KPT+
ប្រវត្តិសិល្បៈជិត ៣០ឆ្នាំ របស់កំពូលតារាសម្ដែងចិន ត្រចៀកកាំ (Zhao Wei)
Zhao Wei ឬច្រចៀកកាំ ដែលត្រូវបានមហាជនស្គាល់យ៉ាងច្បាស់និងគាំទ្រតាមរយៈភាពយន្តរឿង ព្រះនាងយ៉េយ៉េ ក្នុងឆ្នាំ ១៩៩៨។ នាងជាតារាសម្តែង អ្នកជំនួញ អ្នកដឹកនាំរឿង ផលិតករ និងអ្នកចម្រៀងប៉ុបដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។ នាងត្រូវបានគេចាត់ទុកជាតារាសម្ដែងរៀមច្បងដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសអាស៊ីជាច្រើនទៀត ហើយក៏ជាតារាស្រីដែលមានប្រាក់ចំណូលខ្ពស់បំផុត ក្នុងចំណោមមិត្តរួមជំនាន់។
ជីវិតដំបូង និងការសិក្សា
Zhao Wei កើតថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៧៦ ។ នាងកើត និងធំធាត់នៅទីក្រុង Wuhu ខេត្ត Anhui Zhao ប្រទេសចិន គឺជាកូនទីពីរនៃគ្រួសាដែលមានឪពុកជាវិស្វករ និងម្ដាយជាគ្រូបង្រៀនបឋមសិក្សា។
បន្ទាប់ពីចប់អនុវិទ្យាល័យ Zhao Wei បានចូលសាលា Wuhu Normal School ដែលជាស្ថាប័នអប់រំក្នុងស្រុកហ្វឹកហ្វឺនគ្រូបង្រៀន។ នៅទីនោះនាងក៏បានទទួលការបណ្តុះបណ្តាលផ្នែកព្យាណូ រាំ របាំ និងការគូរគំនូរទឹកថ្នាំ។
នៅឆ្នាំ ១៩៩៤ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា Wuhu Normal School នាងបានបោះបង់ការងារជាគ្រូបង្រៀនមត្តេយ្យសិក្សា ដោយបានផ្លាស់ពីស្រុកកំណើត ទៅទីក្រុងសៀងហៃ ហើយបានចុះឈ្មោះចូលរៀននៅសាលាបង្រៀនសម្ដែង Xie Jin Star Academy ។ អំឡុងពេលសិក្សា នាងបានចូលរួមសម្ដែងភាពយន្តមួយចំនួន ប៉ុន្តែពេលនោះនាងសម្ដែងត្រឹមតែជាតួកំប៉ិកកំប៉ុកប៉ុណ្ណោះ។
លុះដល់ឆ្នាំ ១៩៩៦ Zhao Wei បានអនុញ្ញាតឱ្យចូលរៀននៅសាលាសិល្បៈសម្តែងភាពយន្តប៉េកាំង (BFA) ដោយសារនាងទទួលបានពិន្ទុប្រឡងខ្ពស់បំផុតទូទាំងប្រទេស។ ពេលនោះនាងជានិស្សិតឆ្នើម ដោយបានបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំ ជាមួយនឹងបរិញ្ញាបត្រផ្នែកសិល្បៈសម្តែង។
វិថីសិល្បៈ ពានរង្វាន់ និងស្នាដៃ
ពេលកំពុងសិក្សានៅសាលាសិល្បៈសម្ដែងភាពយន្តប៉េកាំង Zhao Wei ទទួលបានភាពល្បីល្បាញទាំងក្នុងស្រុក ក្នុងតំបន់អាស៊ីបូព៌ា និងនៅអាស៊ីអាគ្នេយ៍ តាមរយៈតួនាងត្រចៀកកាំ នៅក្នុងរឿងភាគទូរទស្សន៍ ព្រះនាងយ៉េយ៉េ (My Fair Princess) ក្នុងឆ្នាំ១៩៩៨-១៩៩៩ ដែលកាលណោះនាងបានឈ្នះពានរង្វាន់តារាស្រីឆ្នើមវ័យក្មេងពីកម្មវិធី Golden Eagle ទៀតផង។
ក្រោយពីល្បីល្បាញតាមរយៈរឿងព្រះនាងយ៉េយ៉េ នាងចាប់ផ្ដើមបង្ហាញខ្លួននៅលើ Box Office ជាមួយនឹងរឿងដុំជាបន្តបន្ទាប់។ ក្នុងឆ្នាំ២០០១ រឿង Shaolin Soccer ដែលសម្ដែងជាមួយទិនហ្វី (Stephen Chow) បានធ្វើឱ្យនាងឈ្នះពានតារាស្រីឆ្នើមពីកម្មវិធី Golden Horse Award នៅឆ្នាំ២០០២។
ក្នុងឆ្នាំ ២០០៣ អតីតតួនាងត្រចៀកកាំរូបនេះ បានសម្តែងក្នុងខ្សែភាពយន្តចំនួន ៤រឿង គឺរឿង My Dream Girl, រឿង Warriors of Heaven and Earth, រឿង Green Tea និងរឿង Jade Goddess of Mercy ។ ប៉ុន្តែរឿង Jade Goddess of Mercy នាងត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃ។ ទោះយ៉ាងណា ក្នុងឆ្នាំ ២០០៤ សមាគមសិល្បៈសម្តែងភាពយន្តចិនបានប្រគល់ពានរង្វាន់ Golden Phoenix Award ដល់នាងសម្រាប់តួសម្ដែងក្នុងរឿងនេះ។ មិនតែប៉ុណ្ណោះឆ្នាំដដែលនោះ Zhao Wei ឈ្នះពានរង្វាន់តារាស្រីឆ្នើមពីកម្មវិធី Hundred Flowers Awards លើកទី ២៧។
ដោយសារការកើនឡើងប្រជាប្រិយភាពខ្លាំងឡើងៗ នាងទទួលបានពានរង្វាន់ជាច្រើនពីមហោស្រពភាពយន្តអន្តរជាតិទីក្រុងសៀងហៃ ពានរង្វាន់ Huabiao Awards មហោស្រពភាពយន្ត Changchun ពានរង្វាន់ Hundred Flowers និងពានរង្វាន់ Shanghai Film Critics Awards សម្រាប់ខ្សែភាពយន្តដូចជា A Time to Love ឆ្នាំ២០០៥ និងរឿង Mulan ឆ្នាំ២០០៩ ។
ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីសម្រាកពីការសម្តែងអស់រយៈពេលជិត ២ឆ្នាំ នាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត Dearest របស់លោក Peter Chan ហើយបានឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមពីកម្មវិធី Hong Kong Film Critics Society Award និងកម្មវិធី Hong Kong Film Award ។
បន្ថែមពីលើខ្សែភាពយន្តល្បីៗ Zhao Wei ក៏មានវត្តមានក្នុងខ្សែភាពយន្តភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ចិនដូចជា រឿង Romance in the Rain ឆ្នាំ២០០១ រឿង Moment in Peking ឆ្នាំ២០០៥ និងរឿង Tiger Mom ឆ្នាំ២០១៥ ជាដើម។
ក្រៅពីអាជីពជាតួសម្ដែងភាពយន្ត Zhao Wei ក៏មានអាជីពជាតារាចម្រៀងផងដែរ។ នាងចាប់ផ្ដើមចេញអាល់ប៊ុមដំបូងរបស់ខ្លួនឈ្មោះ Swallow កំលុងឆ្នាំ១៩៩៩ ហើយបានបន្តចេញអាល់ប៊ុមសរុបទួាំងអស់ចំនួន ៧អាល់ប៊ុម។ ក្នុងឆ្នាំ ២០០៦ នាងបានឈ្នះពានរង្វាន់ MTV Asia Award for Favorite Artist សម្រាប់អាល់ប៊ុមចម្រៀង Double ។
អតីតតួនាងត្រចៀកកាំរូបនេះ មិនត្រឹមល្បីពាសពេញប្រទេសចិន និងអាស៊ីនោះទេនាងថែមទាំងជាប់ចំណាត់ថ្នាក់ទី ៨០ ជាតារាស្រីចិនមានប្រជាប្រិយបំផុត ក្នុងបញ្ជីទស្សនាវដ្ដី Forbes (Forbes China Celebrity 100) ក្នុងឆ្នាំ២០១៣, ចំណាត់ថ្នាក់ទី ២២ ក្នុងឆ្នាំ ២០១៤, ចំណាត់ថ្នាក់ទី ៧ ក្នុងឆ្នាំ ២០១៥ និងចំណាត់ថ្នាក់ទី ២៨ ក្នុងឆ្នាំ២០១៧ ។
កំលុងឆ្នាំ ២០១៦ Zhao Wei ត្រូវបានតែងតាំងជាសមាជិកនៃគណៈវិនិច្ឆ័យដ៏សំខាន់មួយរូប នៅឯមហោស្រពភាពយន្តអន្តរជាតិលើកទី ៧៣ ទីក្រុង Venice ប្រទេសអ៊ីតាលី។ នៅខែកញ្ញា ឆ្នាំ២០១៧ នាងត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មការប្រកួតប្រជែង មហោស្រពភាពយន្តអន្តរជាតិតូក្យូ លើកទី ៣០។ ហើយនាងក៏ជាគណកម្មការកម្មវិធី China Got Talent និងកម្មវិធីប្រកួតប្រជែងផ្សេងទៀតរបស់ទូរទស្សន៍ចិនផងដែរ។
ការដឹកនាំរឿង
តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ជាបុគ្គលមានប្រវត្តិការសិក្សាល្អមួយរូប ដោយនាងបានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកដឹកនាំរឿងពីសាលា Beijing Film Academy ក្នុងកំលុងឆ្នាំ ២០១២។ ភាពយន្តដំបូងរបស់នាងចំណងជើង So Young ផលិតក្នុងឆ្នាំ២០១៣ បានទទួលជោគជ័យយ៉ាងខ្លាំង។ ភាពយន្តនេះបានបំបែកឯតទគ្គកម្មពី Box Office ជាភាពយន្តដឹកនាំដោយអ្នកដឹកនាំស្រ្តី ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងប្រទេសចិន។ ភាពយន្តនេះទទួលបានពានរង្វាន់ជាច្រើនទាំងនៅចិនដីគោក ហុងកុង និងតៃវ៉ាន់ រួមទាំងបានឈ្នះពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមពីកម្មវិធី Golden Rooster Award និងកម្មវិធី Hundred Flowers Award ទៀតផង។
ជិត ៣០ឆ្នាំក្នុងវិស័យសិល្បៈ Zhao Wei បានឈ្នះពានរង្វាន់នានារាប់សិបពានរង្វាន់ពីក្នុងស្រុក និងឈ្នះពីអន្តរជាតិជាច្រើនទៀតផង។ នាងធ្លាប់សម្ដែងភាពយន្តល្បីៗប្រមាណ ៥០រឿង ហើយថតស្ពតធំតូចរាប់សិបប្រេនមិនថានៅចិន ឬបរទេសឡើយ។ នាងបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី “សិល្បករកំពូលទាំង ១០ របស់ប្រទេសចិនសម្រាប់ការផ្សាយពាណិជ្ជកម្ម” ។ បណ្តាញទូរទស្សន៍កូរ៉េខាងត្បូង KBS បានដាក់ចំណាត់ថ្នាក់ Zhao Wei ជាប់លេខ ១នៅក្នុងប្រទេសចិន និងជប៉ុន និងជាប់លេខ ២ នៅកូរ៉េខាងត្បូង ដោយនាងគ្រងតំណែងជា “រាជិនីជពាណិជ្ជកម្មក្នុង ៣ ប្រទេស” ក្នុងពេលតែមួយ។
មិនតែប៉ុណ្ណោះ នាងជាទូតសុឆន្ទៈរបស់អង្គការ UNICEF អង្គការក្រៅរដ្ឋាភិបាលចំនួន ១៧ស្ថាប័នផ្សេងទៀត និងប្រេនផលិតផលអន្តរជាតិជាច្រើន។ នាងក៏ជាសកម្មជនសប្បុរសធម៌ដ៏ផុសផុល ដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះពីការរញ្ជួយដី កុមារក្រីក្រ មូលនិធិនានា កសាងសាលារៀន និងមន្ទីរពេទ្យជាដើម។
ជំនួញ
ក្រៅពីអាជីពជាអ្នកសិល្បៈ Zhao Wei ក៏ជាអ្នកជំនួញធំម្នាក់ នៅក្នុងប្រទេសផងដែរ។ នាងនិងស្វាមីបានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Alibaba Pictures ក្នុងឆ្នាំ ២០១៤ ដោយទទួលបានប្រាក់ចំណេញរាប់លានដុល្លារ នៅចុងឆ្នាំ២០១៦។ នាងថែមទាំងមានភាគហ៊ុននៅស្ទូឌីយោគំនូរជីវចលរបស់ចិន Longwei Culture & Media និងក្រុមហ៊ុនហ្គេមទូរស័ព្ទដៃ Shenzhen។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១១ Zhao Wei បានបើកហាងស្រាក្រហមដ៏ធំមួយ ដែលនាំចូលស្រាពីបារាំង។
ជីវិតឯកជន
Zhao Wei បានរៀបការជាមួយពាណិជ្ជករចិន Huang You Long ក្នុងឆ្នាំ ២០០៨ នៅប្រទេសសិង្ហបុរី។ ពួកគេមានកូនស្រីតែម្នាក់ប៉ុណ្ណោះ ឈ្មោះ Huang Xing ដែលកើតនៅខែមេសា ឆ្នាំ ២០១០។
យ៉ាងណាមិញ ក្រៅពីភាពល្បីល្បាញ Zhao Wei ក៏ផ្ទុះរឿងអាស្រូវ រហូតបណ្ដាញផ្សព្វផ្សាយចិនមិនឱ្យអនុញ្ញាតឱ្យនាងបង្ហាញខ្លួនឡើយ។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ទាំងអស់ដែលសម្ដែង Zhao Wei បានលុបចោលពីប្រព័ន្ធផ្សព្វផ្សាយវីដេអូរបស់ចិនដូចជា Tencent Video និង iQiyi ហើយ Weibo Super Talk ។ មិនតែប៉ុណ្ណោះនាងត្រូវបានហាមឃាត់ មិនឱ្យឡើងប៉ុស្តិ៍ទូរទស្សន៍ និងផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតផងដែរ។ រហូតមកទល់ឆ្នាំ២០២២នេះ Zhao Wei នៅតែមិនទាន់អនុញ្ញាតឱ្យលេចមុខលើប្រព័ន្ធផ្សព្វផ្សាយនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)
ចុចអាន៖ មកដឹងប្រវត្តិតារាសម្ដែងក្បាច់គុនឆ្នើម លី ស៊ាឡុង ( Bruce Lee)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ