផ្ទាំងថ្មរូបសំណាក់នាងទទេស្អាត

ទោះជា អ៊ូ ម៉ីនាង គឺជាអធិរាជស្រីដែលធ្វើឲ្យប្រទេសជាតិសម្បូរសប្បាយ និងរីកចម្រើនយ៉ាងណាក៏ដោយ តែពួកមន្ត្រី និងមនុស្សមួយចំនួន មិនដែលចាត់ទុកនាងជាអធិរាជឡើយ គឺត្រឹមតែជាស្រីស្នំរបស់អធិរាជ ប៉ុណ្ណោះ (Dowager empress) ។ បន្ទាប់ពីនាងបានស្លាប់ ចេតិយរបស់នាង ត្រូវបានគេទុកទទេស្អាត ដោយមិនមានចារជាអក្សរអ្វីឡើយ ដោយគេយល់ថា នាងមានកេរ្តិ៍ឈ្មោះមិនស្អាតស្អំនៅពេលដែលនៅរស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖asianstudies
ចុចអាន៖អរិយធម៌ ចិន ៥ សម័យកាល ធ្លាប់ល្បីល្បាញ និង រុងរឿងក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖រឿងសោកសង្រេងពីក្រោយបំណែកឆ្អឹង ប៉ាវចិន រាយប៉ាយពេញប្រទេស ដោយសារតែគេឈ្លានពានផ្នូរ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម