KPT+
អ្នកជំនាញ ៖ អត្តឃាតកម្មនឹងថយចុះ ប្រសិនបើពលរដ្ឋមានការយល់ដឹងពីសុខភាពផ្លូវចិត្ត
អ្នកជំនាញចិត្តវិទ្យាលោក តែ ប៊ុនប៉ោ បានលើកឡើងថា ដើម្បីកាត់បន្ថយអត្រាអត្តឃាតកម្ម យុវជនត្រូវរៀនគ្រប់គ្រងស្ត្រេស និងរៀនយល់ដឹងអំពីប្រតិកម្មសរីរាង្គទូទៅ រួមជាមួយការកំណត់គោលដៅជីវិតឲ្យបានច្បាស់លាស់ ជាពិសេសទាំងយុវជន និងក្រុមគ្រួសាររបស់ពួកគេត្រូវយល់ដឹងអំពីរោគសញ្ញា នៃការធ្វើអត្តឃាតកម្មដែលមានដូចជា៖ ការព្រលយពាក្យចង់បញ្ចប់ជីវិតរបស់ខ្លួនឯង, ការដាក់បន្ទុក និងបន្ទោសខ្លួនឯង, ការសួរដំណឹងអំពីទីតាំងលក់សម្ភារ ដែលអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ ជាដើម។
ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ខែមេសានេះ សាស្រ្តាចារ្យចិត្តវិទ្យាលោក តែ ប៊ុនប៉ោ បានឲ្យដឹងថា ជាទូទៅអ្នកធ្វើអត្តឃាត តែងតែមានផែនការជាក់លាក់ និងប្រើប្រាស់វិធីមួយចំនួនដើម្បីសម្រេចគោលដៅរបស់ខ្លួន ដូចជា៖ ការលេបថ្នាំ ការចាក់ថ្នាំ ការចង់កនៅកន្លែងស្ងាត់ ការលោតទឹកដើម្បីសម្លាប់ខ្លួន ឬការបាញ់ខ្លួនឯងដោយប្រើកាំភ្លើង និងការលោតពីលើអគារខ្ពស់ ៗ ជាពិសេសមិនយល់ដឹងពីបញ្ហាផ្លូវចិត្តតែម្ដង។ លោកថា «ហេតុដែលយុវជនមួយចំនួនធ្វើអត្តឃាត គឺទាក់ទងនិងវិបត្តិទំនុកចិត្ត ដូចជាស្នេហា និងលទ្ធភាពនៃការកាត់បន្ថយការតានតឹងចិត្ត ឬមិនមានការយល់ដឹងពីបញ្ហាផ្លូវចិត្តតែម្ដង»។
តាមទិន្នន័យ របស់អង្គការសុខភាពពិភពលោកឆ្នាំ ២០១៧ នៅក្នុងប្រទេសកម្ពុជា ចំនួននៃអ្នកដែលបានធ្វើអត្តឃាតបានកើនឡើងដល់ ១៨៥៧នាក់ ឬអាចនិយាយបានថា ក្នុងចំណោមប្រជាជនកម្ពុជា ១០០០០០នាក់ មានអ្នកស្លាប់ដោយ ការធ្វើអត្តឃាតចំនួន ១៣.១០នាក់។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤១នៅលើពិភពលោក ដែលទាំងនេះជាតួលេខមួយ និងជាសញ្ញាដែលគួរឲ្យយកចិត្តទុកដាក់ ចំពោះអត្រានៃការធ្វើអត្តឃាត។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមីនាដើមឆ្នាំ ២០២២នេះ មនុស្សប្រមាណជាង ២៤០នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាត ក្នុងនោះស្ទើរគ្រប់ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែមានតួលេខអ្នកស្លាប់ទាំងអស់ លើកលែងតែខេត្តកែប និងខេត្តប៉ៃលិនតែប៉ុណ្ណោះ។ ក្នុងនោះខេត្តក្រុង ដែលមានតួលេខអ្នកស្លាប់ច្រើនជាងគេគឺ រាជធានីភ្នំពេញ និងតាមពីក្រោយដោយខេត្តបន្ទាយមានជ័យ កំពង់ចាម និងបាត់ដំបង។
អ្នកជំនាញផ្នែកចិត្តវិទ្យាលោក តែ ប៊ុនប៉ោ បានលើកឡើងទៀតថា មូលហេតុនៃការធ្វើអត្តឃាតមានច្រើនយ៉ាងដូចជា៖ ជនរងគ្រោះមានជំងឺផ្លូវចិត្ត ឬភាពរ៉ាំរ៉ៃនៃវិបត្តិផ្លូវចិត្ត ដែលគ្មានដំណោះស្រាយ។ មូលហេតុមួយទៀត គឺទាក់ងនឹងជំងឺផ្លូវកាយ ដែលមិនអាចព្យាបាលបានដូចជា ជំងឺមហារីក ការបាត់បង់សរីរាង្គ ដែលនាំឲ្យជនរងគ្រោះយល់ថា វត្តមានរបស់ខ្លួននៅក្នុងគ្រួសារគឺជាបន្ទុកដ៏ធំធេង។ មួយវិញទៀតវិបត្តិសេដ្ឋកិច្ចគ្រួសារ ភាពគ្មានការងារធ្វើ ការជំពាក់បំណុលគេ ការរកស៊ីមានការខាតបង់ ក៏ជាមូលហេតុសំខាន់ នៅក្នុងការជំរុញឲ្យមានការធ្វើអត្តឃាតផងដែរ។
លោកសាស្រ្តាចារ្យបញ្ជាក់បន្ថែមថា «វិបត្តិស្នេហា សេចក្ដីស្រលាញ់ទៅលើភាគីណាមួយជ្រុលពេក ឬការដែលមិនមានឱកាស ឬខកចិត្តនៅក្នុងការបង្ហាញអារម្មណ៍ ទៅកាន់នរណាម្នាក់ ភាពមិនចុះសម្រុងគ្នា នៅក្នុងជីវិតគ្រួសារ ការផិតក្បត់ ការធ្លាក់ខ្លួនក្រ ការប្រើប្រាស់គ្រឿងញៀនខ្លាំងពេក ឬជ្រុលពេក ចំណែកឯការរំលោភផ្លូវភេទចំពោះស្ត្រី ដែលនាំឲ្យមានការបាត់បង់កិត្តិយស ទាំងនេះសុទ្ធតែជាមូលហេតុដែលនាំឲ្យមានការធ្វើអត្តឃាត»។
ក្នុងករណីដែលលោកអ្នក បានដឹងថា នរណាម្នាក់មានរោគសញ្ញានៃការធ្វើអត្តឃាត ឬប៉ុនប៉ងសម្លាប់ខ្លួន សូមកុំបន្ទោស និងលួងលោមពួកគេ ប្រកបដោយភាពយល់ចិត្ត និងត្រូវស្វែងរកជំនួយដែលជិតបំផុត តាមការដែលអាចធ្វើបាន ឬរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់៕
អត្ថបទ៖ លន់ សេនី


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល