KPT+
ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?
ជាំមុខជាជំងឺវិបត្តិជាតិពណ៌ដែលបណ្តាលមកពីកោសិកាមេឡាណូសាយរបស់ស្បែកបញ្ចេញជាតិពណ៌មេឡានីនច្រើន ហើយបង្កឱ្យមានការឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលនៅលើថ្ងាស ថ្ពាល់ ច្រមុះ ឬមាត់។ តើអ្នកណាងាយប្រឈមនឹងជាំមុខជាងគេ? ហើយជាំមុខចែកចេញជាប៉ុន្មានប្រភេទ? អាចព្យាបាលជាដែរឬទេ?
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ភាគច្រើនស្រី្តងាយប្រឈមនឹងការជាំមុខជាងបុរស ហើយបើគិតតាមអាយុគឺនៅចន្លោះ ២០ ទៅ ៤០ ឆ្នាំ តែយើងមិនដឹងថាមកពីមូលហេតុអ្វីទេ។

លើសពីនេះទៅទៀត ស្រ្តីដែលមានសម្បុរស្រគាំ (សណ្តែកបាយ) មានន័យថា មិនសពេក ហើយក៏មិនខ្មៅពេកក៏ងាយប្រឈមនឹងជាំមុខដែរ។ បើស្រ្តីដែលមានសម្បុរស ឬខ្មៅតែម្តងអត់សូវប្រឈមនឹងបញ្ហាជាំមុខទេ។
ស្បែករបស់យើងចែកចេញជាបីស្រទាប់ ស្រទាប់ខាងលើ ស្រទាប់កណ្តាល និងស្រទាប់ខាងក្រោម។ ជាទូទៅជាំមុខកើតតែលើស្រទាប់ស្បែកលើ និងកណ្តាលទេ ព្រោះស្រទាប់ស្បែកទាំង ២ នេះមានផ្ទុកកោសិកាមេឡាណូសាយដែលផលិតជាតិពណ៌។
ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទទៅតាមកម្រាស់ជាតិពណ៌ និងទីតាំងដែលកើតលើស្រទាប់ស្បែក៖
១. ប្រភេទទី ១
ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាលឃើញស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ ហើយងាយស្រួលក្នុងការព្យាបាល។
២. ប្រភេទទី ២
ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល អត់សូវច្បាស់ ឬមានគែមអត់សូវច្បាស់ ហើយមានការពិបាកក្នុងការព្យាបាល។
៣. ប្រភេទទី ៣
ជាប្រភេទចំរុះដែលស្នាមជាំអាចកើតទាំងនៅស្បែកស្រទាប់ខាងលើ និងនៅស្រទាប់កណ្តាល មានពណ៌ត្នោត តែអាចព្យាបាលបាន។
បញ្ហាជំាមុខអាចព្យាបាលជា តែក៏ងាយនឹងលាប់មកវិញដែរ។ ឧទាហរណ៍ម៉ាក់ៗពពោះ ពេលព្យាបាលជាសះស្បើយ ស្រាប់តែម៉ាក់ៗពពោះម្តងទៀតដែលជាហេតុធ្វើឱ្យម៉ាក់ៗជាំមុខឡើងវិញ។ ចំណែកស្រ្តីដែលឧស្សាហ៍ត្រូវពន្លឺថ្ងៃ ក្រោយពេលជាសះស្បើយហើយ បើត្រូវនឹងពន្លឺថ្ងៃខ្លាំង ហើយមិនសូវបានការពារងាយនឹងជាំមុខវិញណាស់។

ភាគច្រើនម៉ាក់ៗដែលមានបញ្ហាជាំមុខពេលពពោះអាចជាសះស្បើយក្រោយពេលសម្រាលរួច តែក៏មានម៉ាក់ៗមួយចំនួននៅតែបន្តមានបញ្ហាជាំមុខដែរ ដោយសារកត្តាប្រឈមមួយចំនួនដែលម៉ាក់ៗមិនបានទប់ស្កាត់ដូចជា ការត្រូវពន្លឺថ្ងៃ ឬការប្រើប្រាស់ថ្នាំមួយចំនួនដែលម៉ាក់ៗមិនដឹងថាអាចបង្កឱ្យជាំមុខ។
ចំពោះជាំដែលទើបតែឡើងថ្មីៗមានការងាយស្រួលក្នុងការព្យាបាល ហើយទទួលបានលទ្ធផលល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាំដែលមានសភាពខ្មៅដិតខ្លាំង និងមានរយៈពេលយូរក៏អាចព្យាបាលជាដែរដោយសារឥឡូវមានទំនើបកម្មផ្នែកវេជ្ជសាស្រ្តដូចជា ការធ្វើ Chemical Peel បន្ថែម ពីលើការប្រើថ្នាំព្យាបាល ឬការបាញ់កាំរស្មីបំបាត់ជាំជាដើម។
ផ្ទុយមកវិញបើយើងធ្វើការព្យាបាលដោយមិនមានបច្ចេកទេស ឬជំនាញត្រឹមត្រូវ យើងងាយនឹងជាំមុខឡើងវិញណាស់ ហើយលាប់មកខ្លាំងជាមុនទៀតដែលធ្វើឱ្យពិបាកព្យាបាល។ ដូច្នេះទាមទារឱ្យយើងជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែកមុននឹងយើងទទួលការព្យាបាលតាមស្ថានភាពស្បែក។

ពេលជំាមុខ យើងគួរចៀសវាងសាកប្រើផលិតផលផ្សេងៗដោយសង្ឃឹមថា ក្រោយពីប្រើហើយអាចបាត់ជាំ ព្រោះការប្រើប្រាស់ផលិតផលគ្រាន់តែអាចថែទាំស្បែកប៉ុណ្ណោះ មិនមែនជាការព្យាបាលទេ។ ជាងនេះទៅទៀត បើផលិតផលដែលយើងប្រើមានបញ្ហា យើងមិនត្រឹមតែមិនអាចជាពីជាំមុខទេ តែបែរជាបង្កឱ្យមានបញ្ហាបន្ថែមទៅលើស្បែកមុខរបស់យើងទៅវិញ៕
ចុចអាន៖អ្នកដែលសំបូរមុនពេញមុខ ទទួលទានអាហារទាំងនេះ ធានាថាមុខរលោងស្អាតមិនខាន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល