KPT+
និស្សិតអាហារូបករណ៍ IFL ប្រាប់វិធីសាស្ត្រ ៨ ចំណុច រៀនភាសាអង់គ្លេសពូកែ
ការសិក្សាភាសាអង់គេ្លស គឺជារឿងមួយពិបាកសម្រាប់សិស្សានុសិស្សមួយចំនួន ព្រោះ អង់គ្លេស គឺជាភាសាបរទេស ឬមិនមែនជាភាសាជាតិដែលខ្លួនប្រើប្រចាំថ្ងៃតាំងពីកើតមក។
កញ្ញា ឡាច សុម៉ាលីតា ជានិស្សិតអាហារូបករណ៍ ឆ្នាំទី២ ជំនាញភាសាអង់គ្លេស នៅវិទ្យាស្ថាន ភាសាបរទេស (IFL) និងកញ្ញា ហន សុខលាង និស្សិត ឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៅ វិទ្យាស្ថាន ភាសាបរទេស (IFL) ជាមួយគ្នា បានចែករំលែកបទពិសោធន៍ដល់អ្នកសិក្សាទាំងឡាយ តាមរយៈ “កម្ពុជាថ្មី” នូវវិធីសាស្ត្រ ៨ ចំណុចសំខាន់ៗ ក្នុងការ សិក្សាភាសាអង់គ្លេសឱ្យបានល្អ និងឆាប់ចាំ។

១. ការកំណត់សម្គាល់ខ្លួនឯង៖ សិស្សត្រូវចេះសង្កេតមើលខ្លួនឯងជាមុនសិនថា តើខ្លួនមានចំណុចខ្សោយអ្វីខាងភាសាអង់គ្លេស? បន្ទាប់ពីកំណត់បាន ហើយគឺត្រូវពង្រឹងនូវចំណុចដែលគិតថា ខ្លួនឯងខ្សោយខ្លាំង និង រកវិធីសាស្ត្រក្នុងការដោះស្រាយនូវចំណុចដែលកំពុងតែខ្សោយនោះ។
២. ការផ្តោតលើការសិក្សា និង ការរម្លឹកមេរៀន៖ បន្ទាប់ពីដឹងនូវចំណុចខ្សោយរបស់ខ្លួន សិស្សត្រូវផ្តោតអារម្មណ៍រៀនពីអ្វីដែលខ្លួនចង់រៀន ធ្វើយ៉ាងណាកុំឱ្យបែកអារម្មណ៍រៀនសូត្រ ។ បន្ទាប់មកគឺត្រូវ រម្លឹកមេរៀនជារៀងរាល់ថ្ងៃ ដើម្បីកុំឱ្យភ្លេច ពីព្រោះការរៀនភាសាអង់គ្លេសត្រូវចាំច្រើន ម្យ៉ាងទៀតការរម្លឹកមេរៀនរាល់ថ្ងៃ ជួយកាត់បន្ថយស្ត្រេស នៅពេលដែលមានការប្រលងម្តងៗ។

៣. មើលវីដេអូជាភាសាអង់គ្លេស៖ ការស្តាប់ និងអាន គឺសំខាន់នៅក្នុងភាសាអង់គ្លេស។ សម្រាប់សិស្សដែលចង់ពង្រឹងការស្តាប់ ក៏ដូចជាចង់បានការនិយាយដូចជនជាតិដើម គឺមើលភាពយន្តអាមេរិកកាំង ឬ ចម្រៀងដែលជាភាសាអង់គ្លេស ដែលមានអក្សរអង់គ្លេសនៅខាងក្រោមឱ្យបានច្រើន។ យូរៗទៅ សិស្សអាចស្តាប់ភាសាបរទេស បានស្ទាត់ និងយល់អត្ថន័យ ដោយមិនត្រូវការអក្សរខាងក្រោមជាជំនួយទៀតឡើយ។
៤. ការអានសៀវភៅ៖ ការអាន គឺជាភាពចាំបាច់ នៅក្នុងការសិក្សារបស់សិស្សគ្រប់រូប។ ការអានច្រើនអាចឱ្យសិស្សបានជួបនៅពាក្យថ្មីៗច្រើន ដូច្នេះសិស្សអាចធ្វើការស្រាវជ្រាវនូវពាក្យថ្មី ហើយយកទៅបកប្រែ និង កំណត់ចាំដោយខ្លួនឯង។ នៅពេលអ្នកឧស្សាហ៍អានសៀវភៅ នឹងជួយឱ្យអ្នកចងចាំពាក្យពិបាក និងអត្ថន័យ។
៥. រម្លឹកពាក្យពិបាក៖ រាល់ពាក្យថ្មី និងពិបាកយល់ សិស្សអាចកត់ត្រាពាក្យទាំងនោះទុក ព្រមទាំងយកមករម្លឹកជារៀងរាល់ថ្ងៃ ដើម្បីសិស្សចាំ និងយល់អត្ថន័យពាក្យពិបាក។

៦. កំណត់សម្គាល់វេយ្យាករណ៍៖ វេយ្យាករណ៍នៅក្នុងភាសាអង់គ្លេស គឺរៀងមានភាពរញ៉េរញ៉ៃច្រើន ហើយក៏អាចបណ្តាលឱ្យមានភាពភាន់ច្រឡំ នៅពេលយកទៅប្រើប្រាស់ម្តងៗ។ នៅពេលអានសៀវភៅ ឬមើលវីដេអូ ជាភាសាអង់គ្លេស គប្បីសម្គាល់ពីរបៀបប្រើប្រាស់ត្រឹមត្រូវទុក និងកត់ត្រាម្តងហើយម្តងទៀត រម្លឹកជាប្រចាំរហូតទាល់តែអាចប្រើប្រាស់បាន។
៧. យកលំហាត់វេយ្យាករណ៍មកធ្វើ៖ ការធ្វើលំហាត់វេយ្យាករណ៍ ក្នុងភាសាអង់គ្លេសក៏សំខាន់ដូចគ្នា ព្រោះជាការហាត់ជំនាញវេយ្យាករណ៍របស់យើងឱ្យឆាប់ចេះ និងអាចប្រើប្រាស់ត្រូវទៅតាមក្បូនខ្នាតច្បាស់លាស់។ ប្រសិនជាអាច មួយថ្ងៃគួរធ្វើលំហាត់វេយ្យាករណ៍មួយ ឬ ពីរលំហាត់ក៏បាន។
៨. ការរៀនសរសេរ៖ កុំខ្លាចក្នុងការសរសេរជាភាសាអង់គ្លេស ខុស ឬ ត្រូវ សំខាន់គឺមានភាពក្លាហានក្នុងការសរសេរ សរសេរអ្វីក៏បាន កុំទាន់គិតពីវេយ្យាករណ៍ ឬ ពាក្យ។ បន្ទាប់មក អាចយកទៅសួរគ្រូអង់គ្លេស ឬ មិត្តដែលពូកែអង់គ្លេសពីសំណេររបស់យើង ដើម្បីឱ្យគាត់ជួយកែតម្រូវ រួចយើងត្រូវរៀនសរសេរជារឿយៗដើម្បីឱ្យស្ទាត់ដៃ។

កញ្ញា ឡាច សុម៉ាលីតា លើកឡើងបន្ថែមថា ដើម្បីរៀនភាសាអង់គ្លេសពូកែ យើងត្រូវមានការ ខិតខំ និងអត់ធ្មត់ខ្ពស់ ជាពិសេស គឺរំលឹកមេរៀនដែលយើងបានរៀនរួចមកហើយ ព្រោះប្រសិនបើយើងរៀនហើយទុកចោល ក៏មិនបានជួយអ្វីដល់យើងដែរ។ មួយវិញទៀត គឺការអានសៀវភៅ ព្រោះការអានអាចឱ្យយើងចាប់បាន និងចំណាំបានច្រើន។
ចំណែកកញ្ញា ហន សុខលាង បញ្ជាក់បន្ថែមថា ការរៀនអង់គ្លេសគឺតម្រូវឱ្យយើងមានការព្យាយាមច្រើន ជាពិសេស ព្យាយាមនិយាយ អាន និង សរសេរឱ្យបានច្រើន ទើបឆាប់ចេះ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ ការប្រើប្រាស់ភាសាអង់គ្លេស មានភាពចាំបាច់ ព្រោះជាភាសាដែលគេយកមកប្រើប្រាស់ជាប្រចាំ និងទូទៅ ហើយក៏ប្រើប្រាស់គ្រប់ទីកន្លែងទាំងកទំនាក់ទំនងផ្សេងៗ ការងារ ការសិក្សារៀនសូត្រ ការធ្វើពាណិជ្ជកម្ម។ល៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី