KPT+
មកស្គាល់ជំទាវទី១របស់អ៊ុយក្រែន លោកស្រី Olena Zelenska
ផ្ដើមចេញពីអ្នកនិពន្ធសៀវភៅរឿង លោកស្រី Olena Zelenska បានក្លាយជាជំទាវទី១ របស់អ៊ុយក្រែន ក្រោយពេលលោក Zelensky បានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ។
លុះមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Olena បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តីលំដាប់ពិភពលោក Vogue របស់អ៊ុយក្រែន ក្នុងនាមជាជំទាវទី១ពេញសិទ្ធិនៃប្រទេស។

ត្រឡប់ទៅកំណើតរបស់ស្រ្តីវ័យ ៤៤ឆ្នាំរូបនេះ ប្រភពពី Wikipedia បានឱ្យដឹងថា លោកស្រី Olena Zelenska មានឈ្មោះពេញ Olena Volodymyrivna Zelenska កើតថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ១៩៧៨ ដែលសព្វថ្ងៃជាអ្នកនិពន្ធរឿង ជាជំទាវនៃប្រទេសអ៊ុយក្រែនបច្ចុប្បន្ន និងជាភរិយារបស់ប្រធានាធិបតី Zelensky ។

និយាយពីទំនាក់ទំនងរវាងប្តីប្រពន្ធមួយគូនេះវិញ គេបានដឹងថា អ្នកទាំងពីរចាប់ផ្ដើមសាងស្នេហ៍ពីចំណងមិត្តភក្តិ ពោលគឺពួកគេធ្លាប់ជាមិត្តរួមថ្នាក់នឹងគ្នា កាលនៅសាកលវិទ្យាល័យ ក្នុងអំឡុងពេលលោក Zelensky រៀនផ្នែកច្បាប់។ បន្ទាប់ពីស្គាល់គ្នា ពួកគេបន្តចំណងស្នេហ៍ជាគូសង្សាររយៈពេល ៨ឆ្នាំ ទើបសម្រេចចិត្តរៀបការ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០០៣។ លុះនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៤ កូនស្រីច្បងរបស់ពួកគេឈ្មោះ Oleksandra បានសម្រាល ហើយនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៣ លោកស្រី Zelenska និងស្វាមីបានផ្តល់កំណើតដល់កូនប្រុសម្នាក់ទៀតឈ្មោះ Kyrylo ។

រំលឹកទៅជីវិតសិក្សា លោកស្រី Zelenska ជានិស្សិតសិក្សាផ្នែកស្ថាបត្យកម្មនៅមហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យជាតិ Kryvyi Rih។ ប៉ុន្តែអំឡុងពេលសិក្សា លោកស្រីចាប់អាជីពជាអ្នកសរសេរអត្ថបទឱ្យផលិតកម្ម Kvartal 95 របស់ស្វាមី រហូតដល់ទីបំផុតក៏បានក្លាយជាអ្នកនិពន្ធតែម្ដង។
ក្រោយឡើងជាជំទាវ លោកស្រីចាប់ផ្តួចផ្តើមធ្វើការងារសង្គមជាច្រើន រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Zelenska ត្រូវបានបញ្ចូលក្នុងបញ្ជីនៃជនជាតិអ៊ុយក្រែនទាំង ១០០នាក់ ដែលមានឥទ្ធិពលបំផុតដោយទស្សនាវដ្តី Focus ដោយលោកស្រីទទួលបានចំណាត់ថ្នាក់ទី ៣០។

អំឡុងពេលក្លាយជាជំទាវទី១ ជាង ៣ឆ្នាំមកនេះ លោកស្រីបានកំណែទម្រង់ប្រព័ន្ធអាហារូបត្ថម្ភរបស់សាលានានានៅអ៊ុយក្រែន ដោយកំណែទម្រង់នេះ បានលើកកម្ពស់គុណភាពអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ សម្រាប់ក្មេងៗ។ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ គណៈរដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែនបានអនុម័តស្តង់ដារម្ហូបអាហារ ដែលស្នើដោយលោកស្រី Zelenska ឱ្យចូលជាធរមាន សម្រាប់អនុវត្តតាមសាលារៀននៅអ៊ុយក្រែន។
ក្រៅពីគិតគូលើបញ្ហាចំណីអាហារថ្នាក់ជាតិ ជំទាវរូបនេះ បានផ្តួចផ្តើមកម្មវិធីអន្តរជាតិមួយឈ្មោះ G7 ដែលវាស្តីពីសមភាពយេនឌ័រ និងភាពជាដៃគូ។ G7 ជាវេទិកាមួយដែលប្រមូលផ្តុំនូវឥស្សរជនសាធារណៈអ៊ុយក្រែន និងអន្តរជាតិ អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ និងអ្នកដឹកនាំមតិ សម្រាប់លើកកម្ពស់សិទ្ធិស្មើគ្នាចំពោះស្ត្រី និងបុរស។

បន្ថែមពីលើការងារទាំងពីរខាងលើ លោកស្រី Zelenska ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសារមន្ទីរធំបំផុតរបស់អ៊ុយក្រែន គឺ Art Arsenal ។ ក្រោយក្លាយជាសមាជិក Olena Zelenska បានផ្តួចផ្តើមផ្សព្វផ្សាយភាសាអ៊ុយក្រែនទៅកាន់ពិភពលោក ដោយធ្វើការណែនាំសំឡេងជាភាសាអ៊ុយក្រែន មកពីភាសាមួយចំនួន នៅតាមកន្លែងទេចរណ៍ធំៗជុំវិញពិភពលោក។
មិនទាន់អស់នៅឡើយទេ លោកស្រី Zelenska ក៏ជាអ្នកផ្ដួចផ្តើមបង្កើតកម្មវិធីការពារជនរងគ្រោះ តាមបណ្ដាញឌីជីថលនៅក្នុងស្រុកផងដែរ។ បន្ថែមពីលើនេះ Olena Zelenska ក៏ជាសមាជិកសភាស្ត្រី អ៊ុយក្រែន ទី៥ ដែលបានផ្តួចផ្តើមកិច្ចប្រជុំកំពូលទីក្រុង គៀវ កាលពីខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្ន លោកស្រី Olena Zelenska កំពុងលាក់ខ្លួននៅរដ្ឋធានី គៀវ គេចពីការប្រមាញ់របស់សត្រូវ។ ជាមួយគ្នាដែរ ជំទាវរូបនេះ បានប្រកាសជំហរនៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា មិនរត់គេចខ្លួន យកសុខនោះទេ ទោះបីជាពេលនេះលោកស្រីនិងគ្រួសារ កំពុងតែជាគោលដៅរបស់រុស្ស៊ីក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា? (មានវីដេអូ)
ចុចអាន៖ មិនបង្ហាញខ្លួនមែន តែភរិយាប្រធានាធិបតី អ៊ុយក្រែន ប្ដេជ្ញានៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?