Connect with us

KPT+

គ្រូគ្រប់កម្រិតបារម្ភចំពោះការប្រើប្រាស់ទូរសព្ទរបស់សិស្សានុសិស្សបច្ចុប្បន្ន

បានផុស

នៅ

ក្រោមវិបិត្តនៃជំងឺឆ្លងសាកល កូវីដ-១៩ បាននាំឱ្យសិស្សានុសិស្សត្រូវសិក្សាពីចម្ងាយតាមកុំព្យូទ័រយួរដៃ អាយភេត ទូរសព្ទ ដែលនាំឱ្យសិស្សានុសិស្សតាំងពីកម្រិត បឋមសិក្សា មានឱកាសប្រើទូរសព្ទ ឬ​ទទួលបានទូរសព្ទពីអាណាព្យាបាលដើម្បីឱ្យកូនបានសិក្សារៀនសូត្រពេញម៉ោង ខណៈពួកគាត់ជាប់បំពេញការងារ ឬអាជីកម្ម។ ជាមួយគ្នានេះ មានសិស្សានុសិស្សមួយចំនួនបានឆក់យកឱកាសនេះ ប្រើប្រាស់ទូរសព្ទ រហូតប្រើក្រៅពីការសិក្សា និងពិបាកគ្រប់គ្រង និងបង្កក្ដីបារម្ភដល់គ្រូគ្រប់កម្រិត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុទ្ធ រ៉ាវុធ ជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩ នៃវិទ្យាល័យឥន្ទ្រទេវី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការប្រើទូរសព្ទរបស់សិស្សមានទាំងគុណសម្បិត្ត និងគុណវិបត្ត។ ទូរសព្ទ អាចឱ្យសិស្សទទួលបាននូវចំណេះដឹងផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចមួយនេះ ប៉ុន្តែប្រសិនបើគ្មានការមើលខុសត្រូវ និងគ្រប់គ្រងការលេងរបស់ក្មេងៗឱ្យបានត្រឹមត្រូវពីអាណាព្យាបាលទេ នោះសិស្សអាចញៀនក្នុងការលេង ហើយអាចនាំឱ្យក្មេងៗភ្លេចពីការសរសេរអក្សរខ្មែរ។

លោកគ្រូ យុទ្ធ រ៉ាវុធ មានប្រសាសន៍បន្តថា៖ “សិស្សខ្លះបានលួចលេងទូរសព្ទក្រោមតុ ដូចជាលេងហ្គេម មើលរឿង និង ស្តាប់ចម្រៀងអីជាដើម។ តែសិស្សមួយចំនួនពួកគេប្រើប្រាស់ទូរសព្ទក្នុងម៉ោងរៀនមែន ក្នុងន័យមើលវចនានុក្រម និងស្រាវជ្រាវអ្វីផ្សេង។ ពេលដែលខ្ញុំឃើញ ខ្ញុំតែងហាមមិនឱ្យលេង បើនៅតែលេងទៀត ខ្ញុំនឹងចាប់ទូរសព្ទទុក ហើយយកឱ្យលោកនាយកនៅទីចាត់ការហើយ។ ពួកគេក៏ឈប់លេង ដោយមិនដែលមាននរណាម្នាក់ប្រឆាំង ឬ ជំទាស់ទេ”។ 

លោកគ្រូ យុទ្ធ រ៉ាវុធ បានអំពាវនាវបន្តថា៖ “សូមអាណាព្យាបាលគ្រប់រូបគ្រប់គ្រង និងមើលការខុសត្រូវលើការលេង [ទូរសព្ទ] របស់កូនៗឱ្យបានល្អ បើមិនដូច្នេះទេ កូនអាចនឹងមានបញ្ហា។ ចំពោះគ្រូៗក៏ដូចគ្នាដែរ ត្រូវមានច្បាប់វិន័យ និងរឹតបន្តឹងឱ្យមែនទែន​ បើឃើញសិស្សលេងទូរសព្ទនៅក្នុងថ្នាក់ គឺវាអាចជះឥទ្ធិពលមិនល្អដល់ដល់សិស្សបាន បើយើងមិនបានចាត់វិធានការធ្វើអ្វីសោះ”។ 

ចំពោះអ្នកគ្រូ អុល សាឡាវ ជាគ្រូបង្រៀនថ្នាក់ទី៧ នៅសាលា Teach For Cambodia បានឱ្យ “កម្ពុជាថ្មី” ដឹងថា ការប្រើប្រាស់ទូរសព្ទរបស់សិស្សបច្ចុប្បន្ននេះ ប្រសិនបើប្រើក្នុងផ្លូវត្រូវនឹងល្អ ប៉ុន្តែបើប្រើក្នុងផ្លូវមិនល្អវានឹងអាក្រក់។ សិស្សមួយចំនួនឆ្លៀតឱកាសលួចលេងហ្គេមក្នុងម៉ោងសិក្សា ជាកត្តាមួយដ៏សំខាន់ដែលអាចឱ្យសិស្សមិនទទួលបានចំណេះវិជ្ជាទាក់ទងនឹងមេរៀន ដែលរៀនជាមួយគ្រូ អាចឱ្យពួកគេទម្លាក់ចោលនូវការសិក្សា ដោយគ្មានអារម្មណ៍ចង់រៀន តទៅទៀត។

អ្នកគ្រូ សាឡាវ បានថ្លែងថា៖ “ខ្ញុំមើលឃើញថា ក្នុងវ័យរៀននៅវិទ្យាល័យ ក្មេងៗមិនទាន់អាចគ្រប់គ្រងពេលវេលាខ្លួនឯងបានល្អទេ ដូច្នេះនៅផ្ទះ ម្តាយឳពុកត្រូវមើលការខុសត្រូវកូនៗឱ្យបានល្អ កុំបណ្តែតបណ្តោយពួកគេខ្លាំងពេក។​ ដោយ​ឡែក នៅពេលចេញពីផ្ទះ គឺជាតួនាទីរបស់គ្រូបង្រៀន ត្រូវអប់រំទូន្មានពួកគាត់ឱ្យខ្លាំង និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងធ្វើយ៉ាងណាកុំឱ្យពួកគេញៀននឹងទូរសព្ទ”។

ចំណែក​ លោក តាំង ធីណា ជាគ្រូបង្រៀន កម្រិតឧត្តមសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ការប្រើប្រាស់ទូរសព្ទរបស់សិស្សនាពេលបច្ចុប្បន្ននេះ មិនទាន់មានការកំណត់ពេលវេលានៃការប្រើប្រាស់បានត្រឹមត្រូវនោះទេ ព្រោះមានសិស្សមួយចំនួនតូចបានប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា ក្នុងគោលបំណង លេងហ្គេម មើលយូធូប និងលេងបណ្តាញសង្គម។ ប៉ុន្តែក៏មានសិស្សមួយចំនួនផ្សេងទៀត បានប្រើទូរសព្ទក្នុងម៉ោងសិក្សានេះ ក្នុងគោលបំណងស្រាវជ្រាវឯកសារផ្សេងៗ។ 

លោកគ្រូ តាំង ធីណា មានប្រសាសន៍ថា៖ “ក្នុងនាមជាគ្រូបង្រៀន ត្រូវមានវិធានការដោះស្រាយបញ្ហានេះដោយ ពន្យល់ប្រាប់សិស្សពីឥទ្ធិពលមិនល្អពីការប្រើប្រាស់ទូរសព្ទទៅដល់សិស្ស និងផ្សព្វផ្សាយទៅដល់អាណាព្យាបាលឱ្យបានដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់ទូរសព្ទលើសកម្រិតដូចគ្នា”។

យោង​តាម​ការសិក្សាស្រាវជ្រាវមួយចំនួន​បាន​បង្ហាញ​ថា ​ទម្លាប់​មើល​ទូរសព្ទ​ច្រើនហួសហេតុ ​គឺ​វា​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដំណេក ​ដូច​ជា​ការ​ដេក​មិន​លក់​ ជា​ពិសេស​​គឺ​នឹង​បង្ក​​​ផល​ប៉ះ​ពាល់​ធ្ងន់​ដល់​ភ្នែក​។ ជា​មួយ​គ្នា​នេះ​ ពន្លឺភ្លើងទូរសព្ទ​ ​គឺ​វា​បាន​បង្ក​បញ្ហា​ទៅ​លើ​សុខភាព​រាង​កាយ​ និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ការ​ធ្លាក់​ចុះ​សមត្ថភាព​ភ្នែក ព្រមទាំងមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​មហារីក៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច១៩ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៥ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

Sokha Hotels

ព័ត៌មានពេញនិយម