Connect with us

KPT+

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណា កុំឲ្យឆ្លងមេរោគ?

បានផុស

នៅ

ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវ អាចជួយការពារការឆ្លងមេរោគ ប្រសិន​​បើយើង​មានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុ​ជីវិតសាច់ញាតិ​ ​ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវ​ធ្វើបែបណា​ដើម្បីឃាត់ឈាមបាន​លឿន និងកុំឱ្យឆ្លងមេរោគ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបាន​ធ្វើការសង្រ្គោះ​បឋម​​​​បាន​ត្រឹមត្រូវ​ទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖

១. ខ្ទប់មុខរបួស

ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើក​ជើង ឬដៃឱ្យខ្ពស់​ជាងបេះដូង​ដើម្បី​កាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬ​កំណាត់​ស្អាត​មកខ្ទប់​មុខរបួស។

ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់​បន្ថែម​មកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយក​កំប្រេស ឬកំណាត់​ចេញ​ដើម្បី​មើលថា ឈាមឈប់ហូរឬនៅទេ។

យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទី​ដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់​មុខរបួស​រយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាម​នៅ​តែហូរ​ទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។

២. លាងមុខរបួស

នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញ​ពីមុខ​របួសថ្នមៗ។ បន្ទាប់មកលាង​សម្អាត​មុខរបួស និងស្បែកជុំវិញមុខរបួស​ជាមួយ​អាល់កុល ឬ​​បេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។

ប្រសិនបើគ្មានអាល់កុល ឬ​​បេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយ​សាប៊ូ និង​ទឹក ប្រសិនបើតំបន់ជុំវិញ​មុខរបួសប្រឡាក់ ឬកខ្វក់​ដើម្បី​ការពារ​ការ​ឆ្លងមេរោគ តែយើងត្រូវជូត​លាង​ថ្នមៗ​កុំឱ្យ​មុខរបួស​ហូរឈាមម្តងទៀត។

លើសពីនេះទៅទៀត យើងត្រូវចាប់យកកម្ទេចកឈើ អំបែង ឬកំណាត់​ចេញពីមុខរបួសឱ្យអស់ ប្រសិនបើមាន។

៣. បិទ ឬរុំមុខរបួស

បន្ទាប់មក យើងត្រូវបិទ ឬរុំមុខរបួសជាមួយបង់បិទដំបៅ ឬបង់រុំ​របួសទៅ​តាមទំហំ​មុខ​របួស​ដើម្បីការពារកុំឱ្យឆ្លងមេរោគ ឬហូរឈាមថែមទៀត។

ប្រសិនបើរបួសជ្រៅ ធំ មានប្រហោងអាចមើលឃើញដល់ខ្លាញ់ សាច់ដុំ ឬឆ្អឹង ទោះបី​ជា​យើងអាចឃាត់ឈាមឱ្យលែងហូរ ឬមិនសូវហូរក៏ដោយ យើង​ត្រូវ​ទៅ​ពេទ្យ​ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល ដេរ ឬធ្វើការព្យាបាលបន្ថែម។

បើក្នុងករណីរបួសធ្ងន់ធ្ងរ យើង​ត្រូវ​ហៅ​ឡានពេទ្យសង្រ្គោះបន្ទាន់ ឬត្រូវទៅពេទ្យជាបន្ទាន់ តែមុនពេលឡានពេទ្យមកដល់ ឬមុនទៅពេទ្យ យើងអាចធ្វើការឃាត់ឈាមសង្រ្គោះបឋមបាន។

ជាចុងក្រោយ ដើម្បីឱ្យមុខរបួសជាសះស្បើយលឿន និងមិនឆ្លងមេរោគ យើង​ត្រូវ​ថែ​មុខ​របួសឱ្យស្អាត និងកុំឱ្យត្រូវទឹក។ យើងក៏ត្រូវលាងមុខរបួសជាមួយបេតាឌីន និង​ប្តូរ​បង់​រុំរបួសរាល់ថ្ងៃដែរ បើចាំបាច់។

ប្រសិនបើបន្ទាប់ពីរុំរបួសហើយ យើងមានអាការៈក្តៅខ្លួន ឈឺមុខរបួស​កាន់តែ​ខ្លាំង​ទៅ​ៗ ហើមមុខរបួស ឬមុខរបួសមានខ្ទុះ មានន័យថាមុខរបួសឆ្លងមេរោគហើយ។ ប្រសិន​បើអាការៈធ្ងន់ធ្ងរ យើងត្រូវទៅជួបពេទ្យ។

ពេលធ្វើការឃាត់ឈាមសង្រ្គោះបឋម យើងត្រូវសម្អាតដៃជាមួយ​អាល់​កុល ជាពិសេស​ពាក់ស្រោមដៃពេទ្យដើម្បីការពារការចម្លងមេរោគចូលមុខរបួស ឬការពារខ្លួន​យើងពី​ការ​ឆ្លងមេរោគ ឬវីរុសពីឈាមអ្នករបួស៕

អត្ថបទផ្តល់ដោយ៖ Hello Krupet

ចុចអាន៖ពេល​ឃើញ​អ្នក​លង់ទឹក​ តើ​យើង​ត្រូវ​ជួយសង្គ្រោះ​បែប​ណា​ដើម្បី​ជួយ​ទាន់

ចុចអាន៖វិធី​សង្គ្រោះ​ខ្លួនឯង​ពេល​ពើប​ប្រទះ​ឆ្កែ​កាច​ឬ​ឆ្កួត​តាម​ផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ៤៣ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៥១ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

Sokha Hotels

ព័ត៌មានពេញនិយម