KPT+
ហេតុអ្វីយុវជនកម្ពុជាចូលចិត្តសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ លើបណ្តាញសង្គម?
បច្ចុបន្នយើងសង្កេតឃើញថា យុវជនកម្ពុជាចូលចិត្តសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនជាអក្សរឡាតាំងសំនៀងខ្មែរ ស្របពេលប្រជាជននៃប្រទេសជិតខាងដូចជា ជនជាតិថៃ ឬ វៀតណាម តែងតែសរសេរនូវអក្សរជាតិរបស់គេនៅក្នុងបណ្តាញសង្គម។ តើទង្វើនេះបណ្តាលមកពីមូលហេតុអ្វី?

លោក យូ សុភា ជាសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ អក្សរសាស្រ្តខ្មែរ នៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា បើតាមការកត់សម្គាល់គឺមិនមែនយុវជនទាំងអស់នោះទេដែលសរសេរអក្សរឡាតាំងសំនៀងខ្មែរនេះ។ យុវជន យុវនារីមួយចំនួនសរសេរបែបនេះ ព្រោះមានហេតុផលពីរយ៉ាង។ ទី១ គឺវាជាទម្លាប់របស់ពួកគេ ព្រោះនៅពេលមានការប្រើប្រាស់ទូរសព្ទដៃទំនើបដំបូង គឺទូរសព្ទខ្លះមិនមានពុម្ពអក្សរខ្មែរឡើយ ដូច្នេះហើយជាហេតុធ្វើឱ្យ ពួកគេសរសេរអក្សរឡាតាំងជាសំនៀងខ្មែរបែបនេះ។
សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍បន្តថា៖ “ចំពោះហេតុផលទីពីរនោះគឺ នៅពេលដែលមានពុម្ពអក្សរខ្មែរនៅក្នុងទូរសព្ទក៏ដោយ ប៉ុន្តែពួកគេនៅមិនទាន់ទម្លាប់បាន ព្រោះពិបាកក្នុងការរាវរក ស្រៈផ្សេងៗ នៅក្នុងពុម្ភទូរសព្ទ ម្យ៉ាងការប្រើប្រាស់អក្សរឡាតាំងគឺ មានភាពងាយស្រួល និងលឿនសម្រាប់ពួកគេ”។

លោកសាស្តា្រចារ្យយល់ឃើញថា ចំពោះផលប៉ះពាល់ជុំវិញបញ្ហានេះ មានពីរករណី។ ទី១ ប៉ះពាល់ផ្ទាល់ចំពោះយុវជន យុវនារីកម្ពុជា ព្រោះនៅពេលពួកគេសរសេរតែអក្សរបរទេសសំនៀងខ្មែរអាចឱ្យពួកគាត់ភ្លេចនូវការសរសេរអក្សរខ្មែររបស់ខ្លួន ជាពិសេសគឺ ការសរសេរតាមអាន និងបញ្ហាខុសអក្ខរាវិរុទ្ធខ្មែរ។
សាស្ត្រាចារ្យ យូ សុភា លើកឡើងថា៖ “ចំពោះបញ្ហាទីពីរនោះគឺ ប៉ះពាល់ទៅដល់សង្គមជាតិ ប៉ុន្តែនៅក្នុងរយៈពេលវែង គឺមានន័យថា វាមិនប៉ះពាល់ភ្លាមៗទេ ប៉ុន្តែយូរៗទៅប្រទេសជាតិនឹងឈានទៅរកការបាត់បង់នូវអក្សរជាតិរបស់យើងប្រសិនបើយុវជននៅតែបន្តធ្វើបែបនេះទៀត។ មួយវិញទៀតបរទេសអាចនឹងវាយតម្លៃយើង ព្រោះយើងមានវប្បធម៌ មានអក្សរត្រឹមត្រូវ ប៉ុន្តែបែរជាមិនចេះថែរក្សា វាជាបញ្ហាមួយ”។

យុវតី រីណា រស្មី វ័យ ២៥ ឆ្នាំ ជាអ្នកលក់ខោអាវអនឡាញបានប្រាប់ “កម្ពុជាថ្មី” ថា កាលពីមុនកញ្ញាតែងតែសរសេរអក្សរឡាតាំងសំនៀងខ្មែរនេះ ព្រោះវាមានភាពងាយស្រួល ឆាប់រហ័សក្នុងការតបសាររបស់ភ្ញៀវ និងមិត្តភក្តិ ម្យ៉ាងវិញទៀត នាងមិនទម្លាប់ក្នុងការសសេរអក្សរខ្មែរព្រោះមានស្រៈច្រើន ហើយពុម្ភអក្សរ (Fornt) តូចៗ ពិបាកក្នុងការសរសេ។ ឥឡូវនេះនាងមានការផ្លាស់ប្តូរហើយ គឺចាប់ផ្តើមសរសេរអក្សរខ្មែរមកវិញ ព្រោះខ្មាសប្រទេសជិតខាង។
កញ្ញា រីណា រស្មី បាននិយាយថា៖ “ខ្ញុំឃើញជនជាតិថៃគឺគេតែងតែសរសេរអក្សរជាតិរបស់គេនៅលើគណនីយហេ្វសបុករបស់គេ។ ពេលខ្លះក៏រៀងខ្មាសគេដែរ ព្រោះជាកូនខ្មែរមួយរូបដែរបែរជាមិនសរសេរអក្សរខ្មែរ ពេលខ្លះភ្លេចទៀត។ ដូច្នេះហើយខ្ញុំចាប់ផ្តើមកែប្រែវាហើយ”។

យុវជន សែម សុខា ជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុក បានប្រាប់ “កម្ពុជាថ្មី” ថា លោកប្រើប្រាស់អក្សរឡាតាំងនេះដែរ ប៉ុន្តែត្រឹមតែ ៤០% ប៉ុណ្ណោះ ដោយប្រើក្នុងការសរសេរសារលេងជាមួយមិត្តភក្តិ ព្រោះលោកទម្លាប់ក្នុងការសរសេរអក្សរឡាតាំងនេះតាំងពីមិនទាន់មានពុម្ពអក្សរខ្មែរនៅក្នុងទូរសព្ទមកម្ល៉េះ។
លោក សែម សុខា បានលើកឡើងថា៖ “ជាការអភិរក្សអក្សរជាតិឡើងវិញ យើងគួរព្យាយាមសរសរអក្សរខ្មែរឱ្យបានច្រើន នឹងជំរុញឱ្យមិត្តសរសរខ្មែរក្នុងការទាក់ទងគ្នា”។
ជុំវិញបញ្ហានេះ លោក សួន កុសល្យ ប្រធានសមាគមកំណាព្យកូនខ្មែរ អតីតនិស្សិតសិក្សាជំនាញអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានក្តីបារម្ភ និងបានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបចូលរួមសរសេរអក្សរខ្មែរឱ្យបានច្រើន មិនថានៅតាមបណ្តាញសង្គមហ្វេសបុក តេឡេក្រាម តិកតុ ឬតាមប្រព័ន្ធណាមួយឡើយ គឺត្រូវខិតខំឱ្យបានខ្ជាប់ខ្ជួន បើសរសេរអក្សរបរទេសឱ្យចំជាបរទេស កុំយកអក្សរគេមកសរសេរជាសំណូររបស់ខ្មែរ មិនគប្បីឡើយ។

លោក សួន កុសល្យ មានប្រសាសន៍ថា៖ “ការសរសេរសំណេរជាភាសាជាតិនេះគឺពិតជាសំខាន់ណាស់ ព្រោះបើយើងជាម្ចាស់មិនខិតខំរក្សា តើឱ្យនរណាមករក្សាជំនួសយើង? បរទេសគេចាំតែសើចយើងនៅពេលដែលយើងមានទុក្ខប៉ុណ្ណោះ”។
ចំណែកសាស្ត្រចារ្យ យូ សុភា បានលើកឡើងថា ដើម្បីឱ្យយុវជន យុវនារីខ្មែរងាកមកមានទម្លាប់ ឬមានចំណូលចិត្តសរសេរនូវអក្សរខ្មែរឡើងវិញ នោះគឺជាតួនាទីរបស់យើងគ្រប់រូប មិនមែនតួនាទីរបស់បុគ្គលណាម្នាក់ឡើយ។
សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍ថា៖ “ទី១ គឺផ្តើមចេញពីការប្តេជ្ញារបស់ខ្លួនយើងជាមុនសិនថា យើងប្តេជ្ញាបានកម្រិតណាក្នុងការប្រើប្រាស់អក្សរខ្មែរនេះ។ ទី២ គឺភាគីឪពុកម្តាយ នៅពេលឃើញកូនៗប្រើប្រាស់អក្សរឡាតាំងសំនៀងខ្មែរនេះ យើងត្រូវចេះអូសទាញពួកគាត់កុំឱ្យធ្វើបែបនេះ។ ទី៣ គឺជាតួនាទីរបស់លោកគ្រូអ្នកគ្រូទាំងឡាយណាដែលមានតួនាទីអប់រំយុវជន ឱ្យផ្លាស់ប្តូរនូវទម្លាប់បែបនេះចោល។ ទី៤ គឺតួនាទីរបស់ក្រសួងអប់រំ គួរតែបង្កើតនូវបញ្ញាត្តិ ឬក៏ច្បាប់ក្នុងការណែនាំ និងអប់រំការប្រើប្រាស់អក្សរជាតិឱ្យបានត្រឹមត្រូវ។”

គួរបញ្ជាក់ថា យើងមិនទាន់ដឹងពីប្រភព និងពេលវេលានៃលំហូរចូលណាមួយជាក់លាក់ឡើយពី ការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ ហើយពាក្យទាំងនោះក៏មិនមាននៅក្នុងវចនានុក្រមរបស់ខ្មែរដែរ។ នេះគ្រាន់តែជាការសរសេរតៗគ្នាពីម្នាក់ទៅម្នាក់ ដែលអាចចាប់ផ្ដើមនៅពេលប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរប្រើទូរសព្ទកាន់តែច្រើន ពិសេសក្នុងយុគសម័យបច្ចេកវិទ្យាបណ្ដាញសង្គម ស្របពេលពួកគេខ្លះមិនសូវចេះភាសាបរទេស ឬអង់គ្លេស និងចូលចិត្តសរសេរខ្លី កាត់ៗ ស្រួលៗ៕
អត្ថបទ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង