KPT+
មកដឹងម៉ោងចូលគេងយូរបំផុត របស់យុវសិស្សប្រើប្រាស់ទូរសព្ទបច្ចុប្បន្ន
សិស្សានុសិស្សភាគច្រើននៅវិទ្យាល័យ សុទ្ធសឹងតែមានការប្រើប្រាស់ទូរសព្ទដៃគ្រប់ៗគ្នា។ ទន្ទឹមនឹងបញ្ហាប្រើប្រាស់នេះ ក៏មានសិស្សមួយចំនួនមិនបានកំណត់ការប្រើប្រាស់ទូរសព្ទ និងរៀបចំម៉ោងចូលគេងបានត្រឹមត្រូវទេ ប៉ុន្តែក៏មានសិស្សខ្លះទៀតបានរៀបចំ ឬកំណត់ការលេងដោយខ្លួនឯង ក្រោយពួកគេជួបបញ្ហាមួយចំនួនដោយសារការប្រើទូរសព្ទច្រើន។
យុវតី ស្រ៊ុន ចាន់សៀវអេង សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឱ្យ “កម្ពុជាថ្មី” ឱ្យដឹងថា ជុំវិញការប្រើប្រាស់ទូរសព្ទ កញ្ញាមិនបានកត់សម្គាល់ទេ ថាបានលេងទូរសព្ទនៅពេលណាខ្លះ ប៉ុន្តែភាគច្រើន កញ្ញាលេងនៅពេលយប់ ព្រោះជាម៉ោងសម្រាក ពីការសិក្សា។ ការប្រើប្រាស់នេះ មានរយៈពេល ២ ទៅ ៣ម៉ោង ក្នុងគោលបំណង រំលឹកមេរៀនដែលរៀនរួចនៅក្នុង YouTube ឬ ពេលខ្លះមើលរឿងដល់យប់ជ្រៅ ម៉ោង ១២ ទៅ ១យប់។

កញ្ញា ស្រ៊ុន ចាន់សៀវអេង បានលើកឡើងថា៖ “ការលេងដល់យប់ជ្រៅនេះ មានផលប៉ះពាល់ ខ្លាំង ព្រោះអាចឱ្យខ្ញុំគេងមិនលក់ ឈឺភ្នែក ពេលខ្លះទៅរៀនយឺតនៅពេលដែលតាមដានរឿង ខ្លាំងពេក។ ខ្ញុំចង់ឱ្យសិស្សក្នុងវ័យវិទ្យាល័យដូចខ្ញុំនេះឈប់លេងទូរសព្ទទាំងអស់គ្នា អាចប្រើបានចំពោះករណីជាប្រយោជន៍ក្នុងការរៀនសូត្រ ព្រោះទូរសព្ទនេះ ខ្ញុំដឹងថាវាញៀន ធ្វើឱ្យយើងមិនងងុយគេង។ អ៊ីចឹងយើងអាចប្តូរពីការលេងទូរសព្ទ មកអានសៀវភៅមុនចូលគេងវិញ អាចឱ្យយើងឆាប់ងងុយ និង គេងបានគ្រប់គ្រាន់”។
ចំពោះយុវសិស្ស សុភាព ផល្គុន សិស្សថ្នាក់ទី៩ NGSB នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់ “កម្ពុជាថ្មី” ថា លោកប្រើប្រាស់ទូរសព្ទនៅពេលយប់ច្រើនជាងពេលព្រឹក ឬពេលរសៀល ដើម្បីធ្វើការស្រាវជ្រាវមេរៀន និងឯកសារផ្សេងៗទៀត ពេលខ្លះស្តាប់ចម្រៀង លេងហ្គេម និងមើលវីដេអូប្លែកៗក្នុងបណ្តាញសង្គម។ ដោយការប្រើប្រាស់នេះ ចាប់ផ្តើមពីម៉ោង ៧ ដល់ ១១យប់។

យុវជន សុភាព ផល្គុន បាននិយាយថា៖ “ការលេងទូរសព្ទដល់យប់ជ្រៅ អាចឱ្យសិស្សមានបញ្ហាក្នុង ការគេង ឈឺភ្នែក ហើយខ្ជិល និងធ្វើឱ្យខួរក្បាលខ្ញុំស្ពឹក។ ពីមុន ខ្ញុំលេងច្រើន តែលូវខ្ញុំប្តូរទម្លាប់ វិញហើយ ប្តូរពីការលេងច្រើន មកមើលមេរៀនត្រៀមដាក់អាហារូបករណ៍ ទៅបរទេសវិញ។ ខ្ញុំសូមសំណូមពរទៅសិស្សទាំងអស់គ្នាថា ការលេងទូរសព្ទហ្នឹង បើកាត់បន្ថយបាន គឺកាត់ទៅ គួរយកពេលនៅជាមួយមិត្តឱ្យបានច្រើន ហើយកុំនៅដល់យប់ជ្រៅពេក ជាពិសេសគួរតែដូរទម្លាប់ទម្លាក់ទូរសព្ទចុះ ដើរលេងជាមួយមិត្តភក្តិឱ្យបានច្រើន កុំសំងំតែក្នុង បន្ទប់ម្នាក់ឯង”។
ចំណែកសិស្សដែលមកពីវិទ្យាល័យបាក់ទូក ឈ្មោះ វុធ សាវង់ រៀនថ្នាក់ទី ៩ បាននិយាយថា លោកបានប្រើប្រាស់ទូរសព្ទរយៈ ៧ឆ្នាំមកហើយ ភាគច្រើនលេងនៅពេលយប់ ព្រោះទំនេរច្រើន ប្រើនៅចន្លោះម៉ោង ៩ ដល់១១ ឬ ១២យប់។ ការប្រើប្រាស់នៅពេលយប់នេះ គឺដើម្បីលេងជាមួយមិត្តភក្តិ ទាក់ទងជាមួយគ្រួសារ មើលរឿង និងពេលខ្លះទៀតលេងហ្គេមជាមួយមិត្តភក្តិ។

វុធ សាវង់ បានលើកឡើងថា៖ “ចំពោះការលេងដល់យប់ជ្រៅពេកនេះ អាចធ្វើឱ្យ សាវង់ គេងមិនសូវស្ងប់ ជួនកាល គេងមិនលក់ ការគិតមិនសូវរហ័សរហួនដូចពីមុន មួយវិញទៀតធ្វើឱ្យគេដាច់ឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ និងបងប្អូន។ ខ្ញុំគិតថា សិស្សគ្រប់រូបគួរធ្វើរឿងចំនួន៣ ទី១គឺ កាត់បន្ថយការលេងទូរសព្ទដល់យប់ជ្រៅ ឬ ដាច់យប់ ទី២ កុំបណ្តែតបណ្តោយខ្លួន ត្រូវខិតខំរៀនសូត្រឡើងវិញ និងចុងក្រោយ កុំលេងច្រើនពេក កុំពាក់តែកាស យូរៗទៅអាចថ្លង់បាន”។
គួរបញ្ជាក់ថា ទោះបីជាសិស្សានុសិស្សមួយចំនួនធំមានការគេងយប់ជ្រៅ រហូតអត់គេង ឬដាច់យប់ ដោយការលេង ទូរសព្ទក្ដី ប៉ុន្តែពួកគេក៏មានគំនិតចង់កែប្រែទម្លាប់ប្រើប្រាស់ទូរសព្ទនេះ ឱ្យមានភាពល្អប្រសើរជាងមុន បន្ទាប់ពីជួបបញ្ហាប្រឈមនានា ពិសេស សុខភាព ការចងចាំ ភ្នែក និងសម្រស់៕
អត្ថបទ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ